** ប្រលោមលោកខ្មែរឡូត **

ជីវិតមនុស្សម្នាក់ៗសុទ្ធតែមានតម្លៃ និងមានអត្ថន័យរស់នៅរៀងៗខ្លួន។ មនុស្សតែងតែចង់រស់នៅក្នុងសេចក្តីថ្លៃថ្នូរ ការទទួលស្គាល់ក្នុងសង្គម មានជីវិត មានសិទ្ធរស់នៅដូចៗគ្នា។ ក្នុងនាមជាមនុស្សគួរចេះគោរពសិទ្ធគ្នាទៅវិញទៅមក និងចេះស្រលាញ់គ្នា រួមគ្នាសាងភាពសប្បុរធម៌ មនុស្សធម៌ក្នុងនាមមនុស្សជាតិរស់នៅលើផែនដីតែមួយ។ ប៉ុន្តែទីបំផុតហេតុអ្វីក៏ខ្ញុំត្រូវចាកចេញទាំងបែបនេះ? ហេតុអ្វីក៏អយុត្តិធម៌ខ្លាំងម្ល៉េះចំពោះខ្ញុំ?

គ្រោះថ្នាក់ដ៏រន្ធត់មួយ

បន្ទាប់ពីប្រកាសលទ្ធផលការប្រលងរួច ខ្ញុំប្រញាប់ត្រលប់មកផ្ទះវិញដើម្បីពាំនាំដំណឺងល្អដ៏មានមោទនភាពជម្រាបម៉ាក់ប៉ានិងក្រុមគ្រួសាររបស់ខ្ញុំ។ ខ្ញុំគ្រាន់តែចង់បញ្ជាក់ថាខ្ញុំធ្វើបានហើយ ខ្ញុំស្តារមុខមាត់គ្រួសារយើងបានហើយ ខ្ញុំមិនធ្វើឱ្យពួកគាត់អស់សង្ឃឹមនោះទេ។ ទោះជាប្រញាប់ប្រញាល់ និងមានចិត្តរំភើបក្រៃលែងនឹងលទ្ធផលដ៏គាប់ចិត្តបែបនេះក៏ដោយ តែខ្ញុំនៅតែមិនភ្លេចបណ្តាំរបស់ម៉ាក់មុននឹងចេញពីផ្ទះដែរ។ ហើយគាត់តែងតែនិយាយរាល់ថ្ងៃ ណែនាំបែបនេះរាល់ពេល.......

« កូនឯងជិះម៉ូតូត្រូវជិះយឺតៗតិចៗ គៀនៗកុំទៅកណ្តាលថ្នល់  កុំប្រញាប់ទៅណា ហើយពាក់មួកឱ្យជាប់ៗ ជិះតាមផ្លូវប្រយ័ត្នប្រយែង មើលឆ្វេងមើលស្តាំ មានឡានច្រើន ឃើញឡានធំៗ កុំចូលប្រជ្រៀតជាមួយគេឱ្យសោះ ឱ្យគេទៅមុនទៅណា....»

ពាក្យសម្តីដាស់តឿនរបស់ម៉ាក់ខ្ញុំតែងតែស្តាប់ និងទន្ទេញដូចជាមេសូត្រទៅហើយ ហើយតែងតែប្រតិបត្តិតាមមិនឱ្យរំលងសូម្បីតែមួយចំណុច។ ក្នុងនាមជាម្តាយដែលស្រលាញ់ និងបារម្ភកូនៗ ម៉ាក់តែងតែរអ៊ូ តែងតែណែនាំព្រោះគាត់ដឹងថានៅក្នុងពេលបច្ចុប្បន្ន មនុស្សដែលធ្វើដំណើរតាមដងវិថីរាល់ថ្ងៃមានមនុស្សមួយចំនួនធំមិនស្គាល់ច្បាប់ចរាចរណ៍ មិនគោរពច្បាប់ចរាចរណ៍ ធ្វើដំណើរពោរពេញដោយអសីលធម៌ក្នុងខ្លួន មិនគោរពសិទ្ធគ្នាទៅវិញទៅមក ដូច្នេះដំណោះស្រាយតែមួយនោះគឺយើងត្រូវតែចេះប្រុងប្រយ័ត្នដោយខ្លួនឯង។ ពាក្យបណ្តាំរបស់អ្នកមានគុណកូនតែងតែចាំទុកនៅក្នុងចិត្តទាំងមុនពេលចេញពីផ្ទះ និងរាល់ពេលត្រលប់មកផ្ទះ ហើយក៏ទន្ទេញចងចាំរាល់ពេលកំពុងតែធ្វើដំណើរដែរ។

