បរទេស៖  ឥឡូវនេះមានកម្មវិធីក្រៅផ្លូវការជាច្រើន ដែលទាក់ទងទៅនឹងកម្មវិធីហ្វេសប៊ុក។  កម្មវិធីទាំងនោះជួនកាលមានប្រសិទ្ធភាព តែកម្មវិធីខ្លះវិញគ្រាន់តែជាកម្មវិធីបោកបញ្ឆោតប៉ុណ្ណោះ  ហើយសម្រាប់កម្មវិធី Hack ហ្វេសប៊ុកវិញក៏មិនមែនជារឿងថ្មីដែលយើងទើបតែឮនោះដែរ។

កាលពីពេលថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវនៅក្នុងទីក្រុងស៊ីដនីបានប្រាប់ថា គេបានរកឃើញកម្មវិធីមួយដែលកំពុងមានភាពល្បីល្បាញដោយផ្សព្វផ្សាយខ្លួនឯងថាជា កម្មវិធីសម្រាប់លួចពាក្យសម្ងាត់ហ្វេសប៊ុក (Facebook Password Stealer)  ប៉ុន្តែជាក់ស្ដែងកម្មវិធីនេះមិនមានប្រសិទ្ធភាពអ្វីនោះទេ ហើយលើសពីនេះវាបែរជាបង្កគ្រោះថ្នាក់ដល់អ្នកប្រើទៅវិញ។ 

ផ្ទាំងរូបភាពនៅពេលដែលទើបតែបើកកម្មវិធី Facebook password stealer

កម្មវិធីនេះមានវិធីបោកបញ្ឆោតមួយ ដោយឲ្យអ្នកប្រើប្រាស់វាយបញ្ចូលអ៊ីមែល​និងពាក្យសម្ងាត់របស់ខ្លួនគេផ្ទាល់ ដើម្បីដំណើរការកម្មវិធីនេះ  ប៉ុន្តែកម្មវិធីនេះមិនមានដំណើរការអ្វីនោះទេ ហើយផ្ទុយទៅវិញវានឹងបណ្ដាលឲ្យមានគ្រោះថ្នាក់យ៉ាងខ្លាំងសម្រាប់អ្នកដែលបានទាញយកមកប្រើប្រាស់។

គោលដៅនៃកម្មវិធី Facebook Password Stealer គឺដើម្បីលួចយកពាក្យសម្ងាត់របស់អ្នកដែលមានគំនិតមិនល្អ ចង់ Hack យកគណនីហ្វេសប៊ុកពីអ្នកដទៃ។ មិនត្រឹមប៉ុណ្ណោះកម្មវិធីនេះក៏អាចដាក់បញ្ចូលវីរុសទៅក្នុងកុំព្យូទ័ររបស់ជនរងគ្រោះទៀតផង។  វីរុសខាងលើនេះក៏អាចធ្វើការងារជាច្រើនទៀត ដូចជាបញ្ឆោតអ្នកឲ្យទាញយកកម្មវិធីដទៃទៀត  ឬក៏បន្លំធ្វើជាអ្នក ដើម្បីជជែកជាមួយមិត្តភក្តិរបស់អ្នក នៅលើកម្មវិធីហ្វេសប៊ុក។

បន្ទាប់ពីបញ្ចលទិន្នន័យរួចរាល់វានឹងចេញផ្ទាំងរូបភាពបែបនេះ
មេរោគពីកម្មវិធី Facebook password stealer ដែលគេបានរកឃើញ

មេរោគនេះវាយលុកទៅលើអ្នក ដែលប្រើហ្វេសប៊ុកនៅលើកុំព្យូទ័រតែប៉ុណ្ណោះ ប៉ុន្តែវាមិនចម្លែកនោះទេ  បើសិនជាវាត្រូវគេអភិវឌ្ឍបន្ថែមសមត្ថភាព ឲ្យធ្វើការវាយលុកទៅលើអ្នកដែលប្រើកម្មវិធីហ្វេសប៊ុក នៅលើទូរស័ព្ទដៃនាពេលខាងមុខទៀតនោះ។

គួរបញ្ជាក់ផងដែរថា កម្មវិធីដែលមានគ្រោះថ្នាក់ខាងលើនេះ អាចនឹងប្រើប្រាស់ឈ្មោះជាច្រើនទៀតក្រៅពី Facebook Password Stealer  ដូច្នេះអ្នកត្រូវមានការប្រុងប្រយ័ត្នខ្លាំង នៅពេលដែលទាញយកកម្មវិធីអ្វីមួយមកប្រើប្រាស់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]