** ប្រលោមលោកខ្មែរឡូត **

ជីវិតមនុស្សម្នាក់ៗសុទ្ធតែមានរឿងនិទានរៀងៗខ្លួន ចំណែកខ្ញុំជាមនុស្សស្រីម្នាក់ដែលមានរឿងនិទានដ៏វែងឆ្ងាយលើសមនុស្សឯទៀត វាជាហេតុធ្វើឱ្យខ្ញុំក្លាយទៅជាមនុស្សស្រីដែលមានះ រឹងរូស លេងប្ញកពាបំផុតនៅក្នុងក្រសែភ្នែកមនុស្សដទៃទៀត។ 

ចំណែករឿងស្នេហា ទំនាក់ទំនងមនុស្សប្រុសស្រីនេះរឹតតែឆ្ងាយហៅមិនឮទៀតទៅហើយ។ ជីវិតមនុស្សស្រីដូចជាខ្ញុំនេះទោះជាត្រូវគេច្រណែន គេនិន្ទា និយាយមាត់តូចមាត់ធំនិយាយដើមក៏ខ្ញុំលែងឈឺក្បាល តែអ្វីដែលធ្វើឱ្យខ្ញុំនិយាយមិនចង់ចេញនោះគឺសម្តីចេញពីមាត់អ្នកម្តាយតែម្តង។ និយាយពីថាជួបមុខម្តងណាក៏រអ៊ូរទាំរហូត។

« មនុស្សស្រីស្អី ៣០ ឆ្នាំស្អែកៗហើយនៅមិនទាន់មានសង្សារទៀត មិនដឹងជាតិនេះម៉ាក់មានកូនប្រសាដូចគេឬអត់? និយាយតាមត្រង់មើលកូនម៉ាក់ស្រលាញ់មនុស្សស្រីឬមនុស្សប្រុស? កូនអាចប្រាប់ម៉ាក់តាមត្រង់បាន ម៉ាក់អាចទទួលយកបាន»

គ្រាន់តែឮម៉ាក់និយាយខ្ញុំនេះស្ទើរតែសន្លប់ទាំងឈរតែម្តង។

« ខ្ញុំជាកូនម៉ាក់ជិត ៣០ ឆ្នាំម៉ាក់នៅមិនដឹងថាកូនម៉ាក់ស្រលាញ់មនុស្សប្រុស ឬ មនុស្សស្រីទៀត? អូយ! ចង់ឆ្កួតស្លាប់ »

« ម៉ាក់ចិញ្ចឹមកូនបានតែរូបរាង ម៉ាក់ម៉េចអាចចិញ្ចឹមចិត្តកូនបានទៅ» ។

« តែកូនមិនមែនបែបនេះទេ»

« អ៊ីចឹងបានន័យថាកូនរកសង្សារមិនបាន?»

« ម៉ាក់!!!»

« ហាហា..ម៉ាក់និយាយលេងទេ..តែបើកូនរកមិនបានចាំម៉ាក់រកឱ្យល្អទេ»

« អូយ! មិនបាច់ទេមនុស្សធំហើយនៅជួយរកឱ្យទៀត កូនមិនមែនក្មេងទេ»

« រកមិនបាន ឬបំភ្លេចមិនបាន?  »

« ម៉ាក់!!!»

ខ្ញុំក៏ស្ពាយសង្ខារចូលទៅក្នុងបន្ទប់ទាំងមួរម៉ៅនឹងការលេងសើចរបស់ម៉ាក់ ហើយគិតម្នាក់ឯង។ រឿងមានសង្សារមានទំនាក់ទំនងស្នេហានេះ អ្នកណាថាមិនចង់នោះ ។ តែរកវាមិនបាន មិនដឹងនិយាយថាម៉េចទេ។ ឬសម្រាប់មនុស្សស្រីដែលជោគជ័យដូចខ្ញុំមើលមនុស្សប្រុសលែងចូលភ្នែកហើយ? ឬក៏ខ្ញុំមិនស្រលាញ់មនុស្សប្រុសមែន? អូ! ទេ មិនអាចទេ ទោះជាចំណង់ចំណូលចិត្តខ្ញុំមិនសូវដូចមនុស្សស្រី និងទោះបីជាខ្ញុំចូលចិត្តដើរលេងជាមួយមនុស្សស្រីក៏ដោយក៏ខ្ញុំច្បាស់ និងប្រាកដថាខ្ញុំមិនមែនជាមនុស្សបែបនេះដែរ។ 