ប៉ុន្តែ.......ខ្ញុំស្តាប់តាមដំបូន្មានរបស់អ្នកមានគុណហើយ ហេតុអ្វីវាសនារបស់ខ្ញុំក្លាយទៅជាបែបនេះ? មួកសុវត្ថិភាពក៏ពាក់ត្រឹមត្រូវ។ ភ្លើងនិងផ្លាកសញ្ញាចរាចរណ៍ក៏ខ្ញុំគោរព អ្នកដំណើររួមគ្នាខ្ញុំក៏ផ្តល់សិទ្ធអទិភាពឱ្យគេមុន មានឡានធំៗខ្ញុំក៏មិនហ៊ានប្រជែងឱ្យគេទៅមុនរហូត។ ហេតុអ្វីក៏ជាខ្ញុំដែលមានគ្រោះថ្នាក់តែម្នាក់ឯង?

« ម៉ាក់ ប៉ា នៅឯណា? ជួយកូនផង កូនត្រូវស្លាប់ហើយមែនទេ? អ្នកណាក៏បានជួយខ្ញុំផង»    ទឹកភ្នែកខ្ញុំស្រក់ជំនួសពាក្យសម្តីដែលនិយាយមិនចេញរបស់ខ្ញុំ។ មុននេះបន្តិចតែប៉ុន្មានវិនាទី មានឡានទំនើបចង្រៃបើកបរដោយបុរសដែលស្រវឹងជោគជាំទាំងកណ្តាលថ្ងៃបានបើករេពេញទាំងផ្លូវថ្នល់ រួចក៏បោលសំដៅមកបុកម៉ូតូរបស់ខ្ញុំដែលកំពុងតែជិះយឺតៗពេញមួយទំហឹង ។ ម៉ូតូរបស់ខ្ញុំខ្ទេចខ្ទីខ្ទាតទៅម្ខាង  ខួរក្បាលរបស់ខ្ញុំវិលខ្ញាល់ កែវភ្នែកស្រវាំង សាច់របស់ខ្ញុំគ្រប់តួខ្លួនឈឺចាប់ដូចគេហែកសាច់ទាំងរស់ ឈាមរបស់ខ្ញុំហូរជោគដាបពេញថ្នល់..... តែខ្ញុំគ្មានកម្លាំងនឹងស្រែកហៅនរណាម្នាក់ឱ្យជួយនោះទេ។ 

រូបតំណាង

ហេតុអ្វីគ្មានអ្នកណាមកជួយខ្ញុំ?

ហេតុអ្វីគ្មានអ្នកណាហៅឡានពេទ្យ?

តើហេតុអ្វីពួកគេនាំគ្នាថតរូបខ្ញុំ?

តើហេតុអ្វីពួកគេនាំគ្នាចោមរោម និងនិយាយគ្នាចុះឡើងបែបនេះ?

រំពេចនោះមានបុរស ២ ៣ នាក់ស្ទុះមកស្ទាបពេញទាំងខ្លួនប្រាណរបស់ខ្ញុំ។ ខ្ញុំមានសង្ឃឹមហើយ ខ្ញុំប្រាកដជាត្រូវបានគេជួយសង្គ្រោះហើយ ខ្ញុំប្រាកដជារស់។ ប៉ុន្តែ ! អត់ទេ......ហេតុអ្វីបានជាពួកគេ…................................

ទេ!!!...... កាបូបសៀវភៅរបស់ខ្ញុំ កុំយកវាទៅអី

ទេ!!!! កាបូបលុយរបស់ខ្ញុំ នេះជាលុយដែលខ្ញុំខំសន្សំ

ទេ!!! នោះជារូបថតគ្រួសាររបស់ខ្ញុំ កុំរើកកាយវាចេញអី

ទេ!!! វាជាទូរស័ព្ទដែលម៉ាក់ប៉ាទិញឱ្យខ្ញុំជាអំណោយនៅថ្ងៃខួបកំណើតអាយុ ២០ ឆ្នាំរបស់ខ្ញុំកាលពី ៣ ខែមុន។

