រាជធានី​ភ្នំពេញ ៖ ប្រមាណ​ជាង​មួយ​ឆ្នាំ​ចុង​ក្រោយ​កីឡាករ​ល្បីឈ្មោះ បឺត ខាំ បាន​បាត់​សកម្មភាព​ទាំងស្រុង​តែ​ម្ដង​ពី​ការ​ប្រកួត​នានា​នៅ​លើ​សង្វៀន​ចាប់តាំងពី​លោក​មាន​របួស​បាក់ជើង ហើយ​ក្រោយ​ពេល​ជា​ក៏​បាក់កម្លាំង​ប្រកួត​លែង​កើត ។ ទោះបី​យ៉ាងណា លោក​បាន​បន្សល់​ទុក​ស្នាដៃ​យ៉ាងច្រើន​នៅ​ក្នុង​ពិភព​ប្រដាល់ ក្នុង​ពេល​លោក​ក៏​ឆ្លៀត​បង្វឹក​ដល់​ក្មេង​ៗ​ដែល​ចង់​ឡើង​ប្រដាល់​ឱ្យ​មាន​សមត្ថភាព​បន្ត​ពី​លោក​ផង​ដែរ ។

អីុិចឹង​ហើយ​ទើប​ជីវប្រវត្តិ និង​ស្នាដៃ​របស់​កីឡាករ​រូប​នេះ​នៅ​តែ​មាន​តម្លៃ​សម្រាប់​មហាជន​ចង់​ដឹង​នៅ​ពេល​រំលឹក​ដល់​ឈ្មោះ​របស់​លោក ។

ជីវិត​ផ្ទាល់ខ្លួន

បឺត ខាំ ជា​កូន​កសិករ​ដ៏​សាមញ្ញ​ម្នាក់​ដែល​បច្ចុប្បន្នរស់នៅ​លើ​ទឹកដី​ខេត្តកំពង់ឆ្នាំង ។ លោក​កើត​នៅ​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​១៩៨៧ និង​មានស្រុក​កំណើត​ដើម​នៅ​ភូមិ​តា​គ្រាម ស្រុកបាណ​ន់​ខេត្តបាត់ដំបង ។ លោក​ជា​កូនទី​៦​ក្នុង​ចំណោម​បងប្អូន​១០​នាក់​(​ប្រុស​៧​នាក់ ស្រី​៣​នាក់​) ដែល​មាន​ឪពុក​ឈ្មោះ ផាត់ ឆាវ​នី (​ស្លាប់​) និង​ម្ដាយ​ឈ្មោះ ធឹ​ម សា​រ៉េ​ត ជា​កសិករ​។

ចាប់តាំងពី​ចាប់កំណើត​រហូត​ដល់​ធំ​ដឹងក្ដី កីឡាករ​រូប​នេះ​បាន​ទទួល​នូវ​បទ​ពិសោធន៍​ដ៏​លំបាកលំបិន មុន​ក្លាយជា​កីឡាករល្បីឈ្មោះ​នា​ពេល​បច្ចុប្បន្ន ។

លោក​បាន​ចូល​សិក្សា​ថ្នាក់​ទី​១​នៅសាលា​បឋម​សិក្សា​ស្រះ​កែវ​ដែល​ស្ថិត​នៅ​ខេត្ត​កំពង់ឆ្នាំង ។ ដោយសារ​ជីវភាព​គ្រួសារ​ក្រីក្រ​ខ្វះមុខខ្វះក្រោយ​សឹងតែ​រក​អង្ករ​ច្រក​ឆ្នាំ​មិន​បាន ទើប​បង្ខំ​ឲ្យ​លោក​បោះបង់​ការ​សិក្សា​ត្រឹម​ថ្នាក់​ទី​៥​ទាំង​វ័យក្មេង ដើម្បី​ដើរ​ស៊ីឈ្នួល​គេ​ធ្វើស្រែ និង​ជួយ​ការងារ​ម្ដាយ​ដែល​មាន​ដីស្រែ​តិចតួច​នៅ​ឆ្ងាយ​ពី​ផ្ទះ ។ កីឡាករ​រូប​នេះ​និយាយ​ថា លោក​មិន​ដែល​បាន​ស្គាល់​ហូប​ឆ្អែត ឬ​សប្បាយ ចិត្ត​ម្ដងណា​ឡើយ ។ ពិសេស​ក្រោយ​ពេល​ឪពុក​របស់​ខ្លួន​ចែក​ឋាន​ទៅ ។ លោក​ថ្លែង​ពី​ជីវិត​អតីត​កាលនោះ​ថា​៖

