រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី លី​ប​ម៉េ​ង នៅ​រសៀល​ថ្ងៃ​ទី២៣ ខែកញ្ញា ឆ្នាំ​២០១៧​នេះ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​បុរស​ម្នាក់​ពាក់ព័ន្ធ​ទទួលបញ្ញើ​គ្រាប់បែក យក​ទៅ​ទុក​នៅ​កន្លែង​ទទួល​ផ្ញើ​ម៉ូតូ ក្នុង​មន្ទីរពេទ្យ​ជោ​រៃ​ភ្នំពេញ ដែល​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​។ ការ​សម្រេច​ឃុំខ្លួន​របស់​លោក​ចៅក្រម​ស៊ើបសួរ​នេះ គឺ​យោង​ទៅ​លើ​ការ​ចោទប្រកាន់​របស់​តំណាង​អយ្យការ ពី​បទ​ការ​ដឹក​ជញ្ជូន​ការ​កាន់កាប់​គ្រាប់រំសេវ និង​គ្រឿងផ្ទុះ​ដោយ​គ្មាន​ការ​អនុញ្ញាត​តាម​មាត្រា​៤៩០ នៃ​ក្រមព្រហ្មទណ្ឌ​។ ជនសង្ស័យ​មានឈ្មោះ ឡូ ពិន​ដា​រិ​ទ្ធ ហៅ​ទូច ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​ជួល ភូមិ​បឹង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ និង​មានមុខរ​បរជា​បុគ្គលិក​ក្រុមហ៊ុន​។

ទាក់ទិន​នឹង​ការ​ឃុំខ្លួន​ជនសង្ស័យ​ខាងលើ​នេះ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កាល​វេលា​ម៉ោង​ប្រមាណ​១១​យប់ ថ្ងៃ​ទី​២០ កញ្ញា ២០១៧ មានការ​ភ្ញាក់ផ្អើល​មួយ​កើតឡើង​នៅ​មន្ទីរពេទ្យ​ជោ​រៃ ភ្នំពេញ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ដោយ​សន្តិសុខ​យាម​ម៉ូតូ បាន​ប្រទះ​ឃើញ​គ្រាប់បែក​១​គ្រាប់ ពណ៌​ខ្មៅ​រុំ​ស្កុ​ត​ពី​ក្រៅ​ជិត ដែល​គេ​ដាក់​ក្នុង​ឃ្លុប​ម៉ូតូ​ស្កុប​ពី ពណ៌​ក្រហម​មួយ​គ្រឿង​។ ប្រភព​បន្ត​ថា ដំបូង​ឡើយ​គេ​សន្និដ្ឋាន​មាន​ជន​មិន​ស្គាល់​មុខ យក​គ្រាប់​នោះ​ទៅ​ដាក់​បង្កៃ​ឲ្យ​ផ្ទុះ នៅ​ក្នុង​មន្ទីរពេទ្យ​ជោ​រៃ តែ​ក្រោយ​ពី​ស្រាវជ្រាវ​ទើប​ដឹង​ថា ម្ចាស់​ម៉ូតូ​ភ្លេច​ដក​សោ ត្រូវ​អ្នកយាម​ប៉ុនប៉ង​លួច​យក​ទ្រព្យសម្បត្តិ ក្នុង​ឃ្លុប​ម៉ូតូ​នោះ ប៉ុន្តែ​ដល់​ពេល​រើ​យក​អីវ៉ាន់​ទៅ​ក៏​ឃើញ​គ្រាប់បែក​បានជា​មានការ​ភ្ញាក់ផ្អើល។

ក្រោយ​ពី​មានការ​ភ្ញាក់ផ្អើល សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ឈ្មោះ ឡូ ពិន​ដា​រិ​ទ្ធ ដែល​ជា​ម្ចាស់​ម៉ូតូ​ស្កុប​ពី​មាន​លាក់​ទុក​គ្រាប់បែក​១​គ្រាប់​នៅ​ក្រោម​កែ​ម៉ូតូ​នោះ​។ នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់​ថា តាម​ការ​ស្រាវជ្រាវ​ជំហាន​ដំបូង មុខសញ្ញា​ដែល​ជា​ម្ចាស់​ម៉ូតូ ត្រូវ​បាន​បងថ្លៃ​ឲ្យ​យក​គ្រាប់បែក​នេះ ទៅ​បន្ទាយ​នៅ​ខាងលិច​កំពង់ស្ពឺ ម្តុំ​ត្រែង​ត្រ​យឹ​ង ក្នុងស្រុក​កំពង់​សិលា ប៉ុន្តែ​ដោយសារ​ឪពុក​ឈឺ​ធ្ងន់​នៅ​មន្ទីរពេទ្យ​ជោ​រៃ ភ្នំពេញ ម្ចាស់​ម៉ូតូ​បាន​ដាក់​គ្រាប់បែក​នៅ​ក្នុង​ឃ្លុប​ម៉ូតូ ហើយ​ប្រញាប់ប្រញាល់​ចូល​ទៅ​មើល​ឪពុក​ឈឺ​ធ្ងន់ ដែល​មិន​ទាំង​បាន​ដក​សោ​ម៉ូតូ​ទុក​ផង​។ ដូច្នោះ​ហើយ​ទើប​សន្តិសុខ​យាម​ការពារ​នៅ​មន្ទីរពេទ្យ បាន​យក​សោ​ទៅ​ចាក់​បើក​ឃ្លុប​ម៉ូតូ ក៏​ឃើញ​មាន​ថង់​មួយ​រុំ​ជិត រួច​យក​ថង់​នោះ​ទៅ​បើក​មើល​ក្នុង​គោលបំណង​ចង់​យក​របស់​គេ លុះ​បើក​ទៅ​ឃើញ​គ្រាប់​ទើប​ឆោឡោ​។

សរុប​មក​វិញ​ករណី​នេះ មិនមែន​ជា​រឿង​ដាក់​គ្រាប់បែក​បង្កៃ​ឲ្យ​ផ្ទុះ ឬ​ក៏​ប៉ុនប៉ង​ធ្វើ​ឲ្យ​ផ្ទុះ​នៅ​ក្នុង​មន្ទីរពេទ្យ​ជោ​រៃ ភ្នំពេញ ទេ​។ ទោះជា​យ៉ាងណា​ក្តី​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ បាន​កសាង​សំណុំរឿង បញ្ជូន​ម្ចាស់​ម៉ូតូ និង​គ្រាប់បែក​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី ទើប​ជនសង្ស័យ​ជា​ម្ចាស់​ម៉ូតូ ដែល​មាន​ដាក់​គ្រាប់បែក​ក្នុង​ឃ្លុប​នោះ ត្រូវ​បាន​តុលាការ​ចេញ​ដីកា សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​នេះ​៕

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី លី​ប​ម៉េ​ង នៅ​រសៀល​ថ្ងៃ​ទី២៣ ខែកញ្ញា ឆ្នាំ​២០១៧​នេះ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​បុរស​ម្នាក់​ពាក់ព័ន្ធ​ទទួលបញ្ញើ​គ្រាប់បែក យក​ទៅ​ទុក​នៅ​កន្លែង​ទទួល​ផ្ញើ​ម៉ូតូ ក្នុង​មន្ទីរពេទ្យ​ជោ​រៃ​ភ្នំពេញ ដែល​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]