វាអាចថាប្រហែលជាខ្ញុំរើសពេក ភាសាងាយយល់ថាមិនទាន់ជួបអ្នកមាននិស្ស័យក៏ថាបាន ឬក៏ខ្ញុំកំពុងតែរង់ចាំនរណាម្នាក់? មិនអីទេ ទោះជាឯកាបន្តិចក៏មិនអីដែរ បើជាគូគង់តែជួបគ្នាទេ គ្រាន់តែមិនទាន់ដល់ពេលប៉ុណ្ណោះ។ តែមិនដឹងថាមានរឿងអ្វីកើតឡើងឱ្យប្រាកដ ស្អែកឡើងស្រាប់តែមានអ្វីម្យ៉ាងបានផ្លាស់ប្តូរជីវិតរបស់ខ្ញុំ។

មកដល់កន្លែងធ្វើការភ្លាមស្រាប់តែក្មេងៗក្រុមការងាររបស់ខ្ញុំនាំគ្នាចោមរោមនិយាយគ្នាលេងធ្វើមិនដឹង។ ពេលឃើញខ្ញុំភ្លាមម្នាក់ៗញញឹមញញែមដូចជាមានអ្វីម្យ៉ាងលាក់បាំង

« នាំគ្នាធ្វើអីហ្នឹង? អ៊ូអរម្ល៉េះ?»

« អីយ៉ា!បង...បងឯងមានសង្សារមិនចេះប្រាប់ពួកយើងសោះ ស្ងាត់ៗឱ្យឡើងស្វីត»

« ឯងនិយាយអី?»

« នេះនែ! » ក្រុមការងាររបស់ខ្ញុំក៏ហុចបាច់ផ្កាធំមួយដែលនៅលើតុរបស់ខ្ញុំមិនដឹងតាំងពីពេលណា

« ស.....ស្អី?» ខ្ញុំសួរទាំងញ័រតិចៗ

« ឈ្មោះលើផ្កាជាឈ្មោះរបស់បងទាំងមូល ធ្វើមិនដឹងទៀត ហ៊ើយ! គ្នាយើងប្រធានយើងមានស្នេហាហើយ»

« អេ!! ពួកឯងនេះនិយាយច្រើនណាស់ នាំគ្នាបំបែកធ្វើការទៅប្រយ័ត្នកាត់ប្រាក់ខែ»

គ្រាន់តែឮសំឡេងគំរាមរបស់ខ្ញុំភ្លាម ម្នាក់ៗលួចសើចហើយបំបែកគ្នាធ្វើការ។ ខ្ញុំកាន់បាច់ផ្កាមើលទាំងឆ្ងល់

« ផ្កាកូលាបក្រហម ហើយមានឈ្មោះខ្ញុំទៀត? អ្នកណាមកលេងសើចអីមិនដឹង» ខ្ជិលខ្វល់និងគិតច្រើនខ្ញុំក៏បោះផ្កានោះលើកៅអីម្ខាង ហើយធ្វើការបន្ត។ តែខ្ញុំដឹងថាចិត្តខ្ញុំលែងស្ងប់ហើយតាំងពីផ្កានេះលេចមុខមកម្ល៉េះ។ ខ្ញុំក៏ក្រោកឡើងយកបាច់ផ្កានេះចេញទៅក្រៅ ចៃដន្យជួបមីងសម្អាតក៏ស្រែកហៅ

« មីង »

« មានការអីហេក្មួយ?»

« ខ្ញុំជូនមីងណា» ខ្ញុំញញឺមញញែមហុចផ្កាមួយនេះទៅ។

« អូយ ស្អាតណាស់ឱ្យមីងមែន? »

« ចា៎ មិនដឹងរបស់អ្នកណាផង ប្រុងនឹងបោះចោលតែស្តាយ ឃើញមីងក៏ជូនទៅចុះ»

« អ្នកឱ្យគេអន់ចិត្តស្លាប់ហើយ»

« មិនអីទេយកចុះ »

« អរគុណក្មួយ»

ខ្ញុំក៏ដើរចេញទាំងធូរចិត្ត។ ប៉ុន្តែសង្គ្រាមរបស់មនុស្សអនាមិកនេះនៅមិនបញ្ចប់ត្រឹមប៉ុណ្ណេះទេ ស្អែកឡើងបាច់ផ្កាបន្តបន្ទាប់ចេះតែផ្ញើមិនឈប់ ខ្ញុំក៏ឱ្យផ្កាទាំងនេះទៅមិត្តរួមការងារសឹងតែគ្រប់គ្នា រហូតគ្មានកន្លែងដាក់។  Office  ពោរពេញដោយបាច់ផ្កា និងក្លិនឈ្ងុយឈ្ងប់។

ស្អែកឡើងមិត្តរួមការងាររបស់ខ្ញុំរអ៊ូ

« ទៀតហើយហ្ហេ?»