«​ខ្ញុំ​ស្រឡាញ់​ការ​រៀនសូត្រ​ណាស់ តែ​ខ្ញុំ​ទៅ​អត់​រួច​ព្រោះ​បងប្អូន​ខ្ញុំ​ច្រើន ហើយ​ជីវភាព​ក្រីក្រ​ខ្លាំង អ៊ីចឹង​ហើយ​ទើប​បងប្រុស​ខ្ញុំ​ម្នាក់​គឺ​បឺត សំខាន់ បាន​ដើរ​រសាត់អណ្ដែត​មក​ធ្វើ​ជា​អ្នក​ប្រដាល់​»​។

បឺត ខាំ អះអាង​ថា ជំហាន​ចេញ​ប្រដាល់​របស់​បងប្រុស​លោក គឺ​គ្រាន់តែ​ចង់បាន​បាយ​ហូប និង​គេច​ចេញពី​ជីវិត​ដ៏​អាប់អួ​នៅ​ក្នុងផ្ទះ ដែល​បើកភ្នែក​ឡើង​ក៏​ឮ​តែ​ភាព​ខ្សត់​ខ្សោយ​ប៉ុណ្ណោះ ។ ម្ល៉ោះហើយ​ទើប​លោក​ចាក​ចេញពី​ស្រុក​កំណើត​មក​តាមបងប្រុស បន្ទាប់​ពី​ឃើញ​គាត់​ក្លាយជា​កីឡាករ​ល្បីឈ្មោះ ហើយ​អាច​រក​ចំណូល​បាន​ដោយ​មិន​លំបាក ។

លោក​បាន​បោះបង់​សាសនាព្រះពុទ្ធ​តាំងពី​តូច​ម្ល៉េះ​ដោយសារ​តែ​ក្នុង​វ័យ​កុមារភាព​នោះ លោក​តែង​ទៅ​ព្រះ​វិហារ​យេស៊ូ ដើម្បី​ទទួល​អង្ករ នំចំណី និង​ប្រាក់​កាស​មក​ផ្គត់ផ្គង់​កង្វះខាត​ក្នុងផ្ទះ ។ ដោយ​ការ​ប្រតិបត្តិ​ក្នុង​កិច្ចការ​សាសនា​បាន​ល្អ ទើប​ខាង​ព្រះ​វិហារ​នៅ​ខេត្តកំពង់ឆ្នាំង បាន​អន្តរាគមន៍​ឲ្យ​លោក​មក​ស្នាក់​នៅ និង​ទទួល​ប្រាក់​ជំនួយ​ពី​ព្រះ​វិហារ​មួយ​នៅ​ភ្នំពេញ ក្រោយ​ពេល​លោក​ចាក​ចេញពី​ស្រុក​កំណើត​តាម​បងប្រុស ។