អត់ទេ!!! យករបស់ខ្ញុំទាំងអស់មកវិញមក.... កុំធ្វើបែបនេះអី។ 

រូបតំណាង

ទោះខ្ញុំខំព្រិចភ្នែក កម្រើកដៃសុំជំនួយក៏គ្មានអ្នកណាមកអើពើ ឬមានចិត្តចង់ជួយសង្គ្រោះខ្ញុំឡើយ។ ហេតុអ្វីមនុស្សដែលរស់នៅក្នុងសង្គមមួយនេះចិត្តខ្មៅ សាហាវព្រៃផ្សៃបែបនេះ? តើក្មេងស្រីដូចខ្ញុំមានកំហុសអីទៅ? ហេតុអ្វីទៅ? ពេលនេះខ្ញុំនៅមានដង្ហើម ខ្ញុំអាចជួយសង្គ្រោះបាន សូមមេត្តាជួយខ្ញុំផង កុំធ្វើបែបនេះអី។ ខ្ញុំនៅចង់រស់ ខ្ញុំនៅក្មេងណាស់ ខ្ញុំត្រូវមានអនាគតវែងឆ្ងាយ ខ្ញុំត្រូវយកសញ្ញាបត្រ និងលទ្ធផលសិក្សាដ៏មានតម្លៃនេះជូនម៉ាក់ប៉ារបស់ខ្ញុំ។ ខ្ញុំមិនទាន់ចង់ស្លាប់ទេ ជួយខ្ញុំផង!

ឱ! អ្នកម្តាយលោកឪពុកកូនអើយ តើលោកទាំងពីរនៅទីណា? ឆាប់មកជួយកូនផង មនុស្សនៅទីនេះអាក្រក់ណាស់ គេទុកកូនចោល កូនជិតដាច់ខ្យល់ស្លាប់ហើយ ។ កូនជិតទ្រាំលែងបានហើយ ។ ពុទ្ធោ! តើអ្នកមានគុណកូនពិបាកចិត្តយ៉ាងណា គ្រាំចិត្តយ៉ាងណា ហើយទឹកភ្នែកលោកទាំងពិរនឹងស្រក់ហូរដល់កម្រិតណាទៅ បើពួកលោកបានឃើញស្ថានភាពកូនសំណព្វចិត្តដែលខំចិញ្ចឹមបីបាច់ ថែរក្សា បីបមពេញដោយក្តីស្រលាញ់របស់លោកទាំងពីរក្នុងពេលនេះ? 

កូនសុំទោស!!! កូនប្រហែលជាមិនអាចរស់នៅបានទៀតទេ។ 

សុំទោសដែលកូនមិនអាចបានឃើញលោកទាំងពីរជាលើកចុងក្រោយ 

កូនសុំទោសដែលកូនមិនទាន់បានសងគុណលោកទាំងពីរ 

កូនសុំទោសដែលកូនមិនបានប្រយ័ត្នខ្លួនឱ្យបានច្រើនជាងនេះ។ 

តែ......វាមិនមែនជាកំហុសរបស់កូនទេ ហេតុអ្វីត្រូវជាកូនជាអ្នកចាកចេញពីពិភពលោកមួយនេះដោយឆាប់រហ័សបែបនេះ? ហេតុអ្វីមនុស្សដែលធ្វើឱ្យកូនក្លាយជាបែបនេះគេនៅអាចឈរជ្រងបែបនេះ? តើមរណៈភាពរបស់ខ្ញុំនៅពេលនេះជាកំហុសរបស់អ្នកដែលបុករបស់ខ្ញុំ ឬជាកំហុសរបស់មនុស្សជុំវិញដែលគ្មានចិត្តមនុស្សធម៌ជួយសង្គ្រោះខ្ញុំ? តើសោកនាដកម្មពេលនេះជាកំហុសរបស់អ្នកណាឱ្យពិតប្រាកដ?????

រូបតំណាង

ព្រលឹងខ្ញុំហោះហើរចេញពីខ្លួន ស្របពេលដែលសំឡេងសារ៉ែនឡានពេទ្យបរចូលមកដល់។  ហួសពេលហើយ! លាហើយពិភពលោករបស់ខ្ញុំ បើសិនជាអាច ខ្ញុំចង់ឱ្យអ្វីដែលខ្ញុំបានជួយប្រទះនៅពេលមុនស្លាប់ បានដឹងបានឮ និងចែកចាយឱ្យមនសុ្សទូទាំងពិភពលោកបានដឹងថា ខ្ញុំមិនចង់ចាកចេញទេ ខ្ញុំចង់រស់ ខ្ញុំមិនចង់ទៅដោយបែបនេះទេ ហើយខ្ញុំក៏រឹតតែមិនចង់ឱ្យមនុស្សឯទៀតជួបវាសនាដូចជាខ្ញុំដែរ។

ធ្វើជាមនុស្សរស់នៅក្នុងពិភពលោកតែមួយត្រូវតែចេះជួយយកអាសារគ្នា រស់នៅក្នុងសង្គមដោយសេចក្តីថ្លៃថ្នូរ គោរពច្បាប់ទម្លាប់ប្រទេសជាពិសេសមានចិត្តមេត្តាធម៌ មនុស្សធម៌នៅក្នុងខ្លួនផង ​អ្នកចង់រស់ ​អ្នកដទៃគេក៏ចង់មានជីវិតចង់រស់នៅដូចគ្នា៕

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]