ដាណឺម៉ាក៖ យ៉ាងហោចណាស់មនុស្សចំនួន ៤នាក់បានបាត់ខ្លួន និងជាច្រើននាក់ផ្សេងទៀតបានរងរបួស ក្នុងហេតុការណ៍រញ្ជួយដីកម្រិតខ្លាំង បង្កឲ្យកើតមានរលកយក្សស៊ូណាមិ នៅភាគខាងលិចឆ្នេរសមុទ្រ Greenland ប្រទេសដាណឺម៉ាក។ នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មានអន្តរជាតិ BBC បានចុះផ្សាយ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ បង្កឲ្យផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ប្រមាណ១១ខ្នងក្នុងភូមិ នៃតំបន់ Nuugaatsiaq លើឆ្នេរសមុទ្រ Greenland ត្រូវបានរងការបំផ្លិចបំផ្លាញអស់គ្មានសល់។

លោក Bjørn Tegner Bay ប្រធានប៉ូលិសប្រចាំតំបន់ បាននិយាយថា រូបលោកមិនទាន់អាចធ្វើការបញ្ជាក់បាន ថាតើមានចំនួនជនរងគ្រោះប៉ុន្មាននាក់ ដែលត្រូវបានស្លាប់បាត់បង់ជីវិត ក្នុងគ្រោះមហន្តរាយមួយនេះនៅឡើយទេ។

ដោយឡែក ខាងអាជ្ញាធរមូលដ្ឋានជឿជាក់ថា ដោយសារតែកើតមានបាតុភូតរញ្ជួយដី ចំនួន៤ដងផ្ទួនៗគ្នា ទើបបង្កឲ្យមានរលកស៊ូណាមិនេះកើតឡើងតែម្តង។

បើតាមប្រភពបានឲ្យដឹងថា មនុស្សចំនួន៤នាក់ ត្រូវបានបាត់ខ្លួន ខណៈមនុស្សចំនួន៩នាក់ បានរងរបួស ដោយក្នុងនោះជនរងគ្រោះ២នាក់ផ្សេងទៀត ត្រូវបានជឿជាក់ថា រងរបួសធ្ងន់ធ្ងរខ្លាំងជាងគេ។ រីឯមនុស្សប្រមាណ៣៩នាក់ទៀត ត្រូវបានជម្លៀសចេញពីតំបន់កើតហេតុ ដើម្បីរកទីទួលមានសុវត្ថិភាព។

ជាមួយគ្នានេះដែរ នាយករដ្ឋមន្រ្តីនៃប្រទេសដាណឺម៉ាក លោក Lars Lokke Rasmussen បានមានប្រសាសន៍ថា នេះគឺជាគ្រោះមហន្តរាយធម្មជាតិ ដ៏គួរឲ្យភ័យខ្លាចនិងព្រួយបារម្ភយ៉ាងខ្លាំង នៅតំបន់ Nuugaatsiaq ។ 

ទីភ្នាក់ងារឧតុនិយម អ្នកស្រី Trine Dahl Jensen បានថ្លែងប្រាប់អ្នកកាសែតក្នុងស្រុក ឲ្យដឹងថា វាមិនមែនជារឿងធម្មតាទេ ព្រោះនេះគឺជាគ្រោះរញ្ជួយដីដ៏ធំសម្បើមមួយ បង្កទៅជារលកស៊ូណាមិ នៅឆ្នេរសមុទ្រ Greenland ។

គួរឲ្យដឹងដែរថា តំបន់ឆ្នេរ Greenland មានប្រជាជនរស់នៅសុរបទាំងអស់ប្រមាណ ៥៥,០០០នាក់ ហើយវាគឺជាតំបន់ ដែលងាយនឹងរងគ្រោះថ្នាក់បំផុតមួយ ពីគ្រោះធម្មជាតិផ្សេងៗ ដោយសារកត្តាបំផ្លាស់ប្តូរអាកាសធាតុ ៕

ទស្សនាវីដេអូខាងក្រោម៖    

ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ប្រមាណ១១ខ្នងក្នុងភូមិ នៃតំបន់ Nuugaatsiaq លើឆ្នេរសមុទ្រ Greenland ត្រូវបានរងការបំផ្លិចបំផ្លាញអស់គ្មានសល់
មនុស្សចំនួន៤នាក់ ត្រូវបានបាត់ខ្លួន ខណៈមនុស្សចំនួន៩នាក់ បានរងរបួស ដោយក្នុងនោះជនរងគ្រោះ២នាក់ផ្សេងទៀត ត្រូវបានជឿជាក់ថា រងរបួសធ្ងន់ធ្ងរខ្លាំងជាងគេ។ រីឯមនុស្សប្រមាណ៣៩នាក់ទៀត ត្រូវបានជម្លៀសចេញពីតំបន់កើតហេតុ ដើម្បីរកទីទួលមានសុវត្ថិភាពផងដែរ
មនុស្សចំនួន៤នាក់ ត្រូវបានបាត់ខ្លួន ខណៈមនុស្សចំនួន៩នាក់ បានរងរបួស ដោយក្នុងនោះជនរងគ្រោះ២នាក់ផ្សេងទៀត ត្រូវបានជឿជាក់ថា រងរបួសធ្ងន់ធ្ងរខ្លាំងជាងគេ។ រីឯមនុស្សប្រមាណ៣៩នាក់ទៀត ត្រូវបានជម្លៀសចេញពីតំបន់កើតហេតុ ដើម្បីរកទីទួលមានសុវត្ថិភាពផងដែរ

ប្រភព៖ Mirror BBC

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]