ចិន៖   កាលពីថ្ងៃទី៨ សីហា ២០១៧កន្លងទៅ មានហេតុការណ៍ដ៏រំជួលចិត្តមួយ បានកើតឡើងនៅក្នុងមន្ទីរពេទ្យមួយកន្លែង នាទីក្រុង Urumqi ប្រទេសចិន។

លោកតា  Zhang Ligen  អាយុ ៨១ឆ្នាំ បានកាន់បាច់ផ្កា  និងស្ករគ្រាប់មួយចំនួន ដើរចូលទៅជួបប្រពន្ធរបស់លោក គឺអ្នកស្រី Cai Guifang ដែលកំពុងដេកភ្លឹកនៅលើគ្រែ។ បន្ទាប់មកលោកតាក៏បានច្រៀងចម្រៀងដ៏ពិសេសមួយបទ  ដើម្បីរម្លឹកខួបអាពាហ៍ពិពាហ៍រយៈពេល ៥៤ឆ្នាំរបស់ពួកគាត់។

វីដេអូដ៏រ៉ូមែនទិចមួយត្រូវបានបង្ហោះចែកចាយពេញបណ្តាញសង្គមចិន  បានធ្វើឲ្យអ្នកទស្សនារំជួលចិត្តយ៉ាងខ្លាំង។

លោកតា Zhang បាននិយាយថា  គាត់សង្ឃឹមថាចម្រៀងស្នេហាមួយបទដែលគាត់ច្រៀងឡើងក្នុងថ្ងៃដ៏ពិសេសនេះ នឹងជួយឲ្យប្រពន្ធរបស់គាត់ភ្ញាក់ដឹងខ្លួនវិញ។

លោកតាអាយុ៨១ឆ្នាំ ធ្វើទង្វើបែបនេះចំពោះប្រពន្ធ អាចបញ្ជាក់បានថា ស្នេហ៍ស្មោះពិតជាមាននៅលើលោកនេះ

នៅក្នុងវីដេអូនោះគេឃើញលោកតា Zhang កាន់បាច់ផ្កាកុលាប និងស្ករគ្រាប់មួយចំនួន ហើយនិយាយទៅកាន់ប្រពន្ធរបស់គាត់ថា “ថ្ងៃនេះ ខ្ញុំបានយកស្ករគ្រាប់ ៦០គ្រាប់មក។  អ៊ីចឹងយើងអបអរពិធីរំលឹកខួបអាពាហ៍ពិពាហ៍ជាមួយគ្នា បានទេ?”

បន្ទាប់ពីបានទទួលការអនុញ្ញាតពីបុគ្គលិកពេទ្យរួច លោកតា Zhang  បានចាប់ផ្តើមច្រៀងចម្រៀងស្នេហាពីដើមមួយបទជាភាសាចិន ដែលរៀបរាប់អំពី កូនកម្លោះម្នាក់ លើកស្បៃមុខរបស់កូនក្រមុំក្នុងថ្ងៃរៀបការ។  ប៉ារ៉ូលចម្រៀងមួយឃ្លាបានច្រៀងថា “ភ្នែកទាំងគូរបស់អ្នក មានពន្លឺ និងចែងចាំងដូចផ្កាយរះ ហើយមុខរបស់អ្នករីកស្រស់បំព្រងដូចជាផ្កាកុលាប”។ 

ទង្វើរបស់លោកតា Zhang បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមពេញចិត្ត និងគាំទ្រយ៉ាងខ្លាំង។

អ្នកលេងបណ្តាញសង្គមម្នាក់បានបញ្ចេញមតិថា៖

“ពិតណាស់! នេះហើយជាស្នេហ៍បរិសុទ្ធ”

អ្នកលេងបណ្តាញសង្គមម្នាក់ទៀតបានសរសេរថា៖

“ឥទ្ធិពលស្នេហ៍របស់ពួកគេ ពិតជាខ្លាំងក្លាណាស់។ គាត់នឹងបានធូរស្បើយក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ”

ចុងក្រោយ សូមជូនពរឲ្យប្រពន្ធរបស់លោកតា Zhang បានដឹងខ្លួនវិញ ក្នុងពេលឆាប់ៗនេះ៕

សូមទស្សនាវីដេអូខាងក្រោម៖​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]