រាជធានី​ភ្នំពេញ ៖ ព្រឹក​ថ្ងៃ​ទី​១៥ ខែកញ្ញា សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រមលើ​សំណុំរឿង​ស្ត្រី​ជនជាតិ​វៀត​ណាម​​​ម្នាក់ ដែល​ផ្តើមគំនិត​ជួល​ជន​ដៃដល់​ឱ្យ​បោក​គ្រាប់បែក​ប៉ុនប៉ង​សម្លាប់​ប្រុស​ស្នេហ៍​បែកចិត្ត ក្នុង​នោះ​បាន​ផ្តន្ទាទោស៣​នាក់​​ដាក់​​ពន្ធនាគារ​កំណត់​មួយ​ជីវិត និង​២​នាក់​ក្នុង​ម្នាក់​ៗ៣០​ឆ្នាំ ។

សាលក្រម​នេះ​ បាន​ផ្តន្ទាទោស​លើ​ជនជាប់ចោទ ១-​ឈ្មោះ សុខ គឹ​ម​លី ភេទ​ស្រី អាយុ​៤១​ឆ្នាំ អ្នក​ផ្តើមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិត​ទុកជា​មុន ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ២-​ឈ្មោះ សាក់ ម៉ា​ប់ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ៣-​ឈ្មោះ ប៊ុ​ន ភក្តី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ (២​នាក់​នេះ​ជា​ជន​ដៃដល់​បោក​គ្រាប់បែក​) ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ៤-​ឈ្មោះ ប៊ូ សុភាព ភេទ​ស្រី អាយុ​២៥​ឆ្នាំ និង​៥-​ឈ្មោះ នូ សំ​បាន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ (២​នាក់​នេះ​ជា​អ្នកសមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិត​ទុកជា​មុន​) ផ្ត​ន្ទ​ទោស​ដាក់​ព​ន្ធា​គារ​ម្នាក់​ៗ៣០​ឆ្នាំ ។ ទោះបីជា​បែប​ណា សាលក្រម​នេះ​បាន​ទុក​សិទ្ធិ​បើកផ្លូវ​ឱ្យ​ជនជាប់ចោទ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ ។

គួរ​រំលឹក​ថា កាលពី​វេលា​ម៉ោងជាង​៧​យប់​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០១៦ មាន​ករណី​វាយប្រហារ​ដោយ​គ្រាប់បែក​នៅ​ក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ បណ្តាល​ឱ្យប្រជាពលរដ្ឋ​ប្រុស​ស្រី​ចំនួន​៤​នាក់​រង​របួសធ្ងន់ និង​ស្រាល ។ ករណី​នេះ ដំបូង​គេ​សង្ស័យ​ថា​ជា​រឿង​នយោបាយ ប៉ុន្តែ​មិន​បាន​ប៉ុន្មាន​ផង នគរ​បាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ធ្វើការ​ស្រាវជ្រាវ និង​ឈាន​ដល់​ឃាត់ខ្លួន​ម្ចាស់​គ្រាប់បែក​រួម​ទាំង​ជន​ដៃដល់​៥​នាក់ ទើប​ដឹង​ថា​ជា​រឿង​ស្នេហា​ត្រីកោណ ពោល​គឺ​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​ឈ្មោះ សុខ គឹ​ម​លី ខឹង​ប្រុស​ស្នេហ៍​បែកចិត្ត ក៏​ជួល​ជន​ដៃ​ឱ្យទៅ​បោក​គ្រាប់​ប៉ុនប៉ង​សម្លាប់ ដែល​ជា​រឿង​ឃាតកម្ម​គិត​ទុកជា​មុន ។

