** ប្រលោមលោកខ្មែរឡូត **

« អូនត្រូវរៀបការជាមួយគេ ព្រោះគេជាអ្នកមានគុណចំពោះគ្រួសាររបស់អូន»

ខ្ញុំនិងសង្សារបានឱបគ្នាយំយ៉ាងកម្សត់។ វាជាការជួបគ្នា និងឱបគ្នាជាលើកចុងក្រោយនៃជីវិតស្នេហា ៣ឆ្នាំរបស់ពួកយើង។ កាលពីប៉ុន្មានថ្ងៃមុនសម្តីចេញពីមាត់របស់អ្នកម្តាយជរារបស់ខ្ញុំធ្វើឱ្យចិត្តខ្ញុំតក់ស្លុត រលីងលោងទឹកភ្នែកទាំងក្តុកក្តួល។ គុណសងតាមគុណ ហេតុអ្វីត្រូវយកខ្ញុំជាកូនទៅសងគុណ? វាខុសអីពីលក់កូនស្រីទៅ? បើសិនជាកាលមុនទោះវាយខ្ញុំដល់ស្លាប់ក៏ខ្ញុំមិនព្រមដែរ តែជំងឺម្តាយរបស់ខ្ញុំធ្វើឱ្យខ្ញុំហាមាត់ប្រកែកមិនរួច។ ចង់សុំខាងប្រុសបដិសេធក៏មិនបាន ព្រោះគេធ្លាប់និយាយថាគេស្រលាញ់ខ្ញុំ និងសុខចិត្តរៀបការបើទោះបីជាខ្ញុំមិនមានចិត្តស្រលាញ់គេ ឬធ្លាប់មានប្រវត្តិមានសង្សារពីមុនយ៉ាងណាក៏ដោយ។អ្វីដែលគេនិយាយខ្ញុំនៅតែមិនយល់ថាវាជាសម្តីមនុស្សប្រុសស្មោះស្នេហ៍ ឬជាសម្តីចង់យកឈ្នះចិត្តខ្ញុំ? តែពេលនេះគេឈ្នះហើយ ឈ្នះគ្រប់យ៉ាងតែម្តង។

មុនរៀបការខ្ញុំបានតាំងចិត្តរួចហើយថាគេជាប្តី ជាម្ចាស់ជីវិតរបស់ខ្ញុំចាប់ពីវិនាទីតទៅ។ អ្វីៗខ្ញុំបានធ្វើចិត្តរួចរាល់អស់ហើយ ទោះជាការធ្វើចិត្តដោយត្រដាបត្រដួសក៏ដោយ តែដើម្បីអ្នកម្តាយខ្ញុំក៏យល់ព្រមលះបង់គ្រប់យ៉ាង។ ជីវិតរៀបការមិនមែនជារឿងបញ្ចប់ដោយរីករាយទេ តែវាជាការចាប់ផ្តើមនៃជីវិតដ៏ខ្មៅងងឹត។ ខ្ញុំធ្លាប់ឆ្ងល់ថាហេតុអ្វីឈុតរៀបការពិបាកស្លៀក និងមានទម្ងន់ធ្ងន់ខ្លាំងម្ល៉េះ។ តែការពិតដែលខ្ញុំទើបតែរកឃើញនោះ ជីវិតក្រោយរៀបការគឺធ្ងន់លើសពីទម្ងន់សំលៀកបំពាក់ទាំងនោះទៅទៀត។ សម្បកក្រៅមើលទៅមានសុភមង្គលណាស់ មានសេចក្តីសុខ ប៉ុន្តែបន្ទុក និងការមានទំនួលខុសត្រូវវាកាន់តែច្រើនឡើងៗ។ ចំណងប្រាំប្រការគឺជាពាក្យដែលគេនិយាយជំនួសឱ្យរឿងរ៉ាវចំណងអំបោះក្រហមដែលជំពាក់វាក់វិននឹងទំនួលខុសត្រូវទាំងនោះឯង។ ខ្ញុំធ្លាប់ជាក្មេងល្ងង់ និងមិនដឹងអី គិតថាការរៀបការជារឿងធម្មតានៃជីវិតមនុស្សម្នាក់ៗ។ តែវាមិនមែនទេ វាជាការហែលឆ្លងការលំបាកដ៏សែនតឹងតែងបំផុត និងជាវេលាពិសោធន៍ការអត់ធន់របស់មនុស្សយើងជាពិសេសគឺមនុស្សស្រីតែម្តង។

