(ភ្នំពេញ)៖ មានទស្សនិកជនមិនតិចទេ ដែលបានដឹងពីសមត្ថភាពពិតរបស់កវីតូច ដែលឈ្មោះពេញហៅថា ពេជ្រ ថៃ ដែលត្រូវជាកូនក្រុមរបស់លោក ព្រាប សុវត្ថិ ក្នុងកម្មវិធីប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោក «THE VOICE KIDS CAMBODIA» រដូវកាលទី ១។ ដោយសារទឹកដមសំនៀង និងកាយវិការប្រកបដោយសិល្បៈនោះ កុមារា ពេជ្រ ថៃ ត្រូវបានមហាជនជាច្រើន បោះឆ្នោតឲ្យបានជាប់វគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ ដោយការផ្ញើសារគាំទ្រពីទស្សនិកជន យ៉ាងច្រើនផងនោះ។ ស្របពេលជាមួយគ្នានេះដែរ មានមតិមួយចំនួន បានបញ្ចេញប្រតិកម្ម ទៅលើការជាប់របស់កុមារា ពេជ្រ ថៃ ថាមិនមានសមត្ថភាពគ្រប់គ្រាន់ ខណៈលោក លី ស៊ីនហួន ជាអ្នកនិពន្ធបទចម្រៀងល្បីៗ ជាច្រើន ក៏បានចេញមុខភ្លាមៗ មកបកស្រាយឲ្យអ្នកដែលមានការប្រតិកម្ម បានអស់ចម្ងល់។

ដោយក្នុងនោះ អ្នកនិពន្ធបទចម្រៀង លោក លី ស៊ីនហួន បានសរសេរក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួន របស់លោកថា «យល់ពាក្យសិល្បៈសិនទៅ សិល្បៈមានគ្រប់បែបគ្រប់រសជាតិ ដើម្បីកំដរអារម្មណ៍ទស្សនិកជន។ ការប្រឡងយកសំឡេងមែន តែត្រូវមានសមត្ថភាពទេពកោសល្យភាពវៃឆ្លាត ចរិតនិស្ស័យល្អ ចំណេះដឹងទូទៅ និង ក្លាហានផង ទើបសមនឹងបានកាន់ពានហ្នឹងបាន។ ប្អូនៗទាំងអស់សុទ្ធសឹងតែមានចំណុចល្អ ទើបឆ្លងមកដល់វគ្គនេះបាន តែអ្នកមើលខ្លះ មិនទាន់ពីសិល្បៈ និង ការប្រឡងនោះទេ ហើយថែមទាំងយកប្អូនបូរី មកវាយប្រហារ ពេជ្រថៃ រួមទាំងត្រួតគ្នារិះគន់កូនក្មេងអាយុ១២ឆ្នាំ ទៅវិញ។ ខ្ញុំសួរថា តើមានក្មេងប៉ុន្មាននាក់ ដែលឆ្លាតវៃហើយមានសមត្ថភាព ទេពកោសល្យ និង ចេះគោរពចាស់ទំទៀតនោះ? បើនិយាយពីក្មេងច្រៀងពីរោះ មិនខ្វះទេ តែគាត់ខ្វះអ្វីៗជាច្រើន ដូចជាអន់កាយវិការ ហើយបទចម្រៀងនិងទឹកមុខ មិនស៊ីគ្នាច្រៀងខុសភ្លេងជាដើម។ សូមកុំយក អឿម រុន មកប្រៀបនឹង ពេជ្រថៃ អី ព្រោះ ពេជ្រថៃ ខ្លួនគេពោរពេញទៅដោយសិល្បៈ ដែលក្មេងៗជាច្រើនពិបាក នឹងធ្វើតាមបាន។ ខ្ញុំទ្រាំយូរហើយ តែឃើញគេនាំគ្នាធ្វើបាប ពេជ្រ ថៃ ពេក ទើបខ្ញុំសុំចេញមតិទស្សនៈ ខ្លះទៅ»

លោក លី ស៊ីនហួន សរសេរបន្ថែមថា «សិល្បៈគឺការទាក់ទាញ និង ថ្នមលួងលោម សម្បូរអ្នកថា the voice គេយកតែសំឡេងទេ ដូច្នេះកម្មវិធីលើកក្រោយៗ នឹងចាក់ផ្សាយតាមវិទ្យុម្តងហើយ ដើម្បីកុំឲ្យខាតថ្លៃបញ្ចេញទឹកមុខ កាយវិការ និង សម្លៀកបំពាក់ទៀត។ ទស្សនិកជនអាចតាមដានមើលមុខតារាៗបាន តាមកញ្ចក់វិទ្យុសំបុកស៊ីជោរបាន។ ក្មេងៗគ្នានៅមានឱកាសច្រើន សូមកុំថាគេអន់អី ទោះបីគ្នាធ្លាក់ ឬមិនទាន់ដណ្តើមបានពានក៏ដោយ ក៏យើងត្រូវលើកទឹកចិត្តគ្នាផង។ រឿងប្រឡងច្រើនវគ្គបទចម្រៀង ច្រើនចង្វាក់ច្រើនរសជាតិ ទើបយើងមិនដឹងថា អ្នកធ្លាក់ដោយសារអ្វីនោះទេ ព្រោះប្អូនខ្លះសំឡេងល្អ តែច្រៀងខុសភ្លេង ឬសំឡេងគាំទ្រតិចក៏អាចមានដែរ»

គួរបញ្ជាក់ថា ការដែលលោក លី ស៊ីនហួន ទម្លាយសារក្នុងចិត្តដល់សាធារណជន តាមរយៈបង្ហោះលើហ្វេសប៊ុកបែបនេះ គឺក្រោយពេលដែលមានមហាជនជាច្រើន ផ្ទុះការរិះគន់លើកុមារា កុមារី ក្នុងកម្ម «THE VOICE KIDS CAMBODIA» ដោយអ្នករិះគន់ភាគច្រើន សុទ្ធសឹងតែមិនបានដឹងពីអ្វីជាសិល្បៈ ពិតប្រាកដ ជាពិសេសរិះគន់ដល់ កុមារា ពេជ្រ ថៃ តែម្ដង៕

អ្នកនិពន្ធបទ «មាតាដៃ១០០» លោក លី ស៊ីនហួន ចេញ​សារ​ប្រតិកម្ម​​​ដល់​មនុស្ស​មួយចំនួន​ តាំង​ខ្លួន​ជា​អ្នក​ចេះដឹង ​រិះគន់​ដល់​ ពេជ្រ ថៃ
ប្អូនប្រុស ពេជ្រ ថៃ
អ្នកនិពន្ធបទចម្រៀង លោក លី ស៊ីនហួន
អ្នកនិពន្ធបទចម្រៀង លោក លី ស៊ីនហួន
អ្នកនិពន្ធបទចម្រៀង លោក លី ស៊ីនហួន
អ្នកនិពន្ធបទចម្រៀង លោក លី ស៊ីនហួន

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ ថៃ