រាជធានីភ្នំពេញ ៖ យុវជនពីរនាក់ជិះម៉ូតូមួយគ្រឿង ទៅទិញប្រហិតចៀន បានជួបនឹងនារីម្នាក់កំពុងតែទិញដែរ ក៏បាននិយាយញ៉ែញ៉ងពីរបីម៉ាត់ បែរជានារីរូបនេះជិះម៉ូតូទៅហៅកប្ខពួកប្រុសៗប្រាំនាក់មកដេញវាយ បណ្តាលឲ្យយុវជនទាំងពីររត់ចូលទឹកទន្លេម្នាក់ និងម្នាក់ទៀតរត់ចោលម៉ូតូបាតជើងសព្រាត ហេតុការណ៍នេះកើតហេតុឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ត្រង់ចំណុចខាងត្បូងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ ៥០០ម៉ែត្រ តាមបណ្តោយផ្លូវជាប់មាត់ទន្លេត្រើយខាងកើត ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។
បើតាមសម្តីពីយុវជនរងគ្រោះទាំងពីរនាក់ បានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគេទាំងពីរនាក់បានជិះម៉ូតូមួយគ្រឿងម៉ាក Today ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១GA-៥៦៨៧ មកទិញប្រហិតចៀននៅត្រង់ចំណុចកើតហេតុខាងលើ ហើយក៏បានជួបនឹងនារីម្នាក់ដែលកំពុងតែទិញប្រហិតចៀននៅកន្លែងកើតហេតុដែរ ។
ខណៈពេលនោះ យុវជនរងគ្រោះទាំងពីរនាក់បានសួរទៅនារីរូបនោះថា អូនទិញអីគេ ស្រាប់តែនារីរូបនោះបានឆ្លើយមកវិញថា ពួកហ៊ែងចាំមើលទៅ រួចហើយនាងបានជិះម៉ូតូចេញទៅបាត់ ស្រាប់តែមួយសន្ទុះក្រោយមក ក៏មានយុវជនបង្កមួយក្រុមមានគ្នាប្រាំនាក់ជិះម៉ូតូពីរគ្រឿង មិនចាំម៉ាក បានជិះមកឈប់ក្បែរយុវជនរងគ្រោះ ហើយក៏សួរទៅយុវជនរងគ្រោះថា មិញពួកហ៊ែងនិយាយស្អី ភ្លាមៗនោះជនបង្កទាំងប្រាំនាក់ បានធ្វើសកម្មភាពវាយទៅលើយុវជនរងគ្រោះ បណ្តាលឲ្យយុវជនរងគ្រោះម្នាក់ភ័យរត់ទៅលោតចូលទឹកទន្លេ ឬឯម្នាក់ទៀតរត់ចោលម៉ូតូបាតជើងសព្រាត ។ បន្ទាប់មកយុវជនបង្កទាំងនោះបានលើជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព ។
ក្រោយពេលកើតហេតុ សមត្ថកិចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ ហើយបាននាំយុវជនរងគ្រោះទាំងពីរនាក់ ទៅសួរនាំ និងដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]