រាជធានីភ្នំពេញ ៖ តាមប្រភពព័ត៌មានពីកម្លាំងសម្ងាត់ងបានឱ្យដឹងថា ស្រីស្នេហ៍របស់ក្រុមជនដៃដល់ម្នាក់ក្នុង ករណីចាប់ជំរិតទារប្រាក់ពីអតីត កញ្ញាឯកហ្វ្រេស៊ីហ្គើលលីម ស្រីពេជ្រ ហៅម៉ី ត្រូវបានសមត្ថកិច្ចស៊ើបដឹង ពីអត្តសញ្ញាណ និងឃាត់ខ្លួនសាកសួរកាលពី រសៀលថ្ងៃទី២៤ តុលា ២០១២ ដើម្បីស្វែងរកពន្លឺចាប់ខ្លួនពួកជនដៃដល់បន្តទៀត ហើយបានដូចចិត្ត បន្តិចក្រោយមកក៏ចាប់បានបុរសជន ដៃដល់ម្នាក់ទៀតជាសង្សាររបស់នាងម្នាក់នេះតែម្តង។

ការឃាត់ខ្លួនស្រីស្នេហ៍របស់ពួកជនដៃដល់នេះគឺ ធ្វើឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពេលប្រទះឃើញសពនារីរង គ្រោះដ៏គួរឱ្យភ្ញាក់ផ្អើល និងសោកសៅ និងធ្វើឡើងខណៈនាងជិះរថយន្ត មួយគ្រឿងទៅទទួលប្រាក់នៅកុងធនាគារ (គណនីធនាគារ) ។ តាមចម្លើយសារភាពពីស្រីស្នេហ៍ពួក សង្គមងងឹតរូបនេះបានឱ្យដឹងថា ក្រុមជនដៃដល់ចាប់ជំរិតនាងលីម ស្រីពេជ្រ ហៅម៉ី មានគ្នា៤នាក់ គឺប្រុស៣នាក់ ស្រីម្នាក់ ហើយប៉ុន្មានម៉ោងបន្ទាប់មកនោះ ក៏ឈានទៅចាប់បានបុរសម្នាក់ទៀត  ជាសង្សាររបស់នាងនេះតែម្តង ។

នារីជនដៃដល់រកស៊ីអ្នកណាមិនបាន ហៅមិត្តភក្តិខ្លួនឯងទៅស៊ី (ជំរិតប្រាក់សម្លាប់) នេះមានឈ្មោះសឹម គឹមហេង និងឈ្មោះប្រើនៅក្នុង ក្រុមហ៊ុនចិនហៅថា ស៊ុន ជីងស៊ីង អាយុ២៣ឆ្នាំ ជាមេការនៅក្នុងក្រុមហ៊ុនចិនមួយលក់គ្រឿងសង្ហារិម ស្នាក់នៅផ្ទះជួលលេខ១១៤A ផ្លូវលេខ៩៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា នារីមានចរិតអន្ធពាលម្នាក់នេះបាន ចាយលុយក្រុមហ៊ុនអស់ជាង២ម៉ឺន ហើយចេះតែលង់ទៅៗមិនដឹងជាទៅ រកប្រាក់ឯណាមកសង ឬបង្គ្រប់បាន ក៏គិតឃើញរឿងស៊ី មិត្តភក្តិខ្លួនឯងបែបនេះទៅ ។ 

សូមបញ្ជាក់ថា សពនារីវ័យក្មេងម្នាក់ដែលគេអះអាងថា ជាអតីតកញ្ញាឯកហ្វ្រេស៊ីហ្គើលរបស់ក្រុមហ៊ុនមួយ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅ ក្នុងប្រឡាយទឹកខាងជើងរោងចក្រកាត់ដេរខា.ថា ស្ថិតនៅភូមិល្វា ឃុំអង្គពពេល ស្រុកគងពិសី វេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២៤ តុលា ២០១២ គឺជាករណីចាប់ជំរិត ប៉ុន្តែមិនបានទទួលប្រាក់ ក្រុមជនដៃដល់ក៏រឹត.កសម្លាប់ ដោយប្រើខ្សែនីឡុង និងចងរុំស្កុតបិទមុខបិទមាត់ជិត។

