ជាទូទៅ មិនថាអ្នកណានោះទេ គឺពិតជាចង់ប្រឆាំងជាមួយនឹងធម្មជាតិ ដែលបានផ្តល់ឲ្យយើងពីកំណើតឡើយ។ ប៉ុន្តែដោយសារ បរិស្ថានជុំវិញខ្លួន ក៏ដូចជារបត់ផ្លាស់ប្តូរនៃសង្គម ក៏ធ្វើឲ្យគំនិត និងអារម្មណ៍ ក៏ស្រាប់តែមានការផ្លាស់ប្តូរទៅតាមនោះផងដែរ។

ជាការពិតណាស់ បច្ចុប្បន្ននេះ យើងសង្កេតឃើញថា កំណើននៃចំនួនមនុស្សស្រលាញ់ភេទដូចគ្នា គឺមានការកើនឡើងច្រើនគួរឲ្យកត់សម្គាល់ ដោយកើនឡើងរហូតទៅដល់រាប់ពាន់គូក្នុងមួយឆ្នាំៗឯណោះ។

រូបភាពតំណាង

ចុះសួរថា ហេតុអ្វីបានជាមនុស្សមួយចំនួន ស្រាប់តែមានអារម្មណ៍ស្រលាញ់ភេទដូចគ្នាបែបនេះ បើទោះបីជាខ្លួនកំពុងតែមានទំនាក់ទំនងស្នេហ៍ ជាមួយមនុស្សភេទផ្ទុយ បើនិយាយឲ្យចំទៅ គឺអ្នកកំពុងតែមានទំនាក់ទំនងស្នេហ៍ជាមួយមនុស្សភេទផ្ទុយទៅហើយ ប៉ុន្តែបែរមកលួចលាក់ស្រលាញ់មនុស្សភេទដូចគ្នាទៅវិញ?

ដោយឃើញថា បច្ចុប្បន្ននេះ មានមនុស្សមួយចំនួន ក៏កំពុងតែជួបប្រទះជាមួយនឹង ស្ថានភាពបែបនេះផងដែរ គឺគូស្នេហ៍របស់ពួកគេ បានលួចលាក់ស្រលាញ់មនុស្សភេទដូចគ្នា ដែលធ្វើឲ្យគាត់មិនយល់ ក៏ដូចជាពិបាកទទួលយកវាខ្លាំងមែនទែន។

ដូចនេះ កុំឲ្យខាតយូរថ្ងៃនេះ ខ្មែរឡូត ក៏សូមស្រាយចម្ងល់សង្ស័យរបស់ ប្រិយមិត្តចំពោះបញ្ហាដែលមានអារម្មណ៍ស្រលាញ់ភេទដូចនេះ។

បើយោងតាមការលើកឡើងរបស់ អ្នកជំនាញផ្នែកចិត្តសាស្រ្តមួយរូប កញ្ញា សុវណ្ណារា ដោយនាងបានរៀបរាប់ថា «ពាក្យថាភេទ និងយេនឌ័ររបស់មនុស្ស ស្តាប់មើលទៅហាក់បីដូចជាដូចគ្នា ក៏ប៉ុន្តែអ្វីដែលខុសគ្នានោះ គឺចំពោះ ភេទគឺគេនិយាយអំពីកត្តាជីវសាស្រ្ត ដោយឲ្យមនុស្សមានភេទ តែពីរទេ ( ប្រុសនិងស្រី ) ប៉ុន្តែ សម្រាប់យេនឌ័រវិញ គឺសំដៅទៅលើលក្ខណះជីវសាស្រ្ត និងចិត្តសាស្រ្តវិញ ដោយមាននៅភេទស្រី ភេទប្រុស និងភេទរួម ( មានទាំងស្រីនិងប្រុស )»។

សំណួរសួរថា ហេតុអីបានស្រីស្រឡាញ់ស្រី និងប្រុសស្រឡាញ់ប្រុស?

កញ្ញា សុវណ្ណារា អ្នកជំនាញផ្នែកចិត្តសាស្រ្ត

ក្នុងនោះ កញ្ញា​បានបន្តថា «ភេទមិនអាចកែប្រែបាននោះទេ ប៉ុន្តែយេនឌ័រអាចកែប្រែបាន។ ព្រោះមនុស្សប្រុស មានការបញ្ចេញនៅអរម៉ូនភេទ Testosterone និងមនុស្សស្រីមានការបញ្ចេញនៅអរម៉ូន អឺស្រ្តូសែន នេះគឺជាការកំណត់ឲ្យនៃប្រភពជីវិតមនុស្ស។

