** ប្រលោមលោកខ្មែរឡូត **

« ខែបុណ្យខែទានមិនចេះជូនលុយម៉ែឪទេ កូនឯងវាមិនដូចកូនគេ មើលកូនគេជិតខាងចុះ គេជូនលុយជូនរបស់របរម៉ែឪឱ្យព្រោងព្រាត កូនឯងវិញឱ្យចោរម្សៀត ហើយការងារក៏ការងារម៉េះ ធ្វើប៉ុន្មានថ្ងៃនឹងអាចឱ្យឯងមានបានដែរហេ? »

សំឡេងរអ៊ូរបស់ម៉ាក់តាំងពីព្រឹករហូតដល់ពេលនេះនៅតែមិនបាត់ ខ្ញុំមិនដឹងជាឆ្លើយតបថាម៉េចទេ បើតបមានតែឈ្លោះគ្នាតែប៉ុណ្ណឹង។ ពាក់ស្បែកជើងបណ្តើរ បញ្ចេញទឹកមុខធុញទ្រាន់បណ្តើរជាទម្លាប់របស់ខ្ញុំទៅហើយ។ ឆ្ងល់ចាស់ៗដល់ហើយ កាន់តែចាស់កាន់តែនិយាយច្រើន គួរឱ្យធុញទ្រាន់បំផុត។ ខ្ញុំក៏ឡើងជិះម៉ូតូទៅបាត់ តែសំឡេងឡូឡារបស់ម៉ាក់នៅតែបន្តល្វើយៗ

« និយាយអីមិនបានទេ មើលវាធ្វើប្ញកចុះ »

ជិះម៉ូតូបណ្តើរគិតបណ្តើរទាំងអារម្មណ៍មិនសូវនៅជាប់ខ្លួនប៉ុន្មានទេ។ ម៉ាក់និយាយត្រូវ តែគំនិតដែលខ្ញុំគិតក៏មិនខុសដែរ។ ម៉ាក់បានតែរអ៊ូ បានតែឡូឡាតែមិនដែលបានសួរនាំខ្ញុំបន្តិចសោះ ហេតុអ្វីបានជាខ្ញុំខំធ្វើការខ្លាំងម្ល៉េះ? ម៉ាក់ប្រហែលមិនបានដឹងទេថា ខ្ញុំប្រឹងប្រែងធ្វើការគឺដើម្បីគ្រួសារតែប៉ុណ្ណោះ។ កើតជាកូនបងមិនមែនស្រួលទេ ត្រូវចេញធ្វើការតាំងពីចប់វិទ្យាល័យ រ៉ាប់រងគ្រួសារផង ចិញ្ចឹមប្អូនៗផង។ តែកូនសម្អប់ម្នាក់នេះទោះធ្វើអ្វី ទោះជាប្រឹងធ្វើល្អយ៉ាងណាក៏ខុសដែរ ។ បើអាពួកប្អូនៗដែលចាំតែលាដៃសុំលុយ ចាំតែបំផ្លាញម៉ាក់មិនដែលនិយាយទេ។ គិតៗទៅហេតុអ្វីបានជាកើតជាកូនស្រីអយុត្តិធម៌ម៉េះ? បើខ្ញុំកើតជាកូនប្រុសដូចប្អូនៗប្រហែលជាម៉ាក់មិនលំអៀងបែបនេះទេ។ ខ្ញុំត្រូវប្រឹងធ្វើការឆ្ងក់ៗមិនដែលស្គាល់ថ្ងៃ មិនស្គាល់ឈប់ ថ្ងៃបុណ្យទានអីទេ មិនដោយសារទាំងអស់គ្នាទេ? លុយដែលជូនម៉ែរាល់ខែក៏មាន អ៊ីចឹងថ្ងៃបុណ្យថ្ងៃទានមានលុយឯណាជូនម៉ែទៀតនោះ គាត់ពិតជាមិនយល់ចិត្តខ្ញុំមែន។

............................................................................................................................. 

កំពុងតែធ្វើការៗស្រាប់តែលេខប្អូនទូរស័ព្ទមក។ ខ្ញុំបែរញញឹមតិចៗទាំងខ្លាចចិត្តដាក់ចៅហ្វាយដែលកំពុងសម្លឹងមើលមុខខ្ញុំ។ ខ្ញុំលើកទូរស័ព្ទនិយាយទាំងខ្សឹបៗ

« ស្អីឯង ដឹងពេលនេះបងធ្វើការអត់? »

« ដឹងគឺដឹងហើយ តែពួកខ្ញុំកំពុងតែរៀបចំទៅដើរលេងកំពង់សោម បងឯងទៅអត់?»