ការប្រទះឃើញសពនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងប៉ុន្មានម៉ោងក្រោយមកក៏ដឹងដល់ក្រុមគ្រួសារមកពិនិត្យសព ហើយទទួលស្គាល់ថា ពិតជាសាច់ញាតិមែន ។ ដោយឡែកបុរសម្នាក់ឈ្មោះខាន់ សិលា ជាអ្នកយាមឃ្លាំងរោងចក្រខាងលើបានប្រាប់ឱ្យដឹងថា ពេលខ្លួនជិះម៉ូតូចេញពីភូមិល្វា ក្នុងឃុំអង្គពពេល ទៅធ្វើការដូចសព្វមួយដង ស្រាប់តែឃើញស្ត្រីម្នាក់ដេកស្លាប់ក្នុងប្រឡាយទឹក ហើយក៏បានរាយការណ៍ទៅសមត្ថកិច្ចជាបន្ទាន់។ សមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីរងគ្រោះស្លៀកខោខូវប៊យជើងខ្លី និងអាវខូវប៊យដៃខ្លីដែលមានអាវយឺតនៅខាងក្នុងពណ៌កុលាប សក់ពណ៌ទង់ដែង ហើយត្រូវបានគេស្គាល់ឈ្មោះលីម ស្រីពេជ្រ អាយុ១៩ឆ្នាំ អតីតជាកញ្ញាឯករបស់ក្រុមហ៊ុនមួយ ។

លីម ស្រីពេជ្រ ហៅម៉ី អាយុ១៩ឆ្នាំ ធ្លាប់ប្រឡងជាប់កញ្ញាឯកហ្វ្រេស៊ីហ្គើល ឱ្យក្រុមហ៊ុនមួយសម្រាប់ផ្សព្វផ្សាយផលិតផលកាលពីអំឡុង២ឆ្នាំមុន និងទើបតែរៀបការរួចប្រហែលមួយឆ្នាំប៉ុណ្ណោះ ដោយមានប្តីឈ្មោះម៉េង ឌីយ៉ាម៉ឺន អាយុ២៦ឆ្នាំ ជាអាជីវករលក់ហ្គាស និងរថយន្ត ។ ឪពុកនារីរងគ្រោះឈ្មោះលីម អៀង.ស អាយុ៤៣ឆ្នាំ ជាអាជីវករផងដែរ... នារីរងគ្រោះ និងក្រុមគ្រួសាររស់នៅសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សាច់ញាតិរបស់នារីរងគ្រោះបានឱ្យដឹងថា ខណៈពេលលីម ស្រីពេជ្រ ហៅម៉ី កំពុងតែបាត់ខ្លួនមានក្រុមជនដៃដល់បានទូរស័ព្ទមកអ្នកផ្ទះជំរិតទារលុយថា នាងលីម ស្រីពេជ្រ កំពុងតែស្ថិតក្នុងកណ្តាប់ដៃរបស់ពួកគេ ប្រសិនបើមិនប្រគល់ប្រាក់៥ម៉ឺនដុល្លារឱ្យទៅពួកគេទេ គឺមិនធានាជីវិតរបស់ស្រីពេជ្រ ឡើយ ។ ការជំរិតទារប្រាក់បែបនេះ ធ្វើឱ្យក្រុមគ្រួសាររន្ធត់ចិត្តយ៉ាងខ្លាំង ប៉ុន្តែមិនត្រូវគ្នាទេ... ក្រុមគ្រួសារបានបង្ហើបទៀតថា ខណៈពេលដឹងដំណឹងថា ស្រីពេជ្រស្លាប់ទៅហើយនោះក៏ពួកជនសង្គមងងឹតនៅតែទូរស័ព្ទមកជំរិតទារប្រាក់ដែរ... ។

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព
 
កញ្ញាឯកហ្វ្រេស៊ីហ្គើលលីម ស្រីពេជ្រ ក៏បានកាន់ទុក្ខ សម្ដេចតា តាមរយៈ Facebook មុនគេសម្លាប់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]