« បងហ្ហា ខ្ញុំថាបងទទួលទុកទៅ ខ្ញុំនេះគ្មានកន្លែងដាក់ទៀតទេ នេះរាល់ថ្ងៃពេកហើយ»

« មែនហើយ ខ្ញុំថាអ្នកឱ្យនេះប្រាកដជាដឹងថាបងមិនយកបានជាផ្ញើមកមិនឈប់ ។ នេះបងមានហ្វេនផ្កាប់មុខដល់ថ្នាក់ហ្នឹងផងហ្ហេ?»

« មិនដឹងទេ ចង់ផ្ញើក៏ផ្ញើទៅ មិនខ្វល់ទេ អ្នកណាទៅយករបស់មនុស្សស្អីដែលកំសាកមិនហ៊ានចេញមុខអញ្ចឹង »

មិត្តរួមការងារម្នាក់លាន់មាត់

« អូយ ម្តងនេះមានសំបុត្រ»

« ឯណា?»

ខ្ញុំក៏យកមកហែកអានទាំងចង់ដឹង អត្ថន័យសំបុត្រខ្ញុំពិតជាចង់សម្លាប់អាអ្នកផ្ញើមកណាស់

« សួស្តីស្រីស្អាតរបស់ខ្ញុំ ហេតុអ្វីមិនទទួលយកផ្កាទៅ ។ បើមិនទទួលណាខ្ញុំនឹងផ្ញើឱ្យរាល់ថ្ងៃ រហូតដល់នាងពុលក្លិនផ្កានេះជាមិនខាន។ ស្រលាញ់ណាស់ ពីប្រុសស្អាត»

« អាយ!!!!!!!!!!!! អារោគចិត្ត ឯងនៅឯណាយើងចង់សម្លាប់ឯងណាស់»

« ចិត្តត្រជាក់ៗៗបង នេះសង្ស័យតែម្នាក់នេះតាមដានបងទេ បានជាដឹងរឿងបងបែបនេះ បើបងនិយាយស្រីអាក្រក់ៗតិចគេតាមធ្វើបាបបងណា»

ខ្ញុំធ្វើមុខជូរទាំងមានអារម្មណ៍ខ្លាចពិតមែន។ ស្អែកឡើងផ្កានៅតែបន្តផ្ញើមកម្តងទៀតរួមទាំងសំបុត្រមួយច្បាប់ដូចដើម

« ចង់ជួបខ្ញុំណាស់មែនទេ? មិននិយាយតាំងពីដំបូង។ ល្អណាស់ល្ងាចនេះយើងជួបគ្នានៅហាងកាហ្វេជិតកន្លែងធ្វើការនាងទៅចុះ ។ មនុស្សប្រុសសង្ហាដៃកាន់ផ្កាកូលាបក្រហមនឹងរង់ចាំនាងនៅទីនោះ។ ប្រយ័ត្នខ្លួនផងណា រៀនហែលទឹកឱ្យហើយទៅប្រយ័ត្នលង់នឹងមន្តស្នេហ៍ប្រុសស្អាតដូចជាខ្ញុំ»

ខ្ញុំញីក្រដាសនៅនឹងដៃរួចដើរចេញទៅ។ ចង់លេងមែនទែនហើយតើ បានតើកំដរបាន ស្គាល់ខ្ញុំតិចពេកហើយទេដឹង។  

រូបតំណាង

ពេលណាត់ជួបក៏បានមកដល់ ភ្នែកខ្ញុំចាប់ផ្តើមបើកធំៗទាំងស្រឡាំងកាំង មិននឹកស្មានថាអ្នកដែលមកលេងសើចនឹងខ្ញុំគឺជារូបគេសោះ។ បុរសខ្ពស់សង្ហា កែវភ្នែកពេញដោយមន្តស្នេហ៍ បបូរមាត់ញញឹមឈរកាន់ផ្ការង់ចាំខ្ញុំ តែបែរជាធ្វើឱ្យមុខរបស់ខ្ញុំ ប្រែជាក្រញ៉ូវ ហើយស្រែកទាំងមួរម៉ៅ

« មកវិញធ្វើអី?»

« បងមករកអូន»

« ដូចជាគ្មានអ្វីពាក់ព័ន្ធនឹងគ្នាទៀតផង ច្រលំមនុស្សទេដឹង»

« ស្តាប់បងសិនបានអត់?»