« ប្រាប់ហើយថាធ្វើការ ចង់ទៅណាក៏ទៅៗ»

« គ្រួសារយើងទៅទាំងអស់ បងឯងនៅធ្វើការអីទៀត ចោលមួយថ្ងៃទៅ គ្រួសារយើងកម្របានជុំគ្នាណាស់ណាបង »

« ខ្ជិលណាស់ ជួបមុខនាំតែម៉ែរអ៊ូទេ»

« ម៉ែរអ៊ូមកពីបងឯងចេះតែមិនដើរជាមួយគាត់ហ្នឹង»

« កុំនិយាយច្រើនពេក ចង់ទៅក៏ទៅៗ ម៉ែមានពួកឯងទៅជាមួយគាត់សប្បាយណាស់ហើយ ចាំបាច់អីមានបងនោះទេ  បានហើយបងធ្វើការ»។ មិនចាំប្អូនឆ្លើយតបខ្ញុំក៏ចុចបិទទូរស័ព្ទហើយបន្តធ្វើការទាំងធុញទ្រាន់។ លេខប្អូននៅតែទូរស័ព្ទមកមិនឈប់ ខ្ញុំមួរម៉ៅចុចបិទភ្លាមៗ។ ហេតុអ្វីត្រូវមួរម៉ៅដែរ ក្រែងខ្ញុំតើជាអ្នកបដិសេធមិនទៅនោះ ចាំបាច់តូចចិត្ត? ។ ហ៊ើយ! និយាយទៅខ្ញុំក៏ចេះតូចចិត្ត ចេះអន់ចិត្តដែរ ។ ចិត្តចង់ដើរលេងណាស់ តែអាលុយនៅនឹងមុខវាធំជាងទឹកចិត្តដែលចង់ដើរ។ បើឈប់ថ្ងៃនេះមិនត្រឹមតែមិនបានលុយថែមទេ នៅត្រូវកាត់ប្រាក់ខែទៀត។ បើយកលុយនឹងឱ្យប្អូនរៀនគួរបានមួយខែឯណោះ។ ទ្រាំៗទៅកម្មយើងទេ ចាំមួយឆ្នាំ ២ ឆ្នាំអីទៀត សន្សំលុយបានក្រែលហើយចាំដើរលេងក៏មិនទាន់យឺតពេលដែរ។ ប្រហែលជា ២ម៉ោងក្រោយស្រាប់តែមានលេខប្លែកទូរស័ព្ទមកខ្ញុំម្តងទៀត។ គិតៗទៅថ្ងៃបុណ្យទានទូរស័ព្ទរវល់រហូតហ្មង។ ខ្ញុំងាកទៅញញឹមស្ញយៗដាក់ចៅហ្វាយដែលកំពុងសម្លឹងមើលមកខ្ញុំទាំងមិនពេញចិត្ត រួចលើកទូរស័ព្ទនិយាយខ្សឹបៗ

« សួស្តី អ្នកណាហ្នឹង?»

« ប្អូន! បងឃើញលេខប្អូននៅក្នុងទូរស័ព្ទជនរងគ្រោះដែលជួបគ្រោះថ្នាក់ចរាចរណ៍ ប្អូនជាសាច់ញាតិជនរងគ្រោះមែន?»

« ឈប់ៗៗ ពូនិយាយពីអីហ្នឹង ខ្ញុំអត់ទាន់យល់ ?»

« មុនហ្នឹងបន្តិចមានឡានមួយគ្រឿងពណ៌សជិះគ្នា ៤នាក់បានបុកជាមួយឡានធំមួយគ្រឿងនៅផ្លូវជាតិ ស្ថានភាពពិបាកស្មានណាស់ ក្មួយប្រញាប់មក »។ គ្រាន់តែឮភ្លាមខ្ញុំក៏ស្រែកយំខ្លាំងៗទាំងលែងខ្លាចចិត្តអ្នកដែលកំពុងតែធ្វើការ ។ ចៅហ្វាយមកដល់ក៏ស្រែកដាក់ខ្ញុំ

