រាជធានីភ្នំពេញ ៖ ក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ អតីតតារាចម្រៀងអ៊ុំ គន្ធា បានបង្ហាញភាពតោកយ៉ាកក្នុងជីវិត គឺគ្មានប្រាក់ទិញនំចំណីយកទៅវត្តធ្វើបុណ្យទាននឹងគេ ។ ដឹងរឿងនោះអ្នកនាងចន ច័ន្ទលក្ខិណា និងលោកសាវិន ហ្វ៊ីូលីព បានរកប្រាក់សប្បុរសធម៌មួយចំនួនផ្តល់ជូននាង ។ លើសពីនេះលោកចា រិទ្ធី ផ្តល់ឱកាសឱ្យនាងឡើងច្រៀងលើឆាកតន្ត្រីទូរទស្សន៍ ។
លោកចា រិទ្ធី បង្ហោះសារតាមហ្វេសប៊ុកកាលពីពេលថ្មីៗកន្លងមកថា «សួស្ដីបងប្អូនជាទីស្រឡាញ់ទាំងអស់គ្នា រូបខាងក្រោមនេះគឺអ្នកនាងអ៊ុំ គន្ធា គឺជាអ្នកចម្រៀងម្នាក់ដែលកម្សត់ ហើយអភ័ព្វបំផុត ខ្ញុំបានអញ្ជើញគាត់ឲ្យមកច្រៀងនៅទូរទស្សន៍អាស៊ីអាគ្នេយ៍ នៅថ្ងៃអាទិត្យ ទី ២៤ កញ្ញា ២០១៧ ក្នុងកម្មវិធីតន្ត្រីមហាជន ដែលមានផ្សាយផ្ទាល់នៅម៉ោងប្រាំល្ងាច ។ ដូចនេះបងប្អូនទាំងអស់ពិតជាបានជួបអ៊ុំ គន្ធា សាជាថ្មីនៅលើកញ្ចក់ទូរទស្សន៍អាស៊ីអាគ្នេយ៍សូមបងប្អូនរង់ចាំតាមដានទស្សនា និងជួយផ្ដល់កម្លាំងចិត្តដល់អ្នកចម្រៀងអភ័ព្វម្នាក់នេះផង » ។
បន្ទាប់ពីការប្រកាសរបស់លោកចា រិទ្ធី អ្នកដឹកនាំកម្មវិធីសិល្បៈប្រចាំទូរទស្សន៍អាស៊ីអាគ្នេយ៍នោះមក នាងអ៊ុំ គន្ធា បានឡើងច្រៀងក្នុងកម្មវិធីតន្ត្រីផ្សាយបន្តផ្ទាល់កាលពីល្ងាចថ្ងៃទី២៤ កញ្ញា ធ្វើឲ្យទស្សនិកជនបានឃើញការសម្តែងរបស់នាងជាថ្មី ។
ក្រោយពេលដាច់ចិត្តលើកដៃសុំជំនួយដើម្បីបានប្រាក់ទិញនំចំណីយកទៅវត្តក្នុងរដូវភ្ជុំបិណ្ឌមក អតីតតារាចម្រៀងអ៊ុំ គន្ធា ត្រូវសប្បុរសជន និងសិល្បករមួយចំនួនស្វះស្វែងរកជំនួយផ្តល់ជូននាង។ គន្ធា ត្រូវលោកសាវិន ហ្វ៊ីលីព និងភរិយាអ្នកនាងឆវី រកជំនួយទិញបានម៉ូតូមួយគ្រឿងឲ្យកូនប្រុសជិះទៅរៀន ហើយថែមអំពាវនាវដល់សប្បុរសជនជួយផ្តល់ទីតាំងឲ្យនាងអាចឈរជើងធ្វើការបានជាប្រចាំជាជាងប្រកាសសុំគេពេល ខ្វះខាតម្តងៗ ។
លោកចា រិទ្ធី បានទទួលការសាទរខ្លាំងពីមិត្តទាំងឡាយចំពោះលោកដែលជួយដល់នាងអ៊ុំ គន្ធា បានឡើងច្រៀងបង្ហាញមុខសាជាថ្មី ។មានការលើកឡើងថានេះជាកាយវិការល្អមួយក្នុងនាមជាអ្នកសិល្បៈ គឺមានស្មារតីរួបរួមគ្នាគ្រប់កាលៈទេសៈឲ្យមហាជនមើលឃើញថាមិនរើសអើងគ្នា ។
សម្តីរៀបរាប់តាមហ្វេសប៊ុកអ៊ុំ គន្ធា បញ្ជាក់ថា «នាងខ្ញុំចង់បានការងារច្បាស់លាស់ជាងដើរសុំគេជួយ ដើម្បីបានប្រាក់ខែនឹងធឹង បើសិនជាអាចសុំជួយនាងខ្ញុំត្រង់ចំណុចនេះឲ្យច្រើន ពិសេសការងារច្រៀងគឺនាងខ្ញុំចង់បានណាស់ទាន់កម្លាំងនៅមានដើម្បីជួយម្តាយឈឺ និងកូនប្រុសពីរនាក់ទៀត ។
នាងខ្ញុំក៏មិនភ្លេចអរគុណដល់បណ្តាសប្បុរសជនទាំងអស់ដែលបានជួយពេលនាងខ្ញុំអត់ដាច់បាយមុនភ្ជុំ គឺចំរដូវបុណ្យទានធំ នាងខ្ញុំគ្មានលុយធ្វើបុណ្យ គេជួយទាន់ពេលវេលាពិតជារំភើបណាស់» ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]