សិង្ហបុរី៖ ការមើលថែរក្សាកូនតូចៗវាជារឿងមួយដែលលំបាកបំផុត ព្រោះវាតម្រូវឲ្យឪពុកម្តាយ ក៏ដូចជាអ្នកមើលថែត្រូវយកចិត្តទុកដាក់និងមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ដើម្បីធានាបានថា កូនរបស់លោកអ្នកមានសុវត្ថិភាព។ ប្រសិនបើឪពុកម្តាយ ឬអ្នកមើលថែក្មេងៗមានការធ្វេសប្រហែសតែបន្តិចនោះ វានឹងធ្វើឲ្យមានហេតុការណ៍សោកនាដកម្មកើតឡើងភ្លាម។

ជាក់ស្តែងដូចជាឪពុកជនជាតិសិង្ហបុរីម្នាក់ឈ្មោះ Nurraishah Mahzan មានអាយុ ៣១ឆ្នាំ បានធ្វេសប្រហែសបន្តិចប៉ុណ្ណោះ តែធ្វើឲ្យកូនស្រីឈ្មោះ Reyhana Qailah Mohamad ដែលទើបតែមានអាយុ ៣ខែ ​ស្លាប់ភ្លាមៗ ដោយសារឈ្លក់ទឹកដោះគោ។

មូលហេតុដែលបណ្តាលឲ្យកើតមានករណីដ៏ទុក្ខសោកនេះកើតឡើងព្រោះ ឪពុកម្នាក់នេះ បានប្រើប្រាស់ដៃម្ខាងរបស់ខ្លួនកាន់ដបទឹកដោះគោដើម្បីបំបៅកូន រីឯដៃម្ខាងទៀតនិងភ្នែក រវល់ផ្តោតអារម្មណ៍ទៅលើការលេងហ្គេមនៅលើទូរស័ព្ទដៃ។ ខណៈពេលដែលកំពុងតែបំបោះទឹកដោះគោ កូនស្រីនោះបានយំហើយយកអណ្តាតទល់ និងរុញក្បាលដោះចេញពីមាត់ ក៏ប៉ុន្តែឪពុកម្នាក់នោះបែរជាមិនចាប់អារម្មណ៍ ហើយថែមទាំងញាត់ក្បាលដោះចូលទៅក្នុងមាត់របស់កូនថែមទៀត ព្រោះតែខ្លួនជក់នឹងការលេងហ្គេម។ ពីរនាទីក្រោយមក កូនស្រីដ៏កំសត់នោះបានស្ងាត់សំលេង ហើយលេងកម្រើកខ្លួនតែម្តង។

នៅពេលដែលបុរសជាឪពុកដ៏គម្រក់នោះ បានឃើញកូនធ្លាក់ក្នុងសភាពបែបនេះហើយ រូបគេមិនបានយកកូនស្រីខ្លួនទៅមន្ទីពេទ្យដើម្បីសង្គ្រោះទេ តែផ្ទុយទៅវិញគេបានដាក់នាងនៅកន្លែងគេងធ្វើដូចធម្មតាវិញ ព្រោះមិនចង់ឲ្យនរណាដឹងថាខ្លួនជាអ្នកប្រព្រឹត្ត។

បន្ទាប់មក ជីតារបស់ក្មេងស្រីនោះបានមកដល់ ហើយបានឃើញចៅស្រីរបស់ខ្លួនលែងដកដង្ហើម តែជីពចរនៅមាន។ នៅពេលដែលគាត់ឃើញបែបនេះគាត់បានស្ទុះមកសង្គ្រោះបឋម ដោយការធ្វើចលនាបេះដូង រួចក៏បញ្ចូននាងទៅកាន់មន្ទីពេទ្យដើម្បីជួយសង្គ្រោះជីវិត ព្រោះស្ថានភាពហាក់ដូចជាពិបាកខ្លាំង។

គួរឲ្យសោកស្តាយ នៅពេលដែលទៅដល់មន្ទីពេទ្យ ក្រុមគ្រូពេទ្យមិនអាចជួយនាងបានឡើយ ព្រោះស្ថានភាពរបស់ក្មេងស្រីរងគ្រោះ មានសភាពទន់ខ្សោយពេក ដែលមិនអាចជួយបានទាន់ពេល។ នៅទីបំផុតនាងក៏បានលាចាកលោកទាំងដែលមានអាយុទើបតែ ៣ខែ ប៉ុណ្ណោះ។

នៅពេលដែលបានដឹងថាមានករណីនេះកើតឡើងភ្លាម ប៉ូលិសបានបើកការស៊ើបអង្កេតមួយ រហូតឈានទៅដល់ការប្រមូលបានភស្តុតាង ហើយធ្វើការចោទប្រកាន់ឪពុកដ៏អប្រិយនោះថាជាឃាតករធ្វើឲ្យកូនស្រីខ្លួនស្លាប់។

នៅចំពោះមុខតុលាការ Nurraishah Mahzan ដែលត្រូវជាឪពុកក្មេងស្រីដ៏កំសត់នោះបានសារភាពថា ខ្លួនពិតជាបានធ្វើឲ្យកូនស្រីរបស់ខ្លួនឈ្លក់ទឹកដោះគោស្លាប់មែន ព្រោះរវល់ជក់ចិត្តនឹងការលេងហ្គេមនៅលើទូរស័ព្ទដៃ។

បន្ទាប់ពីទទួលបានចម្លើយសារភាពនេះហើយ តុលាការបានសម្រចកាត់ទោសឲ្យឪពុកគ្មានទំនួលខុសត្រូវរូបនេះជាប់ពន្ធធនាគារចំនួន ៦ខែ។

គួររម្លឹកផងដែរថា ហេតុការណ៍មួយនេះបានកើតឡើងកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៥។ ក៏ប៉ុន្តែតុលាារទើបតែធ្វើសេចក្តីសម្រេចចុងក្រោយ ដោយធ្វើការចោទប្រកាន់ឪពុកអប្រិយនោះយ៉ាងពេញលេញនៅក្នុងពេលថ្មីៗនេះប៉ុណ្ណោះ៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]