កីឡាករ​ល្បីឈ្មោះ​វ័យ​២២​ឆ្នាំ​រូប​នេះ​ប្រាប់​ថា​៖«​ខ្ញុំ​ឲ្យ​តម្លៃ​យេស៊ូគ្រិស្ត​ព្រោះ​លោក​បាន​ជួយ​ខ្ញុំ​ទាំង​ផ្លូវចិត្ត និង​សម្ភារ​»​។ លោក​មិន​បញ្ជាក់​ថា គ្រូ​គង្វាល​សាសនា​គ្រិស្ត និង​គ្រិស្ដ​សាសនិក​និយម បាន​ផ្ដល់​អ្វី​ឲ្យ​ខ្លួន​ខ្លះ​ឡើយ ប៉ុន្តែ​លោក​អះអាង​ថា ទាំង​ចិត្ត និង​បេះដូង​របស់​លោក គឺ​គោរព​តែ​សាសនា​នេះ​មួយ​គត់​។ លោក​និយាយ​ថា​៖«​មុន​ខ្ញុំ​ឡើង​ប្រដាល់ ខ្ញុំ​តែង​ទៅ​សូត្រធម៌ និង​ថ្វាយបង្គំ​ដល់​ព្រះ​យេស៊ូ ដើម្បី​ជា​កម្លាំង​ចិត្តជា​និច្ច អ៊ីចឹង​ហើយ​ទើប​ខ្ញុំ​ច្រើន​តែ​ទទួល​ជោគជ័យ​» ។

ទោះ​យ៉ាងណា​កីឡាករ រូប​នេះ​មិន​បាន​បោះបង់​ព្រះពុទ្ធ​សាសនា​ឡើយ ដោយ​លោក​នៅ​តែ​ឲ្យ​ម្ដាយ និង​បង​ៗ​ចូល​ធ្វើបុណ្យ​ទាន​ជា​ធម្មតា គ្រាន់តែ​លោក​យល់​ថា សាសនា​គ្រិស្ត​បាន​ផ្ដល់​ក្ដី​សង្ឃឹម​ថ្មី បូក​រួម​ទាំង​ជួយ​ឲ្យ​លោក​ក្លាយជា​កីឡាករ​ល្បីឈ្មោះ​នា​ពេល​នេះ​ប៉ុណ្ណោះ ។

ស្នាដៃ​ក្នុង​វិស័យ​ប្រដាល់

លោក​បាន​សម្រេចចិត្ត​ធ្វើ​ជា​កីឡាករ​ប្រដាល់​នៅ​ឆ្នាំ​២០០៤ ដោយ​ការ​ជ្រោមជ្រែង របស់​បងប្រុស​គឺ បឺត សំខាន់ ។ ក្រោយ​ការ​ចំណាយពេល​តែ​ប៉ុន្មាន​ខែ​ក្នុង​ការ​ហ្វឹកហាត់ លោក​ក៏​សម្រេចចិត្ត​សុំ​ខាង​គណៈកម្មការ​ឡើង​ប្រកួត ដែល​ពេល​នោះ​គឺ​ប្រាក់​តែ​មួយ​មុខ​ប៉ុណ្ណោះ​ដែល​ធ្វើ​ឲ្យ​លោក​ក្លាហាន ។ កីឡាករ​រូប​នេះ​និយាយ​ថា​៖«​ពេល​ខ្ញុំ​ចេញ​ប្រកួត​ដំបូង ខ្ញុំ​អត់​គិត​ថា ខ្លួនឯង​ហាត់​បាន​តិច​ឬ​ច្រើន​ទេ ប៉ុន្តែ​ខ្ញុំ​គិត​ថា ពេល​នោះ​ខ្ញុំ​ត្រូវការ​ប្រាក់​ដើម្បី​ម្ដាយ និង​ប្អូន​ៗ​ដែល​ពិបាក​នៅ​ឯ​ស្រុក​» ។

លោក​បាន​ទទួល​ជ័យ​ជម្នះ​ផ្ទួន​ៗ​ក្នុង​ពេល​បើក​ឆាក​ប្រកួត​រហូត​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ភ្លាម​ៗ ។ លោក​ត្រូវ​គេ​អនុញ្ញាត​ឲ្យ​ឡើង​ប្រកួត​ជា​បន្តបន្ទាប់ ពិសេស​ក្នុង​គូ​សំខាន់​ៗ ទើប​អាច​ឲ្យ​លោក​ទទួល​តម្លៃ​ខ្លួន​ខ្ពស់ និង​ល្បីឈ្មោះ​តែ​មួយ​រយៈពេល​ខ្លី ។

