រាជធានីភ្នំពេញ ៖ កម្មកររោងចក្រម្នាក់របួស២កាំបិត និង២នាក់ទៀតរត់ដួលរបួសស្រាល ខណៈទៅហូបសាច់អាំង និយាយលែបខាយដាក់អ្នកលក់ត្រូវសាច់ញាតិ កាប់២កាំបិតបុ័ងតោនាំគ្នារត់គេចបាតជើងសព្រាត ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៧ និង ៣០នាទីយប់ថ្ងៃទី ២៩ តុលា នៅតាមផ្លូវជាតិលេខ៤ មុខកន្លែងលក់សាច់អាំងព្រៃឡឹង ស្ថិតក្នុងភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។

តាមការបង្ហើបពីឈ្មោះពៅ សារឿន ភេទប្រុស អាយុ២១ឆ្នាំ ជាកម្មករសំណង់ រងរបួសស្រាល ខណៈពេលរត់គេចដួលរលាត់ដៃជើង ឱ្យដឹងថា មុនពេលកើតហេតុខ្លួន និងមិត្តភក្តិ២នាក់ទៀត ម្នាក់អត់ស្គាល់ឈ្មោះរបួសស្រាលដែរ និងម្នាក់ទៀតរងរបួសធ្ងន់ឈ្មោះខាន់ សុផល ភេទប្រុស អាយុ២៣ឆ្នាំ ជាកម្មកររោងចក្រកាត់ដេរ ត្រូវជនបង្កកាប់មួយកាំបិតចំក្បាលលើត្រចៀកខាងឆ្វេង និងមួយកាំបិតទៀតរបួសដៃឆ្វេង ស្នាក់នៅភូមិត្រពាំងពោធិ៍ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ជាមួយគ្នាបាននាំគ្នាទៅហូបសាច់អាំង ហើយឈ្មោះខាន់ សុផល បាននិយាយលែបខាយលេងសើចដាក់អ្នកលក់ ។ លុះពេលហូបរួចរាល់ហើយបានហៅគិតលុយ ស្រាប់តែខាន់ សុផល ដើរទៅបន្ទប់ទឹក ក៏ត្រូវជនបង្កមានគ្នា៣នាក់ យកកាំបិតបុ័ងតោរបស់អ្នកលក់ដេញកាប់តែម្តង។

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]