បរទេស៖ ថ្មីៗកន្លងទៅនេះ នារីម្នាក់បានធ្វើពិធីសែនព្រេនឧទ្ទិសកុសល ជូនដល់មិត្តប្រុស ដើម្បីជាការសងសឹកដែលគេបាន Block ហ្វេកប៊ុករបស់នាង ដោយមិនបានប្រាប់ដំណឹងជាមុន។ មិនតែប៉ុណ្ណោះ នាងក៏បានបង្ហោះរូបភាពនោះ ចូលទៅក្នុងគណនីបណ្តាញសង្គម និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងទៀតផង។

រូបភាពដែលបានបង្ហោះទៅនោះ កញ្ញា Vicki ក៏បានភ្ជាប់នូវពាក្យពេចន៍មួយចំនួន ថា៖

“ជូនដល់មិត្តប្រុសសម្លាញ់ តើបងសុខសប្បាយទេ? ខ្ញុំពិតជាសង្ឃឹមថា ខ្ញុំអាចជួបបងម្តងទៀតណាស់។ តាំងពីពេលដែលបងចេញទៅបរទេសនៅដើមឆ្នាំនេះមក ពួកយើងមិនដែលបានជួបគ្នាទេ។ ពីដំបូងឡើយ ពួកយើងតែងតែរក្សាទំនាក់ទំនងតាមរយៈការផ្ញើសារ ឬនិយាយគ្នាតាមវីដេអូ។ ប៉ុន្តែក្រោយមក ទើបខ្ញុំដឹងថា បងបានBlock ទាំងហ្វេសប៊ុក Instagram និង WeChat របស់ខ្ញុំ។ ខ្ញុំបានទាក់ទងទៅមិត្តភក្តិរបស់បង ប៉ុន្តែពួកគេក៏មិនដែលឃើញបងដែរ។ មិនតែប៉ុណ្ណោះ ពួកគេបានប្រាប់ខ្ញុំថា មិនបាច់រងចាំបងទេ”។
នារីម្នាក់បានធ្វើពិធីសែនព្រេនឧទ្ទិសកុសល ជូនដល់មិត្តប្រុស ដើម្បីជាការសងសឹកដែលគេបានBlockហ្វេកប៊ុករបស់នាង

តាមរយៈទង្វើរបស់មិត្តប្រុស និងការឆ្លើយតបរបស់មិត្តភក្តិរបស់គេ កញ្ញា Vicki បានសន្មត់ថា មិត្តប្រុសរបស់នាងពិតជាចង់កាត់ផ្តាច់ទំនាក់ទំនងជាមួយនាងឲ្យដាច់តែម្តងហើយ។

ក្នុងសាររបស់នាងដែលបង្ហោះទៅនោះ ក៏បានសរសេរឌឺចំៗទៀតថា៖

“ខ្ញុំគិតថា បងប្រហែលជាជួបគ្រោះមហន្តរាយណាមួយ នៅពេលដែលបងទៅនៅបរទេសហើយ បើមិនដូច្នោះទេ បងនឹងតបសារ ឬទាក់ទងមកខ្ញុំវិញមិនខាន។ វាប្រៀបដូចជា បងទើបតែចាកចេញពីផែនដីនេះយ៉ាងអ៊ីចឹង។ កាលពីប៉ុន្មានថ្ងៃមុននេះ ខ្ញុំឃើញគេធ្វើបុណ្យនៅជិតផ្ទះរបស់ខ្ញុំ។ ក្នុងនាមជាមិត្តស្រីរបស់បង នេះគឺជារឿងចុងក្រោយបង្អស់ ដែលខ្ញុំអាចធ្វើសម្រាប់បង គឺបួងសួងឲ្យបង ទៅឲ្យបានសុខ និងជូនពរបងឲ្យឆាប់ចាប់បដិសន្ធិឡើងវិញ”។
រូបភាព កញ្ញា Vicki

ការសងសឹកដ៏សាហាវរបស់នាង បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្តាញសង្គម។ អ្នកខ្លះក៏បានគាំទ្រកញ្ញា Vicki ដែរ ហើយគេគិតថាមិត្តប្រុសរបស់នាង គឺជាមនុស្សប្រុសកំសាកថែមទៀតផង។ គេបានសរសេរថា៖ 

“យ៉ាងហោចណាស់ក៏ប្រុសម្នាក់នោះ គួរតែមានភាពក្លាហានក្នុងការបញ្ជាក់ការពិតដែរ មិនគួរណាទៅបាត់ដោយគ្មានការបកស្រាយឲ្យបានច្បាស់លាស់បែបនេះសោះ”។

ស្របជាមួយគ្នានេះ ក៏មានអ្នកលេងបណ្តាញសង្គមមួយចំនួនបានគិតថា ទង្វើរបស់ កញ្ញា Vicki ដូចជាជ្រុលហួសហេតុពេកដែរ។ អ្នកលេងបណ្តាញសង្គមម្នាក់បានសរសេរថា៖ 

“បើសិនជាមានរឿងអ្វីកើតឡើងចំពោះគេពិតមែន តើអ្នកនឹងបកស្រាយប្រាប់ឪពុកម្តាយរបស់គេដោយរបៀបណា? អ្នកភ្លេចហើយឬថា ខែនេះជាខែដែលខ្មោចស្រែកឃ្លានខ្លាំងបំផុតនោះ?”
នាងក៏បានបង្ហោះរូបភាពនោះ ចូលទៅក្នុងគណនីបណ្តាញសង្គម និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងទៀតផង

ទោះជាយ៉ាងណា ក្រោយមក កញ្ញា Vicki បានបញ្ជាក់ថា នេះគ្រាន់តែជាការលេងសើចតែប៉ុណ្ណោះ ហើយនាងមិនមានបំណងធ្វើបែបនេះទេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]