លោក​បាន​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ជើងឯក​ខា​រ៉ា​បាវ​ប៉ុស្តិ៍​លេខ​៥ ក្នុង​ឆ្នាំ​២០០៥ ក្នុង​ប្រភេទ​ទម្ងន់​៤៨​គីឡូក្រាម និង​គ្រង​តំណែង​ជើងឯក​ខ្សែក្រវាត់​ដដែល​នេះ​ម្ដងទៀត​ក្នុង​ឆ្នាំ​២០០៧​សម្រាប់​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។ ឆ្នាំ​២០០៨ លោក​បាន​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ឥន្ទ្រី​ក្រហម​ប៉ុស្ដិ៍​លេខ​៥​ដដែល​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម និង​ឈ្នះ​ពានរង្វាន់​អន្តរជាតិ​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​តាម​រយៈ​សមត្ថភាព​ការពារ​ខ្សែក្រវាត់​បាន​ពី​ការ​មក​ដណ្ដើម​របស់​កីឡាករ​បរទេស​នៅ​ក្នុង​ឆ្នាំ​ដដែល ។

ដំណើរ​ចេញ​ទៅ​ប្រកួត​ក្រៅ​ស្រុក

ឆ្នាំ​២០០៧ លោក​បាន​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​ថៃ ដោយ​អាច​ផ្ដួល​កីឡាករ​ជើង​ខ្លាំង​ថៃ​បាន​ដោយ​ជោគជ័យ ខណៈ​ពាក់កណ្ដាល​ឆ្នាំ​២០០៩​ចេញ​ទៅ​ប្រកួត​នៅ​ថៃ​ម្ដង​ទៀត​​ឈ្នះ​ទៀត ។ ចុងឆ្នាំ​២០០៩ និង​ចុងឆ្នាំ​២០១០ លោក​បាន​ចេញ​ទៅ​ប្រកួត​នៅ​ក្នុង​ប្រទេស​បារាំង ហើយ​យកឈ្នះ​គូប្រកួត​ទទួល​បាន​ប្រាក់​រង្វាន់​យ៉ាងច្រើន​ក្រាស់​ក្រែល។ លោក​និយាយ​ថា ៖«​ក្នុង​ការ​ចេញ​ប្រកួត​២​លើក​នោះ លើក​ទី​១​ខ្ញុំ​ឈ្នះ​ទាំង​៣​ប្រកួត ប៉ុន្តែ​លើក​ទី​២​ខ្ញុំ​ឈ្នះ​តែ​២​ប្រកួត​ប៉ុណ្ណោះ​ក្នុង​ការ​ឡើង​រេញ​៣​ដង ព្រោះ​នៅ​ទ្វីបអឺរ៉ុប​នោះ មានកា​រវិ​វត្ត​ផ្នែក​ក្បាច់​ប្រដាល់​ច្រើន​» ។ លោក​មាន​គម្រោង​ចាកចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​អូស្ត្រាលី​នា​ពេល​ខាង​មុខ តែ​មិន​ទាន់​ច្បាស់​ថា​ពេល​ណា​ឡើយ ដោយសារ​ការ​ធានា​ចេញ​នៅ​មិន​ទាន់​មាន​ពន្លឺ​។

