ភ្នំពេញ៖ ខែ្សបម្រើការពារ ធារី ចន្ថាប៊ីន បានសម្ដែងការសោកស្ដាយ អំពីការចាកចេញរបស់លោក Leonardo Vitorino ពីតំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា កាលពីម្សិលមិញ ហើយលោកក៏បានថ្លែងអំណរគុណដល់អ្នកចាត់ការសញ្ជាតិប្រេស៊ីល ដែលខិតខំជួយក្រុមក្នុងពេលកន្លងមកនេះ។ 

ធារី ចន្ថាប៊ីន

Leonardo ត្រូវបានសហព័ន្ធបាល់ទាត់កម្ពុជា តែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា កាលពីដើមឆ្នាំ២០១៧ ជាមួយនឹងកុងត្រារយៈពេល១ឆ្នាំ ប៉ុន្ដែទំនាក់ទំនងរបស់លោក និងក្រុមជម្រើសជាតិ ត្រូវបានបញ្ចប់ត្រឹមនេះ ក្រោយដឹកនាំក្រុម៧ប្រកួត ឈ្នះត្រឹម១ និងចាញ់ដល់ទៅ៦ប្រកួត។

សហព័ន្ធបាល់ទាត់កម្ពុជា បានបញ្ចេញនូវលិខិតមួយ ជុំវិញការបញ្ចប់កុងត្រារបស់គ្រូបង្វឹកវ័យ៤៣ឆ្នាំ កាលពីរសៀលម្សិលមិញ ក្រោយរយៈពេល១១ថៃ្ង ពេលដែលកម្ពុជា ចាញ់វៀតណាម ៥-០ ក្នុងការប្រកួតជម្រុះពានរង្វាន់ AFC Asian Cup។

ធារី ចន្ថាប៊ីន បានប្រាប់ដល់ទំព័រ TheMorning ថា៖ «ជាដំបូង ខ្ញុំសូមថែ្លងអំណរគុណដល់ Leonardo និងគ្រូជំនួយទាំង២របស់លោក ដែលបានខិតខំជួយដល់បាល់ទាត់កម្ពុជា អស់ពីសមត្ថភាព។ ខ្ញុំពិតជាសោកស្ដាយ ដោយសារខ្ញុំដឹងថា ពួកគេបានខិតខំអស់ពីសមត្ថភាពរបស់ពួកគេ ប៉ុន្ដែយើងមិនអាចទទួលបាននូវលទ្ធផលដែលយើងចង់បាន»។

ធារី បន្ថែមចុងក្រោយថា៖ «ខ្ញុំសូមជូនពរពួកគេ ឲ្យជួបតែសំណាងល្អ និងជោគជ័យក្នុងអាជីពរបស់ពួកគេ»៕  

ធារី ចន្ថាប៊ីន
លោក Leonardo Vitorino
លោក Leonardo Vitorino

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]