« មិនចង់ស្តាប់ មិនចង់ឮអ្វីទាំងអស់ ចេញពីជីវិតរបស់ខ្ញុំភ្លាមទៅ»

« បង..........បាន..បើអូនត្រូវការ»

គេក៏ដើរចេញពីមុខរបស់ខ្ញុំទាំងមុខស្រពោន ហើយគេក៏ដើរឆ្លងថ្នល់ទាំងគ្មានវិញ្ញាណស្ទើរតែឡានបុក។ ខ្ញុំក៏ស្ទុះទៅទាញគេចេញស្រែកទាំងខឹងលាយបារម្ភ

« ធ្វើឆ្កួតៗអីហ្នឹង»

« បងដឹងថាអូននៅបារម្ភពីបង»

គេស្រាប់តែឱបខ្ញុំជាប់រួចនិយាយ

« បងនឹកអូនខ្លាំងណាស់ បងមកវិញហើយ»

« លែងៗៗលែងខ្ញុំ»

ខ្ញុំរើរហូតរើលែងបានក៏ស្រក់ទឹកភ្នែកទាំងឈឺចាប់

« មនុស្សឆ្កូត...ហេតុអ្វីក៏ទៅចោលគេ ហេតុអ្វីក៏ទុកគេចោលម្នាក់ឯង ហេតុអ្វីក៏បាត់ដំណឹង ស្អប់ខ្លាំងណាស់«

« បងសុំទោសៗៗៗ»

ពួកយើងឱបគ្នាទាំងក្តីរលឹក។ ៥ឆ្នាំហើយទេដឹងពេលដែលគេចាកចេញទៅ ទៅទាំងគ្មានដំណឹង ទៅទាំងគ្មានពាក្យថាលា។ មុនគេទៅគេបានសុំឱ្យខ្ញុំទៅរស់នៅបរទេសជាមួយគេ គេចង់រស់នៅជាមួយខ្ញុំនិងរៀបការនៅទីនោះ។ តែទីបំផុតគេក៏ចាកចេញទុកឱ្យខ្ញុំនៅម្នាក់ឯងនៅទីនេះ។ គ្មានពាក្យថាបែកគ្នា គ្មានពាក្យថាឈប់ស្រលាញ់ សុខៗគេក៏បាត់ពីជីវិតរបស់ខ្ញុំទៅតែម្តង។ 

ចាំថាពេលនោះខ្ញុំឈឺចាប់ ខ្ញុំយំ ខ្ញុំខឹង ។ តែភាពឈឺចាប់នោះបានធ្វើឱ្យខ្ញុំកាន់តែរឹងមាំឡើង ក្រោកឈរឡើងប្រឹងប្រែងតស៊ូនឹងជីវិត និងងប់នឹងការងាររហូតដល់សព្វថ្ងៃ។ ខ្ញុំធ្លាប់គិតថាខ្ញុំរឹងមាំ ខ្ញុំគិតថាខ្ញុំភ្លេចគេបានហើយតើ តែការពិតទៅខ្ញុំនៅស្រលាញ់ នៅតែនឹកគេ។ ការពិតភាពរឹងមាំប៉ុន្មានឆ្នាំមិនមែនខ្ញុំអាចភ្លេចគេបាននោះទេ ការពិតបេះដូងខ្ញុំនៅចាំគេរហូត រហូតដល់គ្មានកន្លែងទំនេរដាក់មនុស្សប្រុសណាផ្សេងបាន។

រូបតំណាង

គេបាននិយាយប្រាប់ខ្ញុំថា មុនទៅបរទេស គេមានគ្រោះថ្នាក់ត្រូវវះកាត់ជាបន្ទាន់។ គេបានសុំម៉ាក់គេ និងម៉ាក់ខ្ញុំលាក់ខ្ញុំពីរឿងនេះព្រោះតែមិនចង់ឱ្យខ្ញុំបារម្ភ ហើយយកពេលវេលាទាំងប៉ុន្មានប្រឹងប្រែងព្យាបាលរហូតដល់ជា ។ វាជាពេលវេលាដែលលំបាកបំផុត ត្រូវវះកាត់ច្រើនដង ត្រូវប្រឈមនឹងការបាត់ការចងចាំរយៈពេលខ្លី។ អ្វីៗគឺគេតស៊ូ ព្រោះគេដឹងថាខ្ញុំកំពុងតែរង់ចាំគេ វាជាកម្លាំងចិត្តដែលធ្វើឱ្យគេតស៊ូប្រឆាំងនឹងជំងឺនេះ រហូតទទួលបានជោគជ័យ។ ខ្ញុំស្រក់ទឹកភ្នែករួចនិយាយទាំងញ័រ

« ហេតុអ្វីបានជាលាក់អូន ហេតុអ្វីមិនឱ្យអូនជួយរំលែកទុក្ខរបស់បង ហេតុអ្វីធ្វើឱ្យអូនស្អប់បងរាប់ឆ្នាំបែបនេះ?»

