(ភ្នំពេញ)៖ លេងសើចម៉េចបាន ហេងស៊យម្ចាស់ស្បែកជើងមាស នៃពានរង្វាន់ AFF U-15 Championship 2017 បានមកកីឡាករកម្ពុជា បើទោះបីក្រុមជម្រើសជាតិក្រោមអាយុ ១៥ឆ្នាំកម្ពុជា ត្រូវបានជ្រុះចេញពីការប្រកួតជើងឯកក្របខ័ណ្ឌយុវជនអាស៊ាននេះ បន្ទាប់ពីបរាជ័យក្រោមថ្វីជើងក្រុមយុវជន U-15ម៉ាឡេស៊ី ដោយលទ្ធផល ៤-២ កាលពីយប់មិញក៏ដោយ ។

គិតត្រឹមវគ្គជម្រុះតាមពូល ដែលទើបបញ្ចប់កាលពីយប់មិញ កីឡាករ សៀង ចន្ធា របស់កម្ពុជា កំពុងឈរកំពូលតារាងអ្នកស៊ុតបាល់បញ្ចូលទីគូប្រជែងច្រើនជាងគេ(Top-Scorers) នៅឡើយ ដោយខ្សែប្រយុទ្ធរូបនេះ រកបាន ៥គ្រាប់ម្នាក់ឯង អំឡុងពេលក្រុម U-15កម្ពុជា ចាញ់វៀតណាម ២-១(រកបាន ១គ្រាប់), ឈ្នះហ្វីលីពីន ៤-០(រកបាន ៣គ្រាប់) និង ១គ្រាប់ទៀត រកបានពេលកម្ពុជា ឈ្នះទីម័រ ១-០ ។

តាមរយៈតួរលេខខាងលើបានធ្វើឲ្យ ចន្ធា មានក្ដីសង្ឃឹមក្នុងការប្រជែងតំណែងស្បែកជើងមាស ស្របពេលកីឡាករថៃ Chony Wenpaserth កំពុងតាមពីក្រោយរកបាន ៤គ្រាប់ និងកីឡាករអូស្ដ្រាលី Noah Botic ឈរលេខរៀងទី៣ រកបាន ៣គ្រាប់ក្នុងដៃ ។ ប៉ុន្ដែយ៉ាងណាកីឡាករថៃ និងអូស្ដ្រាលី នៅមានឱកាសស្វែងរកគ្រាប់បន្ថែម ២ប្រកួតទៀត ពេលក្រុមម្ចាស់ផ្ទះថៃ និងអូស្ដ្រាលី ធ្វើការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រនាពេលខាងមុខ ។

គួរបញ្ជាក់ថា ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនៅកីឡដ្ឋាន Chonburi ប្រទេសថៃ នាថ្ងៃទី២០ ខែកក្កដាស្អែកនេះ ដោយក្រុមម្ចាស់ផ្ទះ U-15ថៃ ត្រូវជួបក្រុមយុវជនម៉ាឡេស៊ី និងក្រុមមាឌធំអូស្ដ្រាលី ត្រូវជួបក្រុម U-15វៀតណាម ។ ចាំមើលតើកីឡាករ Chony Wenpaserth និងកីឡាករ Noah Botic អាចរកគ្រាប់បន្ថែម មកប្រជែងស្បែកជើងមាសជាមួយកីឡាករកម្ពុជា សៀង ចន្ធា បានដែរ ឬក៏យ៉ាងណា?

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]