មនុស្សស្រីដែលធ្លាប់តែរស់នៅជាមួយឪពុកម្តាយ មនុស្សស្រីដែលធ្លាប់តែជាកូនស្រីដែលឪពុកម្តាយស្រលាញ់ថ្នាក់ថ្នម និងជាមនុស្សស្រីដែលមិនធ្លាប់ស្គាល់អ្វីជាសង្គមគ្រួសារ បានប្រែក្លាយជាមនុស្សស្រីដែលត្រូវរស់នៅមានគ្រួសារថ្មី និងត្រូវសម្របជាមួយសមាជិកថ្មី។ វាពិតជាពិបាកណាស់ ទោះជាការរៀបការដោយមិនពេញចិត្តតែខ្ញុំក៏ព្យាយាមឱ្យដល់ទីបំផុត ព្រោះមិនចង់ជាប់ឈ្មោះជាមនុស្សស្រីដែលរៀបការហើយលែងប្តីនោះទេ វាជាឈ្មោះដែលគ្មានមនុស្សស្រីណាប្រាថ្នាចង់បានសោះឡើយ។ អ្វីដែលខ្ញុំត្រូវគិត គឺការប្រឹងធ្វើខ្លួនឱ្យចូលជាមួយគ្រួសារខាងប្តី ទាំងការប្រឹងប្រែងកែប្រែកិរិយាមាយាទ ទាំងការយកចិត្តទុកដាក់ធ្វើជាប្រពន្ធល្អ កូនប្រសារល្អ សាច់ថ្លៃល្អនៅក្នុងគ្រួសារ។ តែវាក៏មិនបានងាយស្រួលដូចអ្វីដែលយើងគិតឡើយ។ មិនដឹងថាមកពីខ្ញុំមិនបានល្អគ្រប់គ្រាន់ ឬមកពីហេតុផលគ្រួសារខាងគេបានជាពេលនេះខ្ញុំនៅតែទទួលការមិនពេញចិត្តពីសាច់ថ្លៃដដែល។ មិនថាខ្ញុំប្រឹងប្រែងបែបណា មិនដែលត្រូវចិត្តពួកគេឡើយ។

តឹងទ្រូងរឿងគ្រួសារសាច់ថ្លៃ បែរមកមើលប្តីរបស់ខ្លួនឯងក៏ចាប់ផ្តើមផ្លាស់ប្តូរអត្តចិតមិនដូចជាមនុស្សប្រុសដែលធ្លាប់ប្រាប់ថានឹងស្រលាញ់ខ្ញុំ មើលថែខ្ញុំឱ្យបានល្អដូចកាលមុនរៀបការនោះឡើយ។ គេចាប់ផ្តើមតោះតើយ មិនសូវនិយាយស្តីរកខ្ញុំ មកផ្ទះយប់ៗពេលខ្លះក៏ធុំក្លិនស្រាពេលខ្លះក៏ធុំក្លិនទឹកអប់ និងស្នាមក្រែមមនុស្សស្រី។ ខ្ញុំបានត្រឹមសំងំយំទាំងទ្រូងឆេះអួលណែន។ មិនថាជារៀបការបង្ខំ ឬមិនពេញចិត្ត ចំពោះមនុស្សស្រីម្នាក់ប្តីគឺជាជីវិត និងក្តីរំពឹងថ្មីដែលនាងត្រូវពឹងផ្អែកអស់មួយជីវិត។ បើប្តីក្លាយទៅជាមនុស្សបែបនេះតើមានមនុស្សស្រីជាប្រពន្ធឯណាសប្បាយចិត្តនោះ? ពោះកាន់តែធំប្តីកាន់តែតោះតើយ ពេលខ្លះដល់ថ្នាក់រករឿងខ្ញុំទាំងយប់ក៏មាន។

« អូនឯងមិនបានស្រលាញ់បងទេ អូនមិនដែលញញឹម មិនដែលនិយាយផ្អែមល្ហែមដាក់បងដូចអ្នកផ្សេងទ ប្តីអូនអន់ខ្លាំងណាស់មែនទេ?» មិនដឹងជាលើកទីប៉ុន្មានទេដែលគេត្រលប់មកផ្ទះទាំងស្រវឹងអួទីនួនិយាយលែងដឹងខុសត្រូវបែបនេះចំពោះខ្ញុំ។ ខ្ញុំបានត្រឹមតែខាំមាត់អត់ធន់ មិនមាត់មិន-កម្នាក់ឯងបែបនេះ តែវាបែរជាបញ្ឆេះកំហឹងប្តីរបស់ខ្ញុំថែមទៅវិញ។ ខ្ញុំជួយគេ លើកគេសម្អាតខ្លួនប្រាណ និងគ្រាគែលើគ្រែទាំងមិននិយាយអ្វី។ ពេលខ្លះខ្ញុំហត់នឿយ ខ្ញុំធុញ ខ្ញុំពិតជាមិនត្រូវការជីវិតបែបនេះទេ។

«អូនឯងនៅនឹកវាមែនទេ? អូនឯងធ្វើចឹងសមជាស្រីមានប្តីអត់?»