« ពេលនេះយើងជួបគ្នាវិញហើយតើ អូនក៏បានពិសោធន៍ខ្លួនឯងថាអូនជាមនុស្សរឹងប៉ឹង អូនមិនទន់ជ្រាយ អូនតស៊ូនឹងការងារជួយក្រុមហ៊ុនបងរហូតមានឈ្មោះល្បី ដែលពិសេសនោះអូនបែរជាមានចិត្តស្មោះរង់ចាំតែបងម្នាក់។ ពេលនេះបងស្កប់ស្កល់ហើយ»

« ឆ្កួត! ចុះបើពេលនោះបងមិនជា បើពេលនេះយើងមិនបានជួបគ្នានោះឱ្យអូនធ្វើយ៉ាងម៉េច?»

« អ៊ីចឹងហើយបានជាបងមិនប្រាប់អូន ព្រោះបងដឹងថាអូនរឹងមាំហើយ អាចរស់នៅបានហើយពេលគ្មានបង។ បើពេលបងមកវិញអូនគ្មានអ្នកណាបងនឹងសាកល្បងសុំអូនស្រលាញ់ម្តងទៀត តែបើអូនមានមនុស្សនៅក្បែរខ្លួនហើយ បងក៏សុខចិត្តដើរចេញមិនឱ្យអូនឃើញមុខបងជារៀងរហូត»

« មនុស្សឆ្កូតៗៗ» ខ្ញុំវ៉ៃគេទាំងទឹកភ្នែកលាយក្តីរំភើប។ គេស្រវាឱបខ្ញុំជាប់ទាំងញញឹម។

ស្រាប់តែមានសំឡេងទះដៃចេញពីផ្លូវម្ខាង ខ្ញុំភ្ញាក់ផ្អើលពេលដឹងថាពួកគេរួមគំនិតគ្នាតើ មានទាំងម៉ាក់ខ្ញុំ ម៉ាក់គេដែលជាប្រធានក្រុមហ៊ុន និងមិត្តរួមការងារទាំងអស់កំពុងតែឈរទះដៃ កាន់បាច់ផ្កាទាំងស្នាមញញឹម និងភាពសប្បាយរីករាយ។

« មានរឿងអី?»

គេស្រាប់តេដកចិញ្ចៀនមករួចនិយាយ

« អូនព្រមរៀបការជាមួយបងទេ?»

« ថាម៉េច? សុខៗទៅចោលខ្ញុំ មកដល់សុំខ្ញុំរៀបការបែបនេះហេ? ទុកខ្ញុំជាស្អី?»

« បង..»

« ហាហា...អូននិយាយលេងតើ..អូនរង់ចាំពាក្យនេះយូរហើយ»

គេញញឹមរួចយកចិញ្ចៀនបំពាក់ឱ្យខ្ញុំ។ ទីបំផុតក្រមុំសៅកែលែងនៅទំនេរហើយ ខ្ញុំមានគូដណ្តឹងហើយ ខ្ញុំជិតរៀបការហើយ។ ជាពិសេសគឺបានរស់នៅជាមួយមនុស្សដែលខ្លួនស្រលាញ់ និងរង់ចាំអស់រយៈពេលយ៉ាងយូរ។ ប៉ុន្តែមិនថាយូរប៉ុណ្ណា លទ្ធផលនៅថ្ងៃនេះជាជោគជ័យធំបំផុតនៅក្នុងជីវិតរបស់ពួកយើង។ 

ការវិលត្រលប់មកម្តងទៀតរបស់ស្នេហារបស់ខ្ញុំ ជាសុភមង្គលដែលខ្ញុំទន្ទឹងរង់ចាំ។ មិននឹកស្មានថាស្នេហាក៏រលូន ការងារក៏ជោគជ័យ។ ស្នេហារបស់ពួកខ្ញុំពេលនេះគ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះ វិថីជីវិតនៅវែងឆ្ងាយទៀតណាស់។ តែពួកយើងសន្យាថានឹងកាន់ដៃគ្នាជំនះរាល់ឧបសគ្គដើម្បីអនាគតខាងមុខដ៏ត្រចះត្រចង់៕

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ 

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]