បរទេស៖  នៅក្នុងឆ្នាំ ២០០៥ លោក Michael Birch និងលោកស្រី Xochi Birch ភរិយារបស់គាត់បានចូលដៃគ្នាបង្កើតគេហទំព័របណ្តាញសង្គមមួយមានឈ្មោះថា Bebo ។

នៅពេលចាប់ផ្តើមដំបូងកម្មវិធីនេះបានទទួលជោគជ័យយ៉ាងខ្លាំង ហើយនៅក្នុងខែមីនាឆ្នាំ ២០០៨ Bebo ដែលជាកម្មវិធីបណ្តាញសង្គមដ៏ល្បីល្បាញនៅក្នុងចក្រភពអង់គ្លេសត្រូវបានលក់ទៅឲ្យក្រុមហ៊ុនបច្ចេកវិទ្យា AOL របស់អាមេរិកនៅក្នុងតម្លៃ ៨៥០លានដុល្លារ។

បន្ទាប់ពីបានលក់ហើយលោក Michael Birch បានក្លាយជាសហគ្រិនបច្ចេកវិទ្យាម្នាក់ដែលមានប្រាក់ច្រើនជាងគេបំផុតនៅក្នុងចក្រភពអង់គ្លេសផងដែរ។ 

លោក Michael Birch
លោក Michael Birch និងភរិយារបស់គាត់
បណ្តាញសង្គម Bebo
បណ្តាញសង្គម Bebo
បណ្តាញសង្គម Bebo

ជាអកុសល ត្រឹមតែមួយរយៈពេលបន្ទាប់ពីក្រុមហ៊ុន AOL បានទិញយកកម្មវិធី Bebo ហើយមក កម្មវិធីនេះបានចាប់ផ្តើមធ្លាក់កូដដោយសារដៃគូប្រកួតប្រជែងរបស់ខ្លួនដូចជាកម្មវិធី Facebook និងកម្មវិធី Twitter ចេះតែរីកចំរើនខ្លាំងឡើង។

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយឌីជីថល Criterion Capital Partners បានទិញកម្មវិធី Bebo នេះពីក្រុមហ៊ុន AOL ក្នុងតម្លៃប្រហែល ១០លានដុល្លារ។ ប៉ុន្តែមកដល់ត្រឹមខែកក្កដាឆ្នាំ ២០១៣ លោក Michael Birch បានទិញយកបណ្តាញសង្គម Bebo ដែលគាត់បានបង្កើតនេះពីក្រុមហ៊ុន Criterion Capital Partners នៅក្នុងតម្លៃត្រឹមតែ ១លានដុល្លារប៉ុណ្ណោះ។

លោក Michael Birch ក៏បានបង្ហើបថា គាត់មានគម្រោងរួចស្រេចហើយថាគាត់នឹងកែច្នៃកម្មវិធី Bebo ទៅជាអ្វីថ្មីផ្សេងនោះ។ 

គួរបញ្ជាក់ផងដែរថា ការលក់ចេញនូវកម្មវិធីនៅក្នុងតម្លៃថ្លៃកប់ពពក និងទិញមកវិញនៅក្នុងតម្លៃទាប មិនសូវជាកើតមានឡើងញឹកញាប់ទេនៅក្នុងវិស័យបច្ចេកវិទ្យា។ យើងចាំអ៊ុតមើលទាំងអស់គ្នាថាតើលោក Michael Birch នឹងកែប្រែកម្មវិធីដែលអស់ភាពល្បីល្បាញនេះទៅជាអ្វីដែរទៅ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]