« ចុះបងធ្វើខ្លួនរាល់ថ្ងៃសមជាប្តី ជាឪពុកគេអត់?»

« ឪពុកគេអ៊ីចឹងហ្ហេស? ប្រាកដអត់ថាបងជាឪរបស់កូនរបស់អូន»

ខ្ញុំទះគេមួយកំភ្លៀងមួយដៃទាំងទឹកភ្នែកស្រក់

« បងឯងនិយាយចឹងសមជាមនុស្សទេ? »

« អ៊ើ!!! បងវាល្ងង់ទៅស្រលាញ់ស្រីមានសង្សារ ហើយជាស្រីហក់លោតទៀត»

ខ្ញុំខ្ទប់មុខយំទាំងឈឺចិត្ត។ អ្វីដែលគេនិយាយចាក់ដោតបេះដូងឱ្យខ្ញុំរងនូវភាពឈឺផ្សាដែលមិនអាចកាត់ថ្លៃបាន។ ត្បិតតែខ្ញុំជាមនុស្សស្រីដែលដើរលេង មានសង្សារខ្ញុំក៏មិនដែលធ្វើអ្វីរំលងប្រពៃណីខ្មែរដែរ ហើយបើទោះជាខ្ញុំធ្វើខុស ចុះពាក្យពីមុនដែលគេថាមិនប្រកាន់អតីតកាលរបស់ខ្ញុំនោះ គេភ្លេចអស់ហើយមែនទេ? ប្តីខ្ញុំចាប់ផ្តើមរំលឹកអតីតកាល និងមិនជឿជាក់ភាពបរិសុទ្ធរបស់ប្រពន្ធម្នាក់នេះឡើយ។ រឿងកាន់តែធំឡើងៗ ដោយមានការចាក់រុក បញ្ឆេះភ្លើងពីសាច់ថ្លៃដែលមិនបានជួយចួកជួយចែវឱ្យពួកយើងត្រូវគ្នា បែរជាធ្វើឱ្យយើងកាន់តែមានរឿងឈ្លោះគ្នាកាន់តែខ្លាំងឡើងៗទៅវិញ។

ទីបំផុតខ្ញុំក៏បានទៅនៅផ្ទះរបស់ខ្ញុំវិញក្នុងលេសជិតសម្រាលកូនគ្មានអ្នកណាជួយមើលថែ។ ខ្ញុំបានហៅប្តីរបស់ខ្ញុំដែរ តែគេធ្វើប្ញកពាមិនពេញចិត្ត ហើយមិនខ្វល់ពី ពីរនាក់ម៉ែកូនយើងថែមទៀតផង។ ខ្ញុំមានតែខាំមាត់សង្កត់ចាំទ្រាំចាំក្រែងពេលកូនខ្ញុំសម្រាលមក គេនឹងបានភ្ញាក់ខ្លួនពេលឃើញកែវភ្នែកខ្មៅៗបរិសុទ្ធអត់ដឹងអីរបស់កូន។ ខ្ញុំជឿថាកូននឹងក្លាយជាចំណងចងជើងគេ នឹងធ្វើឱ្យគេភ្ញាក់រលឹកក្លាយជាប្តីល្អ និងឪពុកល្អម្នាក់វិញ។ ខ្ញុំនឹងយល់ព្រមអភ័យទោសរាល់អ្វីៗគ្រប់យ៉ាងនូវកំហុសដែលកន្លងមក និងមិនរំលឹកអស់មួយជីវិត។

