កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូងកំពុងតែប្រកាសអាសន្ន ឲ្យប្រជាពលរដ្ឋខ្លួនមានការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីរកឃើញថា មានការផ្ទុះឡើងនូវវីរុស H5N6 (ផ្តាសាយបក្សី) កម្រិតធ្ងន់ នៅតំបន់ភាគនិរតីនៃប្រទេស ដែលជាបញ្ហាមួយគួរឲ្យព្រួយបារម្ភយ៉ាងខ្លាំង។

វីរុស H5N6 នេះត្រូវបានគេរកឃើញ កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ នៅកសិដ្ឋានចិញ្ចឹមសត្វមួយកន្លែងស្ថិតក្នុងតំបន់ Gochang ដែលមានចម្ងាយជាង ២៧០គីឡូម៉ែត្រ ពីភាគនិរតីនៃទីក្រុងសេអ៊ូល។ ក្នុងនោះសត្វទាប្រមាណជាង ១២,០០០ក្បាលក្នុងកសិដ្ឋាន ត្រូវបានរកឃើញថាមានផ្ទុកជំងឺ។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ក្រសួងកសិកម្មក្នុងប្រទេស បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់មួយ នៅព្រឹកថ្ងៃបន្ទាប់ថា (ថ្ងៃអាទិត្យ ទី១៩ វិច្ឆិកា) សត្វទារស់រកឃើញថា មានផ្ទុកជំងឺទាំងអស់នោះ ត្រូវបានក្រុមមន្រ្តីជំនាញប្រមូលយកទៅសម្លាប់ចោលផងដែរ។

បន្ថែមលើនេះ ខាងក្រសួងក៏បានចេញវិធានការ បាញ់ថ្នាំកម្ចាត់មេរោគនេះ នៅតាមតំបន់មួយចំនួនក្នុងប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគ និងហាមឃាត់មិនឲ្យមានការដឹកជញ្ជូន និងចែកចាយលក់សព្វសត្វបក្សីទាំងអស់នៅទូទាំងប្រទេស ក្នុងរយៈពេល៤៨ម៉ោង (២ថ្ងៃ) ដោយគិតចាប់ពីពាក់កណ្តាលរាត្រីយប់ថ្ងៃអាទិត្យតទៅ។

ក្រសួងកសិកម្មបានអះអាងថា នេះគឺជាការផ្ទុះ (វីរុស H5N6) ឡើងដ៏ធំមួយ និងជាលើកដំបូងបំផុតក្នុងប្រទេស បើរាប់គិតតាំងពីខែមិថុនាឆ្នាំនេះ។

គួរឲ្យដឹងផងដែរថា ជំងឺផ្តាសាយបក្សី តែងកើតមានជាញឹកញាប់នៅកំឡុងរដូវរងា។ ហើយប្រទេសកូរ៉េខាងត្បូង ត្រូវបានគេរាយការណ៍ថា តែងទទួលរងវឥទ្ធិពលអាក្រក់ពីជំងឺនេះ តាំងតែពីចុងឆ្នាំមុន រហូតមកដល់ត្រឹមពាក់ខែនាឆ្នាំ២០១៧នេះ ខណៈឯការចរាចរណ៍លក់សត្វស្លាបចេញពីកសិដ្ឋាន រួមទាំងស៊ុតទាំងឡាយ ក៏ត្រូវបានធ្វើការហាមខាតនៅទូទាំងប្រទេសផងដែរ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី តាមរបាយការណ៍មិនបានបង្ហាញថា មានមនុស្សស្លាប់ដោយសារតែ ការឆ្លងនូវវីរុសប្រភេទនេះឡើយ ៕  

រូបភាពតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]