រាជធានីភ្នំពេញ ៖ តារាកំប្លែងវ័យក្មេងកញ្ញានីឡាត្រូវឪពុកម្តាយរៀបចំឱ្យមានគូដណ្តឹងយូរខែមកហើយ តែមិនទាន់កំណត់ពេលចូលរោងការទេ ។ នីឡាថានាងនៅក្មេង ដូច្នេះហើយខំប្រឹងពង្រីកមុខរបរឱ្យល្អជាងនេះសិនមុនគិតរឿងរៀបការ ។
កញ្ញានីឡា និយាយកាលពីពេល ថ្មីៗកន្លងមកថា នាង និងគូដណ្តឹងសុទ្ឋតែរវល់ព្រោះមានមុខរបររៀងខ្លួន ដើម្បីរកលុយឱ្យបានច្រើន ។ «រវាងពួកយើងទាំង២គ្មានអ្វីបែកខ្ញែកគ្នាទេ នៅតែដើរទៅមុខ ដ្បិតមិនបានបណ្តើរគ្នាទៅណាមកណាឱ្យអ្នកកាសែតឃើញ តែនៅល្អូកល្អិនដដែល» ។
ប៉ុន្មានខែមុននេះកញ្ញានីឡាធ្វើជាពិធីការិនីប្រចាំស្ថានីយទូរទស្សន៍ស៊ីធីអិនក្នុងកម្មវិធីតន្ត្រីផ្សាយបន្តផ្ទាល់បានប៉ុន្មានសប្តាហ៍ដែរ ។ នីឡាលើកលើកឡើងថា នាងផ្អាកមួយរយៈធំ ព្រោះយល់ថាអាជីពមួយនេះទាមទារចំណេះដឹងច្រើន ។ កញ្ញានីឡានិយាយថា«នៅពេលដែលនាងខ្ញុំបានកាន់កាប់កម្មវិធីជាអ្នកដំណើរការកម្មវិធីផ្សាយផ្ទាល់ឲ្យមានភាពរលូនទៅឲ្យគេមើល គឺមិនស្រួលដូចអាជីពកំប្លែងដែលនាងខ្ញុំដុះតាំងពីវ័យក្មេងឡើយ ។
នាងខ្ញុំពិតជាស្រឡាញ់អាជីពជាពិធីការិនីណាស់ គ្រាមុននេះនាងខ្ញុំបានឡើងនិយាយនៅស៊ីធីអិន ពិតជាសប្បាយចិត្ត ប៉ុន្តែក្រោយពីបានភ្លក់រសជាតិមកទើបដឹងថា អ្នកទទួលការងារផ្នែកជាពិធីករពិធីការិនី គឺមើលទៅមិនធម្មតាទេទាមទារនូវភាពរហ័សរហួនចំណេះដឹងទូលាយយល់ច្រើនពីបញ្ហា ផ្សេងៗ ។ េម្ល៉ោះហើយទើបនាងខ្ញុំសុំមិនទាន់ហ៊ានទទួលយកការងារនេះទៀតទេ សុំផ្អាកសិន ហើយការផ្អាកនេះប្រហែលជាត្រូវផ្អាកយូរទៀតផងអាចថា ទាល់តែនាងខ្ញុំរៀនចេះដឹងជាងនេះសិន ទើបអាចវិលវិញម្តងទៀតក៏មិនហួសពេលដែរ »។
កញ្ញានីឡាមិនស្តាយការងារពិធីការិនីទេ ព្រោះជាការងារខុសជំនាញ ។ បន្ទាប់ពីស្គាល់រសជាតិធ្វើជាពិធីការិនីហើយ នីឡាងាកទៅពង្រឹងសមត្ថភាពខាងសម្តែងកំប្លែងឲ្យប្រសើរឡើង ។ «ខ្ញុំធ្វើយ៉ាងណារកតិចនិក ថ្មីៗធ្វើឲ្យពុកម៉ែ បងប្អូន បានសើចសប្បាយជាបន្តទៀត ។ លើសពីនេះក៏ចង់បង្ហាញស្នាដៃតាមរយៈខ្សែភាពយន្តផងដែរ ស្របពេលដែលនាងខ្ញុំមានការគាំទ្រពីមិត្តអ្នកស្រឡាញ់ការសម្តែងរបស់នាងខ្ញុំច្រើនដែរនោះ ទើបយល់ថាទាំងកំប្លែងនិងការសម្តែងភាពយន្តជាមុខរបរអាជីពសំខាន់ក្នុងការជួយឲ្យលេចធ្លោនៅលើវិថីសិល្បៈមួយនេះ»។
តារាកំប្លែងនីឡាបានភ្ជាប់ពាក្យជាច្រើនខែមកហើយ តែរវាងនាង និងគូដណ្តឹងមិនទាន់គិតគូររឿងរៀបការទេ ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]