ខ្សែភាពយន្តភាគហុងកុង ចំនួន២ ដែលបង្ហាញពីសម័យកាលផ្សេងៗគ្នា នឹងមានវត្តមានក្នុងថ្ងៃតែមួយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន។

ខ្សែភាពយន្តទាំង២ មានដូចជារឿង «ស្នេហានារី Office សម័យថ្មី» និងរឿងភាគហុងកុងបែបបុរាណ ដែលល្បីល្បាញកាលពីជាងដប់ឆ្នាំមុន «ទេវបុត្រណាចា»។ ខ្សែភាពយន្តភាគហុងកុងទាំង ២នេះ បានប្រមូលផ្តុំសុទ្ធតែតារាជើងចាស់ និងជើងថ្មីល្បីៗជាច្រើនរូប។

«ស្នេហានារី Office សម័យថ្មី» ចូលរួមសម្តែងដោយ Jessica Hsuan (Molly) , Natalie Tong (Cherry) , Frankie Lam (Gordon) , Vincent Wong (Saving), រួមនិងតារាល្បីៗជាច្រើនផ្សេងទៀត ដែលពួកគេនឹងចាប់ដៃគ្នាបង្កើតឈុតឆាកប្លែកៗជាច្រើន ក្នុងរឿងមួយនេះ។ រឿងនេះ គឺជារឿងដែលល្បីល្បាញខ្លាំង នាដើមឆ្នាំ២០១៧នេះ រហូតត្រូវបានទូរទស្សន៍ក្រៅស្រុកទិញសិទ្ធយកទៅចាក់ផ្សាយដូចជា៖ ប្រទេសព្រុយណេ សិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី រួមទាំងនៅប្រទេសកម្ពុជា លើកញ្ចក់ទូរទស្សន៍ភីអិនអិន នាពេលឆាប់ៗនេះ។

«ស្នេហានារី Office សម័យថ្មី» គឺជាភាពយន្តដែលបង្ហាញពីស្រី្តដែលពោរពេញទៅដោយភាពអង់អាច រឹងមាំ និងភាពជាអ្នកដឹកនាំនៅក្នុងក្រុមហ៊ុនដ៏ធំ ដោយមិនចេះធ្វើម្ញិកម៉្ញក់ គិតខ្វាយខ្វល់ពីរឿងគូស្រករ ឬស្នេហាអ្វីទាំងអស់។

តើពួកគេនឹងមានអ្នកដែលអាចយកឈ្នះចិត្ត និងបេះដូងបានដែរទេ? ទាំងអស់នេះ នឹងលាតត្រដាងទាំងស្រុងក្នុងរឿង «ស្នេហានារី Office សម័យថ្មី»។  

រឿង «ស្នេហានារី Office សម័យថ្មី»

ទស្សនាឈុតខ្លីខាងក្រោមរឿង «ស្នេហានារី Office សម័យថ្មី»៖

ដោយឡែក ខ្សែភាពយន្តភាគហុងកុងបែបបុរាណរឿង «ទេវបុត្រណាចា» ដែលប្រិយមិត្តជាច្រើនធ្លាប់បានទស្សនា និងទទួលស្គាល់ថា ជារឿងភាគដែលល្អមើល ទាំងសាច់រឿង និងការសម្តែង នឹងវិលមកជួបប្រិយមិត្តសារជាថ្មី នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន។

រឿងនេះចូលរួមសម្តែងដោយ Benny Chan (Na-tsa), Chin Kar-lok (Yeung Jin) Irene Wan (So Dan-kei) រួមនិងតារាល្បីៗជាច្រើនរូបទៀត។ «ទេវបុត្រណាចា» គឺជារឿងដែលនិយាយ ពីកុមារទេពម្នាក់ ដែលត្រូវបណ្តាសារពីព្រះនាងគង់ស៊ីអ៊ីម ឲ្យមកកើតជាមួយនឹងម្តាយ ដែលជាប្រពន្ធមេទ័ព នៅឋានកណ្តាល។ ណាចា ត្រូវបានក្រុមគ្រួសារឪពុកស្អប់ខ្ពើម ដោយសារតែម្តាយគេត្រូវពរពោះដល់ទៅជាង ៣ឆ្នាំ ទើបកើតគេចេញមក។ តាមពិតណាចា ជាមនុស្សធម្មតា ប៉ុន្តែមានវេទមន្តពិសេស ដោយគេអាចជិះកងភ្លើង ហោះហើរ និងប្រើយុទ្ធសិល្ប៍បាន។ ណាចា ក៏មានមិត្តក្តិជិតស្និទ្ធ ២នាក់ផ្សេងទៀត ដែលសុទ្ធតែជាមនុស្សដែលគេមិនចូលចិត្ត ប៉ុន្តែពួកគេ ម្នាក់មានភ្នែក ៣ និងម្នាក់ទៀត មានស្លាបអាចហោះបានដែរ។ ៣នាក់ ណាចា និងមិត្តរបស់គេ តែងតែត្រូវគេធ្វើបាបជាប្រចាំ ប៉ុន្តែពេលមួយ ពួកគេបានធ្វើរឿងយ៉ាងអស្ចារ្យ ដោយអាចកម្ចាស់បីសាចចចក ស៊ូតាជី ដែលបន្លំខ្លួនជាស្រីស្អាត ធ្វើជាស្នំឯករបស់ស្តេច។ 

ទោះជាបែបណាជីវិតរបស់ពួកគេទាំងបីតែងតែជួបឧបសគ្គជានិច្ច ប៉ុន្តែពួកគេទាំង ៣ ត្រូវតស៊ូគ្រប់បែបយ៉ាង រហូតដល់ឈ្នះចិត្តព្រះម៉ែគង់ស៊ីអ៊ីម ហើយត្រូវបានតែងតាំងឲ្យក្លាយជាទេវតាវិញ។ តើណាចា បានប្រឹងប្រែងបែបណាខ្លះនៅឋានមនុស្ស ទើបអាចក្លាយជាទេវតា មានឈ្មោះល្បីក្នុងប្រទេសចិន ដល់សព្វថ្ងៃ?

សូមកុំភ្លេចរង់ចាំតាមដានទស្សនាខ្សែភាពយន្តទាំង ២ខាងលើនេះ នាពេលឆាប់ៗខាងមុខ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕ 

រឿង «ទេវបុត្រណាចា»

ទស្សនាឈុតខ្លីខាងក្រោម រឿង «ទេវបុត្រណាចា»៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]