(ភ្នំពេញ)៖ ផលិតករភាពយន្តដ៏ល្បីល្បាញ ចំនួន២រូប គឺលោក ឆាយ បូរ៉ា និងលោក ហ្វៃ សំអាង បានសម្ដែងក្ដីកង្វល់របស់ខ្លួន ប្រាប់ដល់ថ្នាក់ដឹកនាំប្រទេស និងសំណូមពរដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មេត្តាជួយសម្រួលដោយក្ដីអនុគ្រោះ ដើម្បីជាផ្នែកមួយយ៉ាងសំខាន់ ជួយលើកកម្ពស់ ក៏ដូចជាលើកស្ទួយវិស័យភាពយន្តខ្មែរ ខណៈដែលនីមួយៗ ពេលមានប្លង់ថត ក្នុងតំបន់ទេសចរណ៍សំខាន់នៅក្នុងប្រទេសកម្ពុជា ហើយពេលចូលថតរឿងនោះម្ដងៗ ត្រូវបានមន្រ្តីហាមឃាត់ មិនឲ្យចូលថត ជាពិសេសតំបន់អង្គរ នៃខេត្តសៀមរាប និងតំបន់ភ្នំនានា ជាច្រើនទៀត ដែលត្រូវកាន់កាប់ដោយក្រុមហ៊ុនឯកជន។

ជាការពិត តាំងពីឆ្នាំ១៩៩៧ មក ប្រាសាទអង្គរវត្ត ត្រូវបានក្រុមហ៊ុនឯកជនគ្រប់គ្រង ហើយរាល់ការថតកុន ខារ៉ាអូខេ និង រូបភាពពាណិជ្ជកម្មនានា ត្រូវបានហាមឃាត់ ទាល់តែស្នើសុំ ក្រុមហ៊ុន និងអាជ្ញាធរអប្សរា ទើបអាចអនុញ្ញាតឲ្យចូលថតបាន ប៉ុន្តែភាគច្រើនមិនសូវទទួលបានជោគជ័យនោះទេ។ បច្ចុប្បន្នក្រុមហ៊ុនឯកជនដដែលបាន គ្រប់គ្រងលើរមណីយដ្ឋាន បូកគោបញ្ហាដដែលនេះ ក៏បានកើតពល ផលិតករកុន ពិបាកក្នុងការស្នើសុំទីតាំងសម្រាប់ថតខ្សែភាពយន្ត។

ឆ្លៀតក្នុងឱកាសនេះ ផលិតករកុនដ៏ល្បីល្បាញ គឺលោក ឆាយ បូរ៉ា ដែលផលិតករកុនបែបប្រវត្តិសាស្ត្រ បានចូលស្នើសុំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈទំព័រហ្វេសប៊ុកផ្ទាល់របស់សម្ដេច ដោយលោក ឆាយ បូរ៉ា បានសរសេរថា «ចង់ជម្រាបស្នើសុំសម្ដេចដែរថា ផលិតករភាពយន្តចង់ទៅថតភាពយន្តនៅទីនោះខ្លាំងណាស់ ព្រោះចង់ផ្តិតយកតំបន់ទេសចរណ៍ របស់ខ្មែរផ្សព្វផ្សាយ ដល់ជាតិ និង ពិភពលោក តែពិបាកត្រង់ថា ត្រូវដាក់ពាក្យស្នើសុំក្រុមហ៊ុន ដែលលើសពីសមត្ថភាពរបស់ ពួកយើង។ តើផលិតករអាចស្នើសុំត្រឹមថ្នាក់ខេត្តបានទេ? ហេតុអ្វីក្រុមហ៊ុនគ្រប់គ្រងភ្នំទាំងមូលដូចច្នេះ?»។

ចំណែកឯផលិតករភាពយន្ត ជើងចាស់ដ៏ល្បីល្បាញ លោក ហ្វៃ សំអាង ក៏បាននិយាយថា «តំបន់ អង្គរវត្តក៏ដូចគ្នា ពិបាកអីក៏ពិបាកម្ល៉េះទេ សម្ដេច? មេត្តាសម្រួលផងទៅសម្ដេច..!»

លោក ឆាយ បូរ៉ា បាននិយាយបន្ថែមថា «ទីតាំងផ្សេងៗ ក្នុងរាជធានី និងខេត្តនានា ស្នើសុំម្ដងៗ ពិបាកណាស់ រង់ចាំក៏យូរ កន្លែងខ្លះមិនឲ្យថតតែម្ដង។ យើងនៅមានសំណង់ប្រវត្តិសាស្ត្រ ក្នុងអាណានិគមបារាំង ចង់ថត នៅតំបន់នោះតែពិបាក។ យើងជាផលិតករភាពយន្តក្នុងស្រុក មិនមានកម្រៃជួលទីតាំង ដូចផលិតករបរទេសទេ ផលិតករបរទេស គេមានប្រាក់ អ្នកមុខអ្នកការរត់ការព្រាត។ អរគុណ..!»។

ជាការពិតផលិតករកុន បច្ចុប្បន្ន រឿងភាគច្រើនមិនសូវបញ្ចូលប្លង់ តំបន់ទេសចរណ៍នោះទេ ពោលសម្បូរតែរឿងខ្មោច និងកំប្លែង ដែលថតនៅក្នុងផ្ទះ វាលស្រែ និងក្នុងទីក្រុងបន្តិចបន្តួចប៉ុណ្ណោះគឺចប់ហើយ ដែលក្រៅពីនេះហាក់មិនមានអ្វីឡើយ។ បញ្ហានេះ ធ្វើឲ្យភាពយន្តខ្មែរហាក់បាត់សោភ័ណភាព មួយកម្រិតទៀត ហើយវិស័យទេសចរណ៍ តាមរយៈភាពយន្ត ក៏មិនត្រូវបានផ្សព្វផ្សាយ ឲ្យទូលំទូលាយផងដែរ៕

​លោក ហ្វៃ សំអាង
លោក ឆាយ បូរ៉ា និង​លោក ហ្វៃ សំអាង ប្រាប់​ពី​ក្ដីកង្វល់​ ​ពេល​ចូល​ថតរឿង ក្នុង​តំបន់​ទេសចរណ៍ និង​ស្នើដល់​សម្ដេចតេជោ ហ៊ុន សែន ​ជួយដោះស្រាយ!ច
លោក ឆាយ បូរ៉ា និង​លោក ហ្វៃ សំអាង ប្រាប់​ពី​ក្ដីកង្វល់​ ​ពេល​ចូល​ថតរឿង ក្នុង​តំបន់​ទេសចរណ៍ និង​ស្នើដល់​សម្ដេចតេជោ ហ៊ុន សែន ​ជួយដោះស្រាយ!
លោក ឆាយ បូរ៉ា និង​លោក ហ្វៃ សំអាង ប្រាប់​ពី​ក្ដីកង្វល់​ ​ពេល​ចូល​ថតរឿង ក្នុង​តំបន់​ទេសចរណ៍ និង​ស្នើដល់​សម្ដេចតេជោ ហ៊ុន សែន ​ជួយដោះស្រាយ!
លោក ឆាយ បូរ៉ា និង​លោក ហ្វៃ សំអាង ប្រាប់​ពី​ក្ដីកង្វល់​ ​ពេល​ចូល​ថតរឿង ក្នុង​តំបន់​ទេសចរណ៍ និង​ស្នើដល់​សម្ដេចតេជោ ហ៊ុន សែន ​ជួយដោះស្រាយ!
លោក ឆាយ បូរ៉ា
លោក ឆាយ បូរ៉ា

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]