មុន​ពេល​បាត់​មុខ លោក បឺត ខាំ បញ្ជាក់​ថា លោក​ទទួល​បាន​ពានរង្វាន់​ចំនួន​១០ ដោយ​ទទួល​បាន​ខ្សែក្រវាត់​ជើងឯក​នៅ​ក្នុង​ប្រទេស​បារាំង​ចំនួន​៧ នៅ​កម្ពុជា​ចំនួន​២ និង​នៅ​ថៃ​ចំនួន​១ ដោយ​មិន​ទាន់​រាប់​បញ្ចូល​ស្នាដៃ​រាយរង​ក្នុងស្រុក​នៅឡើយ​ផង ។ លោក​បាន​ឆ្លងកាត់​ការ​ប្រកួត​ច្រើន​ដង តែ​សម្រាប់​ការ​ប្រកួត​ផ្លូវការ​គឺ​មាន​តែ​ជាង​១០០​ដង​ប៉ុណ្ណោះ ។ កីឡាករ​រូប​នេះ​និយាយ​ថា​៖«​បើ​តាមតែ​ហាត់ ខ្ញុំ​មិន​ងាយ​ក្លាយជា​កីឡាករ​ជើង​ខ្លាំង​លើ​សង្វៀន​បែប​នេះ​ទេ ប៉ុន្តែ​មក​ពី​ខ្ញុំ​ធ្លាប់​លំបាក និង​មាន​កម្លាំងចិត្ត​ខ្ពស់ ពិសេស​​រឿង​ចង់បាន​ប្រាក់​ទើប​ធ្វើ​ឲ្យ​ខ្ញុំ​អាច​ទប់​ស្មារតី​ខ្លួនឯង​មិន​ឲ្យ​ភ័យ​ហើយ​រមែង​ឈ្នះ​បែប​ហ្នឹង​!» ។ លោក​អះអាង​ថា ជ័យជម្នះ​ដែល​ទទួល​បាន​គឺជា​ចំណែក​ពរ​ដ៏​មាន​អំណាច​ពី​ព្រះ​យេស៊ូ អ៊ីចឹង​ហើយ​ទើប​លោក​តែង​ចេញ​ចូល​ព្រះ​វិហារ​មិន​ដែល​ខាន ។

លោក​គឺជា​អ្នក​ជឿជាក់​លើ​ព្រះ​យេស៊ូ ព្រោះ​លោក​បាន​រស់ និង​មាន​ថ្ងៃនេះ ដោយសារ​បាន​គុណ​គ្រិស្ត​សាសនិកជន​ជា​អ្នក​បង្ហាញផ្លូវ ។ លោក​សម្ដែង​អារម្មណ៍​សោកស្ដាយ​ដែល​វ័យ​របស់​លោក​មិន​អាច​បម្រើ​វិស័យ​កីឡាប្រដាល់​បាន​ដូច​កាលពីមុន ក្នុង​ពេល​ដែល​លោក​បញ្ជាក់​ថា​នៅ​តែ​ស្រឡាញ់​អាជីព​មួយ​នេះ បើ​ទោះជា​លោក​សារភាព​ដោយ​ត្រង់​ថា មិន​អាច​បន្ត​អាជីព​ប្រដាល់​បាន​ដូច​មុន​ក្ដី ៕

បឺត ខាំ ជា​កូន​កសិករ​ដ៏​សាមញ្ញ​ម្នាក់​ដែល​បច្ចុប្បន្នរស់នៅ​លើ​ទឹកដី​ខេត្តកំពង់ឆ្នាំង
ចាប់តាំងពី​ចាប់កំណើត​រហូត​ដល់​ធំ​ដឹងក្ដី កីឡាករ​រូប​នេះ​បាន​ទទួល​នូវ​បទ​ពិសោធន៍​ដ៏​លំបាកលំបិន មុន​ក្លាយជា​កីឡាករល្បីឈ្មោះ​នា​ពេល​បច្ចុប្បន្ន
ចាប់តាំងពី​ចាប់កំណើត​រហូត​ដល់​ធំ​ដឹងក្ដី កីឡាករ​រូប​នេះ​បាន​ទទួល​នូវ​បទ​ពិសោធន៍​ដ៏​លំបាកលំបិន មុន​ក្លាយជា​កីឡាករល្បីឈ្មោះ​នា​ពេល​បច្ចុប្បន្ន

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]