ប៉ុន្តែអ្វីៗផ្ទុយស្រលះពីការរំពឹងទុកទាំងស្រុង។ ពេលដែលខ្ញុំជិតឆ្លងទន្លេគេមិនមកមើល មកជួយលើកទឹកចិត្តក្នុងនាមជាប្តី ជាឪពុកនោះឡើយ។ ទោះជាម្តាយរបស់ខ្ញុំទូរស័ព្ទប្រាប់គេ គេបានត្រឹមតែនិយាយថារវល់។ សំណាងដែលខ្ញុំសម្រាលកូនដោយសុវត្ថិភាព ឯកូនក៏មានសុខភាពល្អ តែខ្ញុំបែរជាឱបកូនរលីងរលោងទឹកភ្នែកតែម្នាក់ឯង។ ខុសពីស្រីដទៃ ខ្ញុំមានតែម្តាយជរាលើកទឹកចិត្ត និងមើលថែ តែគ្មានវត្តមានបុរសជាឪពុក និងសាច់ញាតិខាងប្តីនោះឡើយ។ ខ្ញុំតូចចិត្ត ខ្ញុំអស់សង្ឃឹមស្ទើរតែទាស់ស្លាប់កុំតែបានម្តាយរបស់ខ្ញុំតែម្នាក់កុំអីខ្ញុំក៏មិនដឹងក្លាយទៅជាយ៉ាងណា។ តាំងពីកូនកើតមកគេមកបានតែម្តងប៉ុណ្ណោះ ខ្ញុំត្រេកអរនឹកគិតថាគេភ្ញាក់ខ្លួន តែពេលមកដល់សូម្បីតែបីកូនបន្តិចក៏គេមិនធ្វើដែរ។ គេយកត្រឹមតែលុយបន្តិចបន្តិច និងសំលៀកបំពាក់ទារក ២ ៣សម្រាប់មកឱ្យម៉ែកូនយើងហើយក៏ប្រញាប់ទៅវិញ។ ខ្ញុំខូចចិត្ត ឈឺចាប់ចង់ប្រេះទ្រូងស្លាប់តែអាណិតកូនដែលនៅតូច និងម្តាយដែលជរា។   

រូបតំណាង

មិននឹកស្មានថាបន្ទាប់ពីខ្ញុំសម្រាលកូនបាន ៣ ៤ ខែយើងនៅតែគ្មានផ្លូវមកដូចមុន។ ឈ្មោះប្តីប្រពន្ធតែនាម តែរស់នៅផ្សេងគ្នាមានជីវិតរៀងខ្លួនវាមិនខុសពីលែងលះគ្នាទេ។ ទីបំផុតខ្ញុំដឹងថាការពិតថាគេកំពុងតែមានទំនាក់ទំនងជាមួយកូនស្រីអ្នកមានទ្រព្យម្នាក់។ ដំបូងដែលគេរៀបការជាមួយខ្ញុំ គ្រួសារគេជំទាស់យ៉ាងខ្លាំងព្រោះតែខ្ញុំមិនមែនជាមនុស្សស្រីដែលមានទ្រព្យ និងមានមុខមាត់នៅក្នុងសង្គម។ គ្រួសារគេចង់ឱ្យគេរៀបការជាមួយអ្នកនាងមានទ្រព្យដែលតាមស្រលាញ់គេ។ តែពេលនោះគេស្រលាញ់ខ្ញុំ។ រឿងរ៉ាវប្តីប្រពន្ធខ្ញុំប្រហែលមិនធ្លាក់ដល់ដំណាក់កាលនេះទេ បើគ្មានវត្តមានអ្នកដទៃលូកដៃជ្រែតជ្រែក។ ដោយសារតែមិនពេញចិត្តខ្ញុំ គ្រួសាររបស់គេរកវិធីគ្រប់បែបយ៉ាង ចាក់រុក បំបែកបំបាក់ ផ្លុំត្រចៀកប្តីរបស់ខ្ញុំ។ ទឹកស្រក់លើដុំថ្មយូរៗទៅលែងអីនឹងសឹករិចរិលថ្ម។ សម្តីរបស់គ្រួសារគាត់យូរៗទៅបានបញ្ជ្រៀតចូលទៅក្នុងខួរក្បាលគាត់បន្តិចៗម្តងៗរហូតកើតចិត្តស្អប់ប្រពន្ធខ្លួនឯង។ វាប្រហែលជាកំហុសរបស់ខ្ញុំដែលមិនមែនជាមនុស្សស្រីចេះនិយាយច្រើន ចេះម្ញ៉ិកម្ញ៉ក់ យកចិត្តប្តីដូចមនុស្សស្រីផ្សេងទៀត បានជាកើតការយល់ច្រលំកាន់តែធំថាខ្ញុំគ្មានចិត្តស្មោះនឹងប្តី។ ម្យ៉ាងដោយសារតែការស្និទ្ធស្នាល និងរយៈពេលដែលយើងស្គាល់គ្នាមុនរៀបការមានរយៈពេលខ្លីថែមទៀតនោះ វាជាមូលហេតុដែលធ្វើឱ្យរឿងរ៉ាវដល់ដំណាក់កាលនេះ។ រៀនត្រៀមចិត្តមុនក៏ល្អ ថាមិនត្រូវស្អែក ខានស្អែកនេះយើងនឹងផ្តាច់និស្ស័យជាប្តីប្រពន្ធអស់ត្រឹមនេះ។