« មកធ្វើការឬក៏មកស្រែកឡូឡាហា? ធ្វើការនៅមិនសុខទេតិចរវល់នេះរវល់នោះ តិចនិយាយទូរស័ព្ទ ប្រយ័ត្នដេញក្បាលចោលទៅ»

« លោកប្រធានគ្រួសាររបស់ខ្ញុំកំពុងតែមានរឿងហើយ ខ្ញុំសុំទៅមុន» ខ្ញុំនិយាយបណ្តើរយំបណ្តើរទាំងសំឡេងយំដង្ហក់

« នែ! ធ្វើចឹងម៉េចបាន? បាន!!!! ចង់ទៅក៏ទៅៗ តែមិនបាច់មកធ្វើការទៀតទេសម្រាកមួយជីវិតហ្មងទៅ  » ខ្ញុំស្រែកទ្រហោយំលែងខ្មាសគេ។ ខ្ញុំនៅសល់អីទៀត គ្រួសារក៏ជួបគ្រោះថ្នាក់មានសង្ឃឹមតិចតួច មេក៏គំរាមដេញចេញទៀត។

.....................................................

រូបតំណាង

ស្រាប់តែសំឡេងស្រែកជំទាលម្តងទៀតបន្លឺក្បែរតត្រចៀករបស់ខ្ញុំ

« ក្រោកឡើង!!!!»

« ហ៊ើយ!!! ស្អីហ្នឹង?»

ខ្ញុំក្រោកឡើងទាំងខួរក្បាលវិលវល់ពេលឃើញប្អូនប្រុសក្បាលខូចទាំង២កំពុងផ្គុំក្បាលគ្នានៅគ្រែគេងរបស់ខ្ញុំ

« ឯងស្រែករកអីបងកំពុងដេកពួន អត់សុជីវធម៌មែន»

ប្អូនរបស់ខ្ញុំញញឹមសប្បាយចិត្ត

« បងឯងអត់ធ្វើការទេហេ? ចឹងយើងទៅដើរលេងទៅ»

« អ្នកណាថាអត់ធ្វើការ យី OT វ៉ើយ!!»

« កន្លែងការងារបងឯងធ្វើការម៉ោង ១០ មែន?»

« ថាម៉េច?» ខ្ញុំស្រែកទាំងតក់ស្លុតហើយមើលនាឡិកានៅក្នុងទូរស័ព្ទ

« វីវរហើយ អាចៅហ្វាយហ្នឹងប្រាកដជាដេញក្បាលបងចោលមិនខាន»

ប្អូនៗរបស់ខ្ញុំញញឹមញញែមសប្បាយចិត្ត

« បងឯងសម្រាកមួយថ្ងៃទៅ ថ្ងៃឈប់តើ»

ខ្ញុំស្រែកភ្លាត់មាត់

« មិនបាន!!!»

ពេលខ្ញុំនិយាយចប់ពួកប្អូនរបស់ខ្ញុំក៏ធ្វើមុខជូររួចនាំគ្នាចេញទៅវិញ។ ខ្ញុំអង្គុយគិតរឿងដែលយល់សប្តិមុននេះ។ យកដៃជូតញើសដែលស្រក់ៗប៉ិនគ្រាប់ពោតចេញពីមុខ

« សំណាងដែលគ្រាន់តែយល់សប្តិ »

ពេលខ្ញុំចុះទៅក្រោមលួចអើតមើល ស្រាប់តែពុកម៉ែនិងប្អូនកំពុងតែនាំគ្នារៀបចំអីវ៉ាន់ ហើយសន្ទនារគ្នាបណ្តើរ

«ម៉ែ បងស្រីមិនទៅទេ គាត់ថាទៅធ្វើការ»

« អ៊ឹម!!! មិនអីទេ បែបបងស្រីឯងមិនចង់ដើរជាមួយពួកយើងទេ »

ខ្ញុំសង្កេតឃើញម៉ែដកដង្ហើមធំទាំងមិនសូវសប្បាយចិត្ត។ ខ្ញុំពិតជាចង់ទៅណាស់ ប៉ុន្តែ......

...........................

ខ្ញុំសំឡឹងមើលម៉ែពុកនិងប្អូនកំពុងតែឡើងឡានប្រុងនឹងរៀបចេញទៅទាំងស្រងូតស្រងាត់ រូចខ្ញុំក៏រត់ចេញទៅដោយស្ពាយកាតាបមួយពីក្រោយហើយបក់ដៃស្រែក

« ចាំផង!!!!»