ក្រោយ​ពី​ត្រូវ​ចាប់ខ្លួន ស្ត្រី​ឈ្មោះ សុខ គឹ​មលី សារភាព​ថា ខ្លួន​ពិតជា​អ្នក​រៀបចំ​គម្រោង និង​ជួល​មនុស្ស​ឱ្យទៅ​សម្លាប់​ឈ្មោះ អៀ លី​ហួរ ដែល​ជា​ប្រុស​ស្នេហ៍ ស្រឡាញ់​គ្នា​លួចលាក់​ពី​ប្តី​ជនជាតិ​សិង្ហ​បុរី ។ ការ​ប៉ុនប៉ង​សម្លាប់​ឈ្មោះ អៀ លី​ហួរ ជា​ប្រុស​ស្នេហ៍​នោះ មិនមែន​តែ​មួយ​លើក​នេះ​ទេ គឺ​២​លើក​មក​ហើយ ដោយ​បាន​ចំណាយ​ប្រាក់​អស់​ដល់​ទៅ​៣​មឺ​ុ​ន​ដុល្លារ​អា​មេ​រិ​ក ។ លើក​ទី​១-​បាន​ទិញ​កាំភ្លើងខ្លី​១​ដើម និង​ជួល​មនុស្ស​២​នាក់​ឱ្យទៅ​បាញ់​សម្លាប់​ឈ្មោះ អៀ លី​ហួរ ប៉ុន្តែ​ពេល​នោះ អៀ លី​ហួរ ដឹងខ្លួន​ក៏​បែក​ការណ៍​អស់​ទៅ ។ លើក​ទី​២-​បាន​ទាក់ទង​ជាងសំណង់ និង​អ្នក​រត់​ម៉ូតូឌុប ឱ្យ​រក​ទិញ​គ្រាប់បែក​ទៅ​បោក​សម្លាប់ អៀ លី​ហួរ ម្តងទៀត ដោយសារ​តែ​រូបគេ​កើត​ទុក​មិន​សុខចិត្ត​នូវ​ទ​ង្វើ​របស់​ប្រុស​ស្នេហ៍​ដែល​ហ៊ាន​បែកចិត្ត ។ ខ្លួន​សុខចិត្ត​ក្បត់​ប្តី​ជា​ថៅកែ​ជនជាតិ​សិង្ហ​បុរី ហើយ​លួចលាក់​លុយកាក់​យក​មក​ចិញ្ចឹម​ប្រុស​ស្នេហ៍ តែ​ទីបំផុត​ប្រុស​ស្នេហ៍​បែរជា​បែកចិត្ត​រក​ថ្មី បានជា​កើត​គំនិត​តាម​ធ្វើឃាត​នោះ។

នៅ​ថ្ងៃ​កើតហេតុ លោក អៀ លី​ហួរ កំពុង​បើកទ្វារ​ផ្ទះ ពេល​នោះ​ជន​ដៃដល់​ជិះ​ម៉ូតូ​ទៅ​ក្បែរ​ហើយ​ម្នាក់​ជិះ​ខាងក្រោយ​បាន​ចោល​គ្រាប់បែក​សំដៅ​ទៅ អៀ លី​ហួរ ប៉ុន្តែ​គ្រាប់បែក​នោះ បាន​ហោះ​ទៅ​ត្រូវ​ទ្រូង​បក្សពួក​ដែល​ជិះ​ម៉ូតូ​តាម​ក្រោយ បណ្តាល​ឱ្យ​ធ្លាក់​កណ្តាលផ្លូវ​ហើយ​ក៏​ផ្ទុះ​លាន់​កក្រើក និង​មាន​មនុស្ស​៤​នាក់​រង​របួស ព្រមទាំង​រថយន្ត​៤​គ្រឿង​ក៏​ខូចខាត​ដែរ ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង ។ ចំណែក​លោក អៀ លី​ហួរ មិន​មាន​រង​របួស​ទេ ថែម​ទាំង​មិន​បានដឹង​ខ្លួន​ថា គ្រាប់បែក​នោះ​គឺ​ក្រុម​ឃាតករ​យក​ទៅ​បោក​ប៉ុនប៉ង​ផ្តាច់ជីវិត​ខ្លួន​នោះ​ឡើយ ។

ក្រោយ​ពី​ឃុំខ្លួន​អស់​រយៈពេល​ជា​ច្រើន​ខែសំណុំរឿង​នេះ​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ លើកយក​មក​បើក​សវនាការ​ជំនុំជម្រះ​ទោស ដែល​ដឹកនាំ​ដោយ​លោក លី សុខ​លេង ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ លោក សេង រិ​ទ្ធីលោក ម៉ុង មុនី​សោភា ចៅក្រម​អម និងលោកស្រី សឺ​ុ វ​ណ្ណី ព្រះរាជអាជ្ញា​រង ជា​តំណាងអយ្យការ ។ សវនាការ​លើ​អង្គសេចក្តី​នេះ ក្នុងសំណុំរឿង​ផ្តើមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិត​ទុកជា​មុន ដែល​មាន​ជន​ជាប់​ចំនួន​៥​នាក់ បាន​បង្ហាញមុខ​នៅ​ក្នុង​រង្វង់​ក្រចកសេះ ៕

ព្រឹក​ថ្ងៃ​ទី​១៥ ខែកញ្ញា សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រមលើ​សំណុំរឿង​ស្ត្រី​ជនជាតិ​វៀត​ណាម​​​ម្នាក់ ដែល​ផ្តើមគំនិត​ជួល​ជន​ដៃដល់​ឱ្យ​បោក​គ្រាប់បែក​ប៉ុនប៉ង​សម្លាប់​ប្រុស​ស្នេហ៍​បែកចិត្ត ក្នុង​នោះ​បាន​ផ្តន្ទាទោស៣​នាក់​​ដាក់​​ពន្ធនាគារ​កំណត់​មួយ​ជីវិត និង​២​នាក់​ក្នុង​ម្នាក់​ៗ៣០​ឆ្នាំ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]