មិនខុសពីការស្មាន ប៉ុន្មានខែក្រោយគ្រួសារគេនិងគេបានមករកខ្ញុំនិយាយរឿងលែងលះ។ ខ្ញុំយល់ព្រមដោយចិត្តត្រជាក់។ខ្ញុំឃើញកែវភ្នែកសប្បាយចិត្តរបស់គ្រួសារគេ និងកែវភ្នែកស្ទាក់ស្ទើររបស់ប្តីរបស់ខ្ញុំ។ ខ្ញុំអាចនឹងល្ងង់ដែលមិនហ៊ានហៅគាត់និយាយគ្នាឱ្យច្បាស់ និងបកស្រាយរឿងរ៉ាវគ្រប់បែបយ៉ាង។ ថាមិនត្រូវពួកយើងអាចនឹងរកបានដំណោះស្រាយល្អមួយ។ តែអត់ទេ! ខ្ញុំយល់ថាបែបនេះល្អហើយ។ ទោះពេលនេះយើងអាចនឹងផ្សះផ្សាគ្នាបើខ្ញុំប្រថុយសុំគាត់និយាយគ្នា។ តែចុះថ្ងៃស្អែក និងថ្ងៃខាងមុខបន្តទៀតឱ្យខ្ញុំធ្វើយ៉ាងណា? ខ្ញុំត្រូវទ្រាំ ត្រូវឱបទុក្ខ ត្រូវមើលទឹកមុខក្រុមគ្រួសាររបស់គេអ៊ីចឹង? អត់ទេ! ខ្ញុំមិនចង់បែបនេះទេ។ មិនខុសពីពាក្យថាឃ្លានឆ្ងាញ់ស្រលាញ់ល្អ។ បើគេមិនពេញចិត្តទៅហើយ មិនថាយើងខំធ្វើយ៉ាងណាគេនៅតែមិនពេញចិត្តអ៊ីចឹង។ គួបផ្សំនឹងភាពអស់សង្ឃឹមចំពោះចរិតប្តីដែលមិនចេះគិត ពិចារណា ចេះតែត្រចៀក-ស ស្តាប់មតិមនុស្សជុំវិញ មិនទុកចិត្តប្រពន្ធខ្លួនឯង មិនជឿជាក់លើភ្នែករបស់ខ្លួនឯងដូចនេះ ខ្ញុំថាបញ្ចប់និស្ស័យត្រឹមនេះក៏ល្អ។ វាអាចនឹងឈឺចាប់ ខ្ញុំអាចនឹងត្រូវគេមើលងាយ និយាយដើម។ តែខ្ញុំគិតថាជីវិតបែបនេះវាប្រសើរជាងក៏រស់នៅក្នុងភ្នក់ភ្លើងដែលមានតែរឿងចាក់រុក ស្អប់ខ្ពើម និងមិនពេញចិត្ត។ ស៊ូចង្អៀតផ្ទះកុំឱ្យចង្អៀតចិត្ត បើគេស្អប់ គេមិនពេញចិត្តដើរចេញឱ្យហើយក៏ល្អ។ ទ្រព្យសម្បត្តិ និងភាពល្អមើលខាងក្រៅមិនបានបញ្ជាក់ពីសុភមង្គលរបស់មនុស្សយើងឡើយ។ ស៊ូនៅខ្ទមក្រក្រី មានលុយល្មមចាយក៏ប្រសើរជាងរស់នៅគ្រួសារមានតែទ្រព្យតែមានចិត្តឃោរឃៅ មើលងាយមនុស្សដែលតូចទាបជាងខ្លួន។ ចំណែករឿងមានកូនចងជើងប្តីវាជាគំនិតដែលខុសទាំងស្រុង។ បើចិត្តគេប្រែក្រឡាស់ហើយ ទោះមានកូនប៉ុន្មាននាក់ក៏មិនអាចហាមជើងគេដែលកំពុងតែដើរចេញដែរ។

សុំទោសកូនសម្លាញ់ដែលម្តាយដែលធ្វើឱ្យកូនកំព្រាឪពុកទាំងនៅតូចមិនដឹងខ្វល់អី។ តែម្តាយសន្យាថានឹងផ្តល់ក្តីស្រលាញ់ និងសុភមង្គលគ្រប់បែបយ៉ាងដើម្បីកូន។ ហើយម្តាយជឿថាកូនធំឡើងកូននឹងយល់ថាហេតុអ្វីម្តាយជ្រើសយកផ្លូវបែកពីឪពុកកូនជាជាងទ្រាំរស់នៅដោយតឹងទ្រូងបែបនេះ៕

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ 

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]