ពុកម៉ែនិងប្អូនៗឃើញខ្ញុំក៏នាំគ្នាញញឺមសប្បាយចិត្តយ៉ាងខ្លាំង។ ពួកយើងក៏នាំគ្នាធ្វើដំណើរកម្សាន្តប្រកបដោយអារម្មណ៍រីករាយ។ មុននេះបន្តិចត្រចៀកខ្ញុំស្ទើរតែបែកទៅហើយ ព្រោះតែចៅហ្វាយនោះឡូឡាខ្លាំងៗចេញពីទូរស័ព្ទ ពេលឮថាខ្ញុំសុំច្បាប់សម្រាកដល់ទៅ ៣ ថ្ងៃ ហើយបន្ទាប់មកសំឡេងគំរាមដេញខ្ញុំចេញដូចក្នុងយល់សប្តិក៏បន្លឺឡើងដូចគ្នា។ ទ្រាំស្តាប់មិនបាន ខ្ញុំក៏បិទទូរស័ព្ទចោលទាំងមិនស្តាយស្រណោះហើយប្រញាប់ប្រញាល់រៀបចំខោអាវ រួចចុះទៅឱ្យទាន់ដំណើរ។ គិតៗទៅខ្ញុំបែរជាមានអារម្មណ៍ថាធូរស្រាលមែនទែន ដូចលើកភ្នំធំមួយចេញពីទ្រូងអ៊ីចឹង។ ការពិតធ្វើការកន្លងមកដូចជាធ្វើបាបខ្លួនឯងអ៊ីចឹង។ ខ្ញុំចាំថាចាប់តាំងពីខ្ញុំធ្វើការខ្ញុំមានសម្ពាធគ្រប់បែបយ៉ាង ខ្ញុំធុញទ្រាន់ ខ្ញុំស្ត្រេស ចំណែកពេលវេលាជាមួយគ្រួសារក៏កាន់តែហោចទៅៗទៀត ដោយពេលវេលាសឹងតែមួយថ្ងៃត្រូវចំណាយនៅកន្លែងធ្វើការទាំងអស់។ លុយក៏មិនបានប៉ុន្មាន តែខ្ញុំបែរជាលះបង់អ្វីៗគ្រប់យ៉ាងដើម្បីការងារមួយនេះទៅវិញ។ ខ្ញុំមិនគួរប្រឹងពេកទេ ចំណាយពេលវេលានៅថ្ងៃឈប់សម្រាកខ្លះជាមួយគ្រួសារមានអ្វីមិនល្អ។ បើថាគេដេញក៏ដេញទៅចុះ យើងម៉េចទៅហាមឃាត់គេបាន។ សំឡេងម៉ែសួរខ្ញុំទាំងបារម្ភលាយរីករាយបន្តិច

« ឯងមកចឹងមេឯងមិនថាអីទេ? »

« ថាអីក៏ថាទៅ កូនចង់ដើរលេងដែរតើ យ៉ាងច្រើនគេដេញចេញ» ម៉ែធ្វើមុខបារម្ភ ប្អូនៗក្បាលខូចទាំង២របស់ខ្ញុំក៏និយាយសើចលួងលោម

« ដេញក៏ដេញទៅ បងស្រីខ្ញុំពូកែសឹងអី ហេងស៊យកន្លែងថ្មីបងស្រីបានប្រាក់ខែច្រើនតំណែងខ្ពស់ផងក៏មិនដឹង»

ខ្ញុំញញឹម និងសើចទាំងមានមោទនភាពខ្លួនឯង។ មែនហើយចំណេះប៉ុណ្ណឹងដែរហេតុអ្វីយើងត្រូវទ្រាំទ្រនឹងការងារបែបនេះ? ទៅខ្លាចអីមិនមែនមានការងារតែមួយកន្លែងហ្នឹងឯណា។ ម៉ែទះស្មាខ្ញុំតិចៗផ្តល់កម្លាំងចិត្ត

