បរទេស៖ ស្ងាត់ៗក្រុមហ៊ុនហ្វេសប៊ុកបានដកកម្មវិធីរបស់ខ្លួនមួយទៀតចេញពី App Store បាត់ទៅហើយ។  កម្មវិធីនោះមានឈ្មោះថា Lifestage ដែលជាកម្មវិធី ដាក់ឲ្យប្រើប្រាស់តាំងពីឆ្នាំមុនមកម្ល៉េះ។ កម្មវិធី Lifestage មានដំណើរការស្រដៀងទៅនឹងកម្មវិធី SnapChat អ៊ីចឹងដែរ ប៉ុន្តែកម្មវិធីនេះមិនសូវទទួលបានជោគជ័យប៉ុន្មានទេ។

ការផ្ញើរូបភាពនៅលើកម្មវិធី Lifestage
ការផ្ញើរូបភាពនៅលើកម្មវិធី Lifestage

លោក Michael Sayman ដែលមានអាយុ ២០ឆ្នាំ គឺជាអ្នកបង្កើតកម្មវិធី Lifestage ហើយគាត់ក៏ជាបុគ្គលិកម្នាក់របស់ក្រុមហ៊ុនហ្វេសប៊ុកផងដែរ។ កម្មវិធីនេះត្រូវបានបង្កើតឡើងដើម្បីជួយឲ្យមនុស្សនៅក្នុងវ័យជំទង់មានទំនាក់ទនងជាប់លាប់ជាមួយមិត្តរួមថ្នាក់ ឬក៏អ្នកដែលរៀនក្នុងសាលាជាមួយពួកគេ។ មនុស្សវ័យជំទង់ទាំងនោះអាចប្រើកម្មវិធីនេះក្នុងការចែករំលែករូបភាព និងវីដេអូរបស់ខ្លួនទៅកាន់មិត្តភក្តិរបស់ពួកគេ ដើម្បីជំនួសឱ្យការផ្ញើសារធម្មតាបាន។

លោក Michael Sayman ដែលជាអ្នកបង្កើតកម្មវិធី Lifestage

កម្មវិធី Lifestage បានផ្តោតយ៉ាងខ្លាំងដើម្បីកំណត់ឲ្យអ្នកប្រើប្រាស់របស់ខ្លួនគឺជាសិស្សវិទ្យាល័យ ដល់ថ្នាក់បំបិទមិនឲ្យមនុស្សដែលមានអាយុលើសពី ២១ឆ្នាំប្រើប្រាស់កម្មវិធីនេះ ឬក៏ចូលទៅស្វែងរកទៀតផង។

អ្នកនាំពាក្យរបស់ក្រុមហ៊ុនហ្វេសប៊ុកក៏បានប្រាប់ដែរថា គេបង្កើតកម្មវិធីនេះក្នុងគោលបំណងមួយ ដើម្បីបង្កើនភាពងាយស្រួលដល់យុវវ័យ នៅក្នុងសហរដ្ឋអាមេរិក ក្នុងការធ្វើទំនាក់ទំនងជាមួយអ្នកដទៃទៀតនៅក្នុងសាលារៀន ព្រោះថាយុវវ័យគឺជាផ្នែកមួយដ៏សំខាន់នៃបណ្ដាញទំនាក់ទំនងសង្គម។

ទោះបីជាកម្មវិធីនេះត្រូវបានផលិតនៅក្នុងក្រុមហ៊ុនហ្វេសប៊ុកក៏ដោយ តែកម្មវិធីនេះមិនដែលជាប់សូម្បីតែនៅក្នុងតារាងកម្មវិធីល្បីៗនៅលើ App Store ។ កម្មវិធី Lifestage ត្រូវបានដកចេញឈប់ឲ្យប្រើប្រាស់កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]