រាជធានីភ្នំពេញ ៖ តារាចម្រៀងកញ្ញាសុភ័ក្រ កុសុម៉ា ត្រៀមចាកចេញទៅច្រៀងនៅពីរប្រទេសព្រមគ្នា ។
កញ្ញាសុភ័ក្រ កុសុម៉ា ត្រៀមចេញទៅច្រៀងនៅប្រទេសជប៉ុន ក្នុងខែសីហា នេះក្នុងរយៈពេល១០ថ្ងៃ ។ នេះជាលើកទី១ហើយដែលកុសុម៉ា ទៅច្រៀងនៅប្រទេសជប៉ុនជាមួយតារាចម្រៀងបីបួននាក់ទៀត ។ ក្រុមចម្រៀងនេះនឹងបំពេអារម្មណ៍ជនរួមជាតិខ្មែរយើងនៅទីនោះឱ្យសប្បាយរីករាយជាមួយការរាំលេងកម្សាន្តប្រកបដោយសាមគ្គីភាព និងមិត្តភាព ។
សុភ័ក្រ កុសុម៉ាឱ្យដឹងកាលពីពេល ថ្មីៗកន្លងមកថា «ការចេញទៅជប៉ុនគឺច្រៀងនេះប្រមូលថវិកាមួយចំនួនយកទៅជួយវត្តខ្មែរមួយនៅខេត្តមួយរបស់ប្រទេសជប៉ុន ដែលជាវត្តរបស់ខ្មែរយើង ។ នាងខ្ញុំសប្បាយចិត្តទើបគិតថានឹងផ្ចិតផ្ចង់ការសម្តែងឱ្យល្អ» ។
បន្ទាប់ពីមកដល់ស្រុកវិញហើយនោះ នៅខែវិច្ឆិកា កញ្ញាសុភ័ក្រ កុសុម៉ាបន្តដំណើរចេញទៅប្រទេសអូស្ត្រាលី រយៈពេល១ខែជាកន្លែងដែលនាងធ្លាប់ទៅសម្តែងច្រើនលើកមកហើយ ។
ដំណើរចេញច្រៀងនៅក្រៅប្រទេសលើកក្រោយនេះ ខណៈកេរ្តិ៍ឈ្មោះរបស់កញ្ញាសុភ័ក្រ កុសុម៉ា លូតលាស់ជាងមុន ។ ប្រជាប្រិយភាពកើនឡើង ដោយសារតែនាងធ្វើជាពិធីការិនីនៅទូរទស្សន៍ ហើយនិយាយបែបកំប្លែងធ្វើឱ្យទស្សនិកជនសើចសប្បាយ ។ ធ្វើពិធីការិនីនៅទូរទស្សន៍ម៉ាយធីវីក្នុងកម្មវិធី «ពេញចិត្តឬអត់?» និងទូរទស្សន៍បាយ័ននោះ សុភ័ក្រ កុសុម៉ានិយាយស្តីប្រយ័ត្នប្រយែងខ្លាចខុសលើសលស់ ។ និយាយខុសកុសុម៉ា ខ្លាចការរិះគន់ពីទស្សនិកជន ព្រោះបច្ចុប្បន្នមានរឿងអ្វីកើតឡើងផ្សាយតាមហ្វេសប៊ុកព្រោងព្រាត ។
«នាងខ្ញុំខ្លាចការិះគន់ណាស់ពេលណានាងខ្ញុំនិយាយអ្វីខុសទាំងមិនបានតាំងចិត្តនៅលើកញ្ចក់ទូរទស្សន៍ ព្រោះអ្នករិះគន់ គឺមិនធម្មតាទេនៅតាមបណ្តាញសង្គម ។ ម៉្លោះហើយទម្រាំតែឈោងបានភាពលេចធ្លោរាល់ថ្ងៃនេះនាងខ្ញុំតស៊ូក្នុងវិថីសិល្បៈយូរឆ្នាំតាំងពីនៅក្មេងមក ទើបមិនចង់បាត់បង់ឱកាសទៅវិញឡើយ ។ ដូចដឹងហើយសិល្បៈតែធ្លាក់ហើយគឺមិនងាយនឹងគាស់ឡើងមកវិញដែរ មិនដឹងយ៉ាងម៉េច ! ដូច្នេះហើយទើបនាងខ្ញុំខិតខំរក្សាការឈរជើងនេះឱ្យល្បីបានយូរនៅក្នុងអាជីពសិល្បៈ» ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]