បរទេស៖  “ស្បែករបស់ខ្ញុំ ធ្លាប់ជាបញ្ហាដ៏ធំមួយសម្រាប់ខ្ញុំ ប៉ុន្តែឥឡូវនេះ ខ្ញុំគិតថា វាគឺជាភាពស្រស់ស្អាតបំផុតដែលគ្មាននរណាដូច”។ នេះជាសម្តីនារីម្នាក់ដែលមានផ្ទុកជំងឺ Ehlers-Danlos  និយាយអំពី ការគិតជាវិជ្ជមានលើរូបរាងកាយ និងការស្រឡាញ់ស្បែកខ្លួនឯងកំពុងមាន។

កញ្ញា Sara Geurts អាយុ២៦ឆ្នាំ បានកើតជំងឺ Ehlers-Danlos នេះ តាំងពីនាងមានអាយុ ១០ឆ្នាំមកម្ល៉េះ ដែលជាជំងឺមួយប្រភេទ ធ្វើឲ្យមានភាពមិនប្រក្រតីលើសរីរាង្គ ដូចជា សន្លាក់ សាច់ដុំ និងស្បែកជាដើម។  ជម្ងឺ Ehlers-Danlos  កកើតឡើងដោយជំងឺតូចៗចំនួន១៣មុខផ្សេងទៀត ហើយជាមធ្យមវាកើតលើមនុស្សម្នាក់ក្នុងចំណោមមនុស្ស ៥០០០ នាក់ ទូទាំងពិភពលោក។

នៅពេលដំបូងកញ្ញា Geurts មិនហ៊ានប្រឈមមុខជាមួយអ្នកដទៃទេ។ កញ្ញាតែង ព្យាយាមលាក់បាំងស្បែកដែលមិនប្រក្រតីរបស់កញ្ញា តាមរយៈការស្លៀកសម្លៀកបំពាក់ជិតៗ។  កញ្ញាបាននិយាយថា “ខ្ញុំបានព្យាយាមបិតបាំងវា។ ខ្ញុំមិនចង់ឲ្យនរណាម្នាក់សួរខ្ញុំអំពីរឿងមួយនេះទេ។ ខ្ញុំមិនចង់និយាយអំពីវាទេ”។

“ស្បែករបស់ខ្ញុំ ធ្លាប់ជាបញ្ហាដ៏ធំមួយសម្រាប់ខ្ញុំ ប៉ុន្តែឥឡូវនេះ ខ្ញុំគិតថា វាគឺជាភាពស្រស់ស្អាតបំផុតដែលគ្មាននរណាដូច”

នៅពេលកញ្ញាមានអាយុកាន់តែច្រើនឡើង កញ្ញាមិនត្រឹមទទួលយកស្បែកដ៏ជ្រីវជ្រួញរបស់កញ្ញាទេ  លើសពីនេះ កញ្ញាថែមទាំងស្រឡាញ់វាថែមទៀតផង។ កញ្ញាបាននិយាយថា “ខ្ញុំបានចាប់ផ្តើមស្រឡាញ់ស្បែកដែលខុសប្លែកពីគេរបស់ខ្ញុំ នៅពេលដែលខ្ញុំមានអាយុ ២២ ឬ២៣ ឆ្នាំ។ ខ្ញុំបានមើលមកខ្លួនឯង និងរាងកាយរបស់ខ្លួនឯងនៅក្នុងផ្លូវមួយដែលខុសស្រឡះពីមុន។  ភាពខុសពីគេដ៏កម្រ និងសិល្បៈដែលបានពីភាពបត់បែននៃស្នាមជ្រួញនោះ គឺថាវាពិតជាអស្ចារ្យខ្លាំងណាស់។ កាលពីពេលមុន វាបានធ្វើឲ្យខ្ញុំពិបាកចិត្តខ្លាំងណាស់ នៅពេលដែលខ្ញុំមើលមកខ្លួនឯងក្នុងផ្លូវមួយដែលអាក្រក់ ”

ឥឡូវនេះ កញ្ញា Geurts កំពុងព្យាយាមបង្កើតស្នាដៃ តាមរយៈការងារជាតារាម៉ូដែល ដើម្បីបង្ហាញទៅកាន់ពិភពលោកថា អ្នកមិនចាំបាច់ទាល់តែមានរូបសម្រស់ស្រស់ស្អាតស្របទៅតាមស្តង់ដាស្រីស្អាត ទើបអាចធ្វើឲ្យអ្នកដទៃចាប់អារម្មណ៍នោះទេ។ កញ្ញាបានបន្ថែមថា “បំណងប្រាថ្នាដ៏ធំរបស់ខ្ញុំដែលចង់ក្លាយជាតារាម៉ូដែលនេះ អាចខុសនឹងស្តង់ដារបស់សង្គម និងការគិតរបស់មនុស្សមួយចំនួន ដែលគិតថា តារាម៉ូដែលត្រូវតែមានរូបសម្រស់ស្អាតឥតខ្ចោះ។ តាមពិតទៅ ការបង្ហាញនូវសម្រស់ប្លែកគេ និងភាពឥតខ្ចោះរបស់ខ្លួនអ្នកទៅវិញទេ ដែលជាភាពស្រស់ស្អាតពិតប្រាកដ”៕

សូមទស្សនារូបភាព និងវីដេអូនៅខាងក្រោមនេះ៖ 

“ខ្ញុំបានព្យាយាមបិតបាំងវា។ ខ្ញុំមិនចង់ឲ្យនរណាម្នាក់សួរខ្ញុំអំពីរឿងមួយនេះទេ។ ខ្ញុំមិនចង់និយាយអំពីវាទេ”
កញ្ញាមិនត្រឹមតែទទួលយកស្បែកដ៏ជ្រីវជ្រួញរបស់កញ្ញាទេ លើសពីនេះ កញ្ញាថែមទាំងស្រឡាញ់វាថែមទៀតផង
កញ្ញា Geurts កំពុងព្យាយាមបង្កើតស្នាដៃតាមរយៈការងារជាតារាម៉ូដែល ដើម្បីបង្ហាញទៅកាន់ពិភពលោក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]