បរទេស៖ ការបើកបរនៅក្នុងពេលរាត្រី ពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ ព្រោះថាពេលនោះគឺជាពេលវេលាមួយដែលខ្លួនប្រាណរបស់មនុស្សភាគច្រើន ចុះទន់ខ្សោយនិងត្រូវការគេងដើម្បីយកកម្លាំង ប៉ុន្តែពេលខ្លះកាលៈទេសៈតម្រូវឲ្យយើងធ្វើដំណើរនៅក្នុងពេលយប់។ 

ដោយហេតុនេះហើយទើបអ្នកបើកបរយានយន្តនៅក្នុងពេលយប់ភាគច្រើន ទទួលទានកាហ្វេ ឬក៏ភេសជ្ជៈផ្សេងៗ ដើម្បីលុបបំបាត់ភាពងងុយគេង។ តែពេលខ្លះការធ្វើរបៀបនេះមិនមានប្រសិទ្ធភាពទាំងស្រុងនោះទេ ទើបអ្នកជំនាញមួយក្រុមបានបង្កើតខ្សែដៃមួយដែលអាចជួយឲ្យអ្នកបើកបរភ្ញាក់គ្រប់ពេលដែលពួកគេងោក។

ខ្សែដៃអគ្គិសនី Steer

ខ្សែដៃអគ្គិសនីនេះមានឈ្មោះថា Steer អាចឆក់អ្នកបើកបរណាដែលមានភាពងងុយគេងខ្លាំង។  ខ្សែដៃនេះមានឧបករណ៍សម្រាប់ស្ទង់ចង្វាក់បេះដូង ដល់ទៅ១៦ សម្រាប់ធ្វើការវាស់ចង្វាក់បេះដូងរបស់អ្នកបើកបរ។ 

យោងទៅតាមសំដីរបស់ផលិតករបានប្រាប់ថា បន្ទាប់ពីអ្នកបើកបរត្រូវបានឆក់ដោយអគ្គិសនីហើយ អ័រម៉ូននឹងចង្វាក់បេះដូងរបស់គេ នឹងមិនមានស្ថេរភាពដែលនឹងធ្វើឲ្យពួកគេស្វាងឡើងវិញ។ មួយភ្លែតក្រោយមកចង្វាក់បេះដូងរបស់អ្នកបើកបរ នឹងប្រែដូចធម្មតាវិញ ដូច្នេះខ្សែដៃនេះគឺជាឧបករណ៍មួយ ដែលដាស់តឿនអ្នកបើកបរឲ្យមានភាពប្រុងប្រយ័ត្ន ព្រោះថាបើសិនជាងងុយខ្លាំងហើយ  គួរតែប្ដូរអ្នកបើកបរ ឬក៏ឈប់សម្រាកសិន។

ខ្សែដៃអគ្គិសនី Steer នឹងមានដាក់លក់នៅលើទីផ្សារចាប់ពីខែកញ្ញាខាងមុខនេះ ក្នុងតម្លៃ១០០ដុល្លារ។  សម្រាប់អ្នកដែលត្រូវបើកបរក្នុងពេលយប់ញឹកញាប់ គួរតែទិញខ្សែដៃនេះ ដើម្បីបង្កើនសុវត្ថិភាពខ្លួនអ្នក និងអ្នកដទៃផងដែរ៕

ខ្សែដៃអគ្គិសនី Steer

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]