អាការនៃការចាញ់កូនរបស់ស្រ្តីមានផ្ទៃពោះ គឺមានច្រើនបែបយ៉ាងផ្សេងៗពីគ្នា ពិសេសគឺក្នុងរយៈពេល៣ខែដំបូង។ ហើយសម្រាប់អ្នកម្តាយ ដែលទើបតែមានផ្ទៃពោះកូនជាលើកទី១ អាចត្រូវប្រឈមមុខនឹងអាការចាញ់កូនយ៉ាងខ្លាំង។ 

ដូច្នេះប្រសិនបើអ្នកកំពុងរក វិធីកាត់បន្ថយអាការនៃការចាញ់កូនយ៉ាងខ្លាំងនោះ អ្នកអាចសាកល្បងធ្វើតាមវិធីទាំង ៧ នេះបាន៖

១) រៀបចំអាហារទទួលទានឱ្យបានត្រឹមត្រូវ៖ អ្នកអាចផ្លាស់ប្តូរការទទួលទានអាហារដោយចាប់ផ្តើមញ៉ាំម្តងបន្តិចៗ ប៉ុន្តែឱ្យបានញឹកញាប់ ជាជាងការទទួលទានអាហារច្រើនៗក្នុងមួយពេល។ គួរបែងចែកអាហារដាក់ជាចានតូចៗ សម្រាប់ទទួលទានម្តងមួយពេលៗ។ លើសពីនេះអ្នកគួរតែជ្រើសរើសអាហារណា ដែលងាយរំលាយដូចជា ផ្លែឈើ និងបន្លែដែលសម្បូរទៅដោយកាបូអ៊ីដ្រាតដើម្បីផ្តល់ថាមពលគ្រប់គ្រាន់។ ហើយគួរតែចៀសវាងភេសជ្ជៈ ឬអាហារផ្អាប់ ដែលអាចបង្កឱ្យមានឧស្ម័ននៅក្នុងក្រពះ ធ្វើឱ្យមានអារម្មណ៍ថាចង់ក្អួតបានយ៉ាងងាយ។ 

គួរបែងចែកអាហារដាក់ជាចានតូចៗ សម្រាប់ទទួលទានម្តងមួយពេលៗ

២) ភ្ញាក់ពីគេងហើយ មិនគួរក្រោកចេញពីលើគ្រែភ្លាមៗនោះទេ៖ នៅពេលព្រឹកដែលក្រោកពីគេង មិនគួរក្រោកពីគ្រែភ្លាមៗទេ គួរសម្រាកបន្តឱ្យបានប្រហែលពី ១៥-២០ នាទីទៀត សឹមក្រោកចេញពីគ្រែទៅធ្វើរឿងផ្ទាល់ខ្លួនតាមទម្លាប់ធម្មតា។ ប្រសិនបើអ្នកក្រោកពីគេង រួចឆាប់ក្រោកចេញពីគ្រែភ្លាមៗនោះ វាអាចនឹងបណ្តាលឱ្យ វិលមុខ ឈឺក្បាល ងាយនឹងក្អួតចង្អោរបាន។

ភ្ញាក់ហើយមិនគួរក្រោកចេញពីលើគ្រែភ្លាមៗនោះទេ គួរសម្រាកបន្តឱ្យបានប្រហែលពី១៥-២០នាទីទៀត សឹមក្រោកចេញពីគ្រែ

៣) ទទួលទាននំប៉័ងបន្ទាប់ក្រោយភ្ញាក់ពីគេងរាល់ព្រឹក៖ បន្ទាប់ពីភ្ញាក់ដឹងខ្លួនជារៀងរាល់ព្រឹក ខណៈពេលកំពុងរង់ចាំដើម្បីក្រោកពីគ្រែទៅធ្វើសកម្មភាពផ្សេងៗ អ្នកគួរតែញ៉ាំអាហារសម្រន់ដូចជា នំ Cookie នំប្រៃ ឬនំប៉័ង ឱ្យបាន ២-៣ ចំណិត ហើយគេងបន្តមួយសន្ទុះទៀត។ វិធីនេះនឹងជួយកាត់បន្ថយការចាញ់កូន នៅពេលព្រឹកនៅពេលព្រឹកបានយ៉ាងល្អ។

៤) បន្ទាប់ពីទទួលទានអាហាររួច កុំគេងភ្លាមៗ៖ បន្ទាប់ពីបរិភោគមិនថាពេលណាក៏ដោយ អ្នកមិនគួរដាក់ខ្លួនគេងភ្លាមៗទេទោះអស់កម្លាំងយ៉ាងណាក៏ដោយ ព្រោះវានឹងអាចធ្វើឱ្យក្អួតបានយ៉ាងងាយ។ យកល្អគួរដើរទៅមកថ្នមៗ ដើម្បីជម្រុញការរំលាយអាហារឱ្យកាន់តែប្រសើរ ឬអ្នកអាចអង្គុយសម្រាកប្រហែលពី៣០នាទី ទៅ១ម៉ោង ដើម្បីឱ្យអាហាររំលាយល្អប្រសើរជាមុនសិន។

៥) ផឹកទឹកខ្ញីជាប្រចាំ៖ ទឹកខ្ញីក្តៅឧណ្ហៗ គឺជាភេសជ្ជៈដែលអាចជួយបំបាត់ការឈឺចាប់ ឬចាញ់កូនបានយ៉ាងល្អ។ ដូច្នេះអ្នកម្តាយគួរផឹកទឹកខ្ញីរឿយៗ ព្រោះវាក៏អាចជួយបន្ថយជាតិឧស្ម័ននៅក្នុងក្រពះ ជួយឱ្យដើរខ្យល់ស្រួល។  

ផឹកទឹកខ្ញីជាប្រចាំ

៦) បរិភោគអាហារខ្លះមុនពេលចូលគេង៖ ណែនាំឱ្យអ្នកគួរញ៉ាំទឹកដោះគោ ឬយ៉ាអួ មុនពេលចូលគេង ព្រោះអាហារទាំងនេះនឹងធ្វើឱ្យអ្នកក្រោកមកមានអារម្មណ៍ថាចាញ់កូនតិចតួច។

៧) លេបថ្នាំចាញ់កូន៖ ក្នុងករណីដែលម្តាយមានអាការចាញ់កូនខ្លាំង គួរទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត ព្រោះបច្ចុប្បន្នមានថ្នាំជាច្រើនប្រភេទដែលអាចជួយបន្ថយអាការចាញ់កូនបាន៕

ក្នុងករណីដែលម្តាយមានអាការចាញ់កូនខ្លាំង គួរទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]