ហេតុដូច្នោះហើយ មានវប្បធម៌ចំពោះបុរសដូចជាការធ្វើការងារមួយចំនួន (ដឹកនាំ, សំណង់, …)ព្រោះបុរសជាភេទខ្លាំង រីឯ ស្រី្តវិញដូចជាការងារ ( មេផ្ទះ, លាងចាន, បោសផ្ទះ,…)ព្រោះ ស្រ្តីជាភេទទន់ខ្សោយ ហើយនេះជាការឲ្យតម្លៃរបស់សង្គមភាគច្រើន។តែក៏មានប្រធានបទខ្លះ គេបានឲ្យតម្លៃទៅលើស្រី្តជាធំដែរ។ បុរសគឺពិតជាមានផ្ទុកអរម៉ូនភេទប្រុស និងភេទទី៣ ហើយស្រីក៏ដូចគ្នាដែរ។

*មូលហេតុដែលនាំឲ្យគាត់ទៅជាបែបនេះ

+ កត្តាជីវសាស្រ្តទំនាក់ទំនងជាមួយនឹងការប្រែប្រួលអរម៉ូន, ការបញេ្ចញអរម៉ូនមិនប្រក្រតី

+កត្តាគីមីទំនាក់ទំនងជាមួយនិងចំណីអាហារ, របស់ប្រើប្រាស់, របបរស់នៅ

+ កត្តាតំណពូជទំនាក់ទំនងជាមួយហ្សែន

+ កត្តាសង្គម៖ វប្បធម៌ទំនាក់ទំនងជាមួយការជះឥទ្ធិពល នៃតថភាពជុំវិញខ្លួន

ឧទាហរណ៍៖ នៅក្នុងមួយផ្ទះគឺសុទ្ធតែបុរស នាំឲ្យអាកប្បកិរិយារបស់គាត់ក៏ប្រុសដែរ, បណ្តាលមកពីការបែកបាក់ស្នេហាខ្លាំងជាបទពិសោធន៍, ការធ្លាប់បានត្រូវគេចាប់រំលោភដែលជាមនុស្សជិតដិតជាដើម។

រូបភាព

*ចុះស្នេហាបែបភេទដូចគ្នា វាមានរសជាតិបែបណា?

គឺវាដូចជាស្នេហារវាងបុរសនិងស្រីដូច្នោះដែរ គឺការស្រលាញ់ ថ្នាក់ថ្នម មើលថែ ប្រច័ណ្ឌ ហួងហែងអ្វីបែបនេះ​​ និងមានបុគ្គលម្នាក់ដើរតួជាប្រុស និងម្នាក់ទៀតដើរតួជាស្រី។

រូបភាព

ប៉ុន្តែក៏មានមនុស្សមួយចំនួន មានសង្សារជាភេទផ្ទុយគ្នា តែបែរស្រលាញ់ភេទដូចគ្នា តើមូលហេតុអ្វី?

កញ្ញា ក៏បានរៀបរាប់ថា «វាអាចមានតិច នៅលើលោកយើងនេះ ដែលខ្លួន មានសង្សារ ជាភេទដូចគ្នា​ តែបែរជាមានអារម្មណ៍ស្រលាញ់ ភេទដូចគ្នា​ ខណៈពេលកំពុងតែផ្អែមល្ហែម ជាមួយនឹងភេទផ្ទុយគ្នា។

វាអាចមកពីអារម្មណ៍ ជូនកាល ភេទដូចគ្នា ពួកគេដឹង និងយល់ចិត្តគ្នា ជាងភេទផ្ទុយគ្នា។ ជាពិសេស នៅពេលដែលពួកគេ​បាននៅជិតគ្នា​ ធ្វើឲ្យអារម្មណ៍ល្អ កាន់តែមានខ្លាំង នោះការស្រលាញ់ នឹងចាប់ផ្តើមមានបន្តិចម្តងៗ រហូតភ្លេចគិតថា ខ្លួនមានគូស្នេហ៍ ជាភេទផ្ទុយគ្នាក៏មានផងដែរ»។

តាមរយៈការរៀបរាប់ខាងលើនេះ យើងអាចដឹងបានថា ការដែលមនុស្សយើងប្រែប្រួលអារម្មណ៍មកស្រលាញ់ភេទដូចគ្នានេះ គឺបណ្តាលមកពី កត្តាជាច្រើនដូចជា បម្រែបម្រួលអរម៉ូន ក៏ដូចជាទំនោរទៅតាមបរទេសជាដើម លើសពីនេះ អាចជាកម្លាំងទាក់ទាញរបស់បុគ្គលភេទដូចគ្នាខ្លាំង ទើបបណ្តាឲ្យយើងទន់ចិត្តស្រលាញ់ ទាំងភ្លេចថាគេជាបុគ្គលដែលមានភេទដូចខ្លួន៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]