ភ្នំពេញ៖  លោក Leonardo Vitorino គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា និងជាគ្រូបង្វឹកក្រុម Cambodia All Stars បានប្រាប់ពីមូលហេតុដែលលោកសម្រេចចិត្តប្ដូរកីឡាករឈុតថ្មីក្នុងអំឡុងតង់ទី១ នឹងប្ដូរកីឡាករមួយចំនួនទៀត ក្នុងតង់ទី២ គឺដោយសារកីឡាករលេងមិនសូវសហការគ្នា និងចេះតែបញ្ចេញសមត្ថភាពរៀងៗខ្លួនពេក  ដែលទទួលលទ្ធផលមិនល្អក្នុងតង់ទី១  ក្នុងការប្រកួតកាលពីយប់មិញ ដែលក្រុម Cambodia All Stars បានបរាជ័យ ៤-០ លើក្រុមខ្លាំងរបស់ថៃ Muanthong United។ 

លោក Leonardo Vitorino គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា និងជាគ្រូបង្វឹកក្រុម Cambodia All Stars

ក្រោមក្រសែភែ្នកមនុស្សរាប់ម៉ឺននាក់ ក្រុម Cambodia All Stars មិនអាចស៊ុតបញ្ចូលទីក្រុមខ្លាំងរបស់ថៃបានសម្បីមួយគ្រាប់  ផ្ទុយទៅវិញក្រុមខ្លាំងរបស់ថៃ  ស៊ុតបានរហូតដល់ទៅ ៣គ្រាប់ក្នុងតង់ទី១ ដែលធើ្វបានដោយកីឡាករ Assumpcao នៅនាទី ៨, នាទី១៤ និង Ratchapol នៅនាទី២៥  ខណៈដែលនៅតង់ទី២ កីឡាករ Assumpcao ដដែលរកបាន Hat-trick ក្នុងការប្រកួតដោយបន្ថែម ១គ្រាប់ទៀត នៅនាទី៨១ ធើ្វឲ្យចប់ការប្រកួតក្រុម Muanthong United យកឈ្នះក្រុម Cambodia All Stars ៤-០។ 

សកម្មភាពការប្រកួតរវាងក្រុម Cambodia All Stars និងក្រុម Muangthong កាលពីយប់មិញ
សកម្មភាពការប្រកួតរវាងក្រុម Cambodia All Stars និងក្រុម Muangthong កាលពីយប់មិញ

ក្រោយចប់ការប្រកួត លោក Leonardo Vitorino គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បាននិយាយថាក្រុម Cambodia All Star ចាញ់ Muangthong United លើកនេះដោយសារ កីឡាកររបស់លោកលេងមិនសូវសហការគ្នា និងចេះតែបញ្ចេញសមត្ថភាពរៀងៗខ្លួនពេក  ដែលធើ្វឲ្យក្រុមទទួលលទ្ធផលមិនល្អក្នុងតង់ទី១ ហើយបើលោកមិនដូរទាំងអស់ទេ គឺក្រុមនឹងអាចចាញ់ច្រើនជាងហ្នឹង អាចនឹងដល់ ១០, ២០គ្រាប់។

គ្រូសញ្ជាតិប្រេស៊ីលរូបនេះបាននិយាយថា៖ «ការប្រកួតនេះគឺរៀងលំបាកបន្ដិច ដោយសារកីឡាកររបស់យើងមានសមត្ថភាពខុសគ្នា ដូចជាកីឡាករបរទេសយើងខ្លះមានកម្រិតលេងល្អ និងកីឡាករក្នុងស្រុកយើងខ្លះមានកម្រិតលេងមិនសូវល្អ ដូច្នេះការលេងជាក្រុមអាចលំបាកបន្ដិច។  នៅពាក់កណ្ដាលតង់ទី១ និងដើមតង់ទី២ គឺមានការប្ដូរកីឡាករច្រើន  ដែលខ្ញុំព្យាយាមរកកីឡាករណាដែលមានកម្រិតលេងប្រហាក់ប្រហែលគ្នាវិញ  ហើយជាលទ្ធផលគឺយើងបានឃើញពិតប្រាកដមែនថា ក្នុងតង់ទី២ យើងលេងបានល្អជាងនៅតង់ទី១  ដោយសារពួកគេមានការសហការគ្នាបានល្អ ខុសពីតង់ទី១  ដែលកីឡាករភាគច្រើន ព្យាយាមបញ្ចេញសមត្ថភាពរៀងៗខ្លួន»។  

លោក Leonardo បកស្រាយការដែលប្ដូរកីឡាករ១ឈុតចេញអំឡុងតង់ទី១

ទោះបីចាញ់រហូតដល់ ៤-០ ពិតប្រាកដមែន ប៉ុន្តែលោកបានកត់សំគាល់ឃើញថា លោកបានរកឃើញក្រុមកីឡាករដែលនឹងត្រូវដាក់លេង ក្នុងការប្រកួតបន្ទាប់ ខណៈកម្ពុជានឹងត្រៀមប្រកួតក្នុងព្រឹត្តិការណ៍ U23 នាពេលខាងមុខ ដែលសល់តែបីថ្ងៃទៀតប៉ុណ្ណោះ។

ទន្ទឹមនឹងនោះផងដែរ លោក Leonardo ក៏បានសរសើរដល់កីឡាករវ័យក្មេងរបស់លោកថា ពិតជាធើ្វបានល្អក្នុងការប្រកួតទល់នឹងក្រុមដ៏ខ្លាំងប្រចាំប្រទេសថៃ ទោះជាលទ្ធផលចាញ់ ៤-០ យ៉ាងណាក្ដី។ លោកបាននិយាយថា៖ «យើងគឺជាក្រុមជម្រើសជាតិ ជាពិសេសគឺក្មេងៗដែលប្ដូរចូលលេងក្នុងការប្រកួតនេះ គឺធើ្វបានល្អមែនទែន ដូច្នេះនៅការប្រកួតក្រោយៗ ពួកយើងនឹងមានការពិចារណាឡើងវិញថាតើកីឡាករណានឹងអាចចូលលេងក្នុងជម្រើសដំបូង»។ 

សូមបញ្ជាក់ថា ការប្រកួតមិត្តភាពអន្តរជាតិ Cambodia All Stars និងក្រុមខ្លាំងរបស់ថៃ Muangthong United ដែលបញ្ចប់ទៅដោយលទ្ធផល ០-៤ គឺមានអ្នកទស្សនារាប់ម៉ឺននាក់នៅពហុកីឡដ្ឋានជាតិអូឡាំពិកកាលពីយប់មិញ ខណៈដែលការប្រកួតជាមួយក្រុមថៃលើកនេះ  គឺដើម្បីដកស្រង់បទពិសោធន៍សម្រាប់ក្រុមកីឡាករ និងក្រុមកីឡាករអាយុក្រោម ២៣ឆ្នាំ ដែលនឹងត្រៀមលេងនាថ្ងៃទី១៩ ដល់ ២៣ ខែកក្កដា ឆ្នាំ២០១៧ខាងមុខនេះក្នុងព្រឹត្តិការណ៍ AFC U-23 Championship China 2018 Qualifiers នៅពហុកីឡដ្ឋានជាតិអូឡាំពិក៕

កីឡាករក្រុមទាំង២ ចាប់ដៃគ្នាមុនការប្រកួត
កីឡាករ ប្រាក់ មុន្នីឧត្ដម (អាវស)
ក្រុម Muangthong United លើកពានកត្ដិយសសម្រាប់ជ័យជម្នះរបស់ពួកគេ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]