« មែនហើយកូនម៉ែពូកែណាស់ អស់ពីកន្លែងហ្នឹងប្រាកដជាមានកន្លែងផ្សេងទៀត។  ម្យ៉ាងចិញ្ចឹមកូនតាំងពីតូចដល់ធំប៉ុណ្ណេះ មិនមែនថាពេលនេះពុកម៉ែចិញ្ចឹមកូនមិនរស់ឯណា។ និយាយទៅ ម៉ែក៏មិនសូវជាពេញចិត្តឱ្យកូនធ្វើការកន្លែងហ្នឹងដែរ ម៉ែឃើញមួយរយៈនេះកូនស្គមណាស់ ហើយមុខឡើងស្លក់។ កុំប្រឹងពេកអីកូនណា គ្រួសារយើងរាល់ថ្ងៃប៉ុណ្ណឹងសមរម្យនឹងគេហើយ កុំប្រឹងដល់ថ្នាក់ធ្វើបាបខ្លួនឯងពេក។ ម៉ែពុកមិនប្រាថ្នាមានបានអីលោភលន់ទេ សុំតែកូនៗមានការងារល្អ មានលុយចាយមួយសមរម្យដូចគេឯង ហើយមានពេលជួបជុំគ្រួសារចឹងម៉ែពុកអរណាស់ហើយ »

ពុកងាកមកញញឹមដាក់ពួកយើងហាក់យល់ស្របនឹងសម្តីម៉ែ។ ខ្ញុំញញឹមចាប់ដៃម៉ែក្នុងន័យអរគុណ។ ពេលនេះខ្ញុំយល់ច្បាស់ហើយថាម៉ែពុកស្រលាញ់និងបារម្ភពីខ្ញុំណាស់។ ទោះជាពួកយើងមិនមានពេលនៅជាមួយគ្នាញឹកញាប់ដូចមុន តែការស្រលាញ់និងការបារម្ភក៏មិនបានថែមថយចុះទៅណាដែរ។ ចំណែកអាប្អូនៗក្បាលខូចទាំង២យ៉ាងណាវាជាប្អូនខ្ញុំ ខ្ញុំមិនគួរធ្លាប់មានចិត្តច្រណែននឹងពួកវាសោះ។ ការពិតគ្រួសាររបស់ខ្ញុំតែងតែនៅពីក្រោយផ្តល់ជាកម្លាំងចិត្ត និងនៅក្បែរចាំលើកទឹកចិត្តខ្ញុំជានិច្ច។ ខ្ញុំសំណាងណាស់ដែលមានគ្រួសារល្អបែបនេះ។ ដំណើរកម្សាន្តរបស់យើងក៏រលូនប្រកបដោយបរិយាកសប្បាយរីករាយ។ មិនតែប៉ុណ្ណោះ ពេលត្រលប់មកវិញថែមទាំងមានដំណឺងដ៏អស្ចារ្យទៀតផង មិនត្រឹមតែមិនត្រូវគេដេញចេញទេ អគ្គនាយកធំថែមទាំងតំឡើងតំណែងឱ្យខ្ញុំទៀតផង។

ឆ្លងតាមរឿងរ៉ាវដែលបានកើតឡើងកន្លងមកទើបខ្ញុំដឹងថា ពេលវេលាពិតជាមានតម្លៃណាស់សម្រាប់គ្រួសារ មួយវិញទៀតការខិតខំប្រឹងប្រែងធ្វើការកន្លងមកក៏មិនអត់ប្រយោជន៍ដែរ ទីបំផុតនៅតែមានអ្នកមើលឃើញ និងឱ្យតម្លៃ។ ខ្ញុំយល់ថារឿងរ៉ាវដែលបានកើតឡើងកន្លងមកបានផ្តល់មេរៀនជីវិតជាច្រើនដល់ខ្ញុំ។ ខ្ញុំធ្លាប់ពិបាក ខ្ញុំធ្លាប់អស់សង្ឃឹម ខ្ញុំធ្លាប់មានការគិតខុសឆ្គងជាច្រើន តែរឿងរ៉ាវនិងបញ្ហាមួយចំនួនមិនបានអាក្រក់ដូចជាអ្វីដែលយើងគិតដែរ។ ពេលដែលយើងឆ្លងកាត់មកទើបយើងដឹងថា បើសិនជាកាលពីមុនយើងរាថយ យើងអស់សង្ឃឹមនិងចុះចាញ់នោះ ប្រហែលជាពេលនេះយើងមិនបានជួបជីវិតដែលពោរពេញដោយឥន្ទធនូនោះដែរ៕

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]