ក្រុមកាន់លទ្ឋិសាសនាហិណ្ឌូនៅរដ្ឋបៃហៀរ (Bihar) ប្រទេសឥណ្ឌាខាងលិចបានចាប់ផ្តើមគម្រោងរបស់ខ្លួន ដើម្បី សាងសង់អង្គរវត្ត ដែលចម្លងរូបរាង និងក្បាច់រចនាទាំងស្រុងតាមលំនាំប្រាសាទអង្គរ វត្ត ដ៏ល្អឥតខ្ចោះរបស់ ប្រទេសកម្ពុជា។ ជាងនេះទៀតសោតប្រទេសឥណ្ឌា នឹងសាងសង់ឲ្យដូច ប្រាសាទអង្គរវត្តកម្ពុជា និងមានទំហំធំជាង អង្គរវត្តរបស់កម្ពុជាទៅទៀត។ តែក្រសួងវប្បធម៌កម្ពុជាថា មិនអាចទៅរួចនោះទេ បើសិនជាសាងសង់ធំជាងប្រាសាទកម្ពុជាទៀតនោះ។

ទូរទស្សន៍ BBC បានរាយការណ៍ឲ្យដឹងថា កាលពីថ្ងៃចន្ទទី០៥ ក្រុមកាន់លទ្ឋិសាសនាហិណ្ឌូបានចាប់ផ្តើម គម្រោងរបស់ខ្លួនរយៈពេល១០ឆ្នាំ ដើម្បីសាងសង់ប្រាសាទឲ្យដូចប្រាសាទអង្គរវត្តដែល ចំណាយទឹកប្រាក់ ២០លានដុល្លារសហរដ្ឋអាមេរិក។ ពួកគេបានជ្រើសរើសទីតាំងនៅតាមបណ្តោយ ទន្លេរបស់សាសនាហិណ្ឌូ Ganges ស្ថិតនៅទីក្រុងប៉ាតណា (Patna) នៃរដ្ឋបៃហៀរប្រទេសឥណ្ឌា។

ក្រុមស្ថាបនិកបាននិយាយថា លទ្ឋផលនៃការសាងសង់ប្រាសាទនេះ នឹងក្លាយជាប្រាសាទរបស់ពួកហិណ្ឌូ ដែលធំជាងគេបំផុតនៅលើពិភពលោក។

អ្នកកាន់សាសនាហិណ្ឌូ លោក Mahavir Mandir និយាយថា ពួកគេនឹងចំណាយរយៈពេល១០ឆ្នាំដើម្បីសាងសង់ ប្រាសាទនេះ សម្រាប់ទុកជាទីសក្តារៈបូជារបស់ហិណ្ឌូនិយម។

ប៉ុន្តែលោក ថៃ នរៈសត្យា រដ្ឋលេខាធិការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរបស់ប្រទេសកម្ពុជា បានថ្លែងថា បណ្តាប្រទេសផ្សេងៗដូចជាប្រទេសថៃ បានសាងសង់រូបសំណាកអង្គរវត្តជាលក្ខណៈតូចហើយបាន បង្ហាញពីអត្តសញ្ញាណរបស់ប្រាសាទខ្មែរ គឺត្រឹមត្រូវ តែប្រទេសឥណ្ឌាដែលសាងសង់ ដូចហើយធំជាងប្រសាទខ្មែរនោះ គឺមិនអាចទៅរួចទេ។

ទូរទស្សន៍ BBC បានដង់ស្រង់សម្តីលោក Acharya Kishore Kunal អ្នកកាន់ហិណ្ឌូនិយាយថា “ ប្រាសាទមួយនេះនឹងក្លាយជាប្រសាទរបស់ហិណ្ឌូ ដែលធំបំផុតនៅលើពិភពលោក ក្នុងនោះមាន ទំហំធំជាងទ្រង់ទ្រាយ និងកម្ពស់ខ្ពស់ជាងប្រាសាទអង្គររបស់ប្រទេសកម្ពុជា”។

លោកនិយាយថា “ វានឹងត្រូវបានគេស្គាល់ជាប្រាសាទ ដែលមានឈ្មោះថា Virat Angkor Wat Ram ប៉ុន្តែវាក៏ក្លាយជាទីស្នាក់នៅ របស់អាទិទេពដូចជា អាទិទេព Radha-Krishna  អាទិទេព Shiv-Parvati អាទិទេព Ganesh, Surya និងអាវតាចំនួន១០ទៀត នៃព្រះវិស្ណុផងដែរ”។ ពួកគេនឹងធ្វើឲ្យ ប្រាសាទមួយនេះក្លាយជានិមិត្តរូប នៃប្រាសាទពួកហិណ្ឌូនៅលើពិភពលោក។

លោក កុណាល់ (Kunal) បាននិយាយថាប្រាសាទមួយនេះ នឹងត្រូវបានមកទស្សនាដោយស្តេច ស៊ូម៉ាទី នៃចក្រភពវ៉ាសាល់លី (Vaishali) ហើយក៏មានការទទួលស្គាល់ពីអ្នកស្រុកនូវគម្រោងនេះ ផងដែរ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]