(ភ្នំពេញ)៖ សហព័ន្ធកីឡាគុនដាវកម្ពុជា បានសម្រេចបញ្ជូនកីឡាករ-កីឡាការិនីរបស់ខ្លួនចូលរួមការប្រកួតជ្រើសរើសជើងឯកកីឡាគុនដាវទាហានជើងទឹក ឆ្នាំ២០១៧ ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ នៅទីក្រុងបាងកក ប្រទេសថៃ។

លោកសុខ អាង អគ្គលេខាធិការ នៃសហព័ន្ធកីឡាគុនដាវកម្ពុជាបានឱ្យដឹងថា ការចូលរួមនេះ សហព័ន្ធបានបញ្ជូនកីឡាករចំនួន ៣រូប និងកីឡាការិនីចំនួន ១រូបទៅចូលរួម។ ក្នុងនោះមានកីឡាករ១រូប និងកីឡាការិនី១រូបជាកូនខ្មែរកាត់អាមេរិក ហើយសព្វថ្ងៃពួកគាត់រស់នៅទីក្រុងបាងកកស្រាប់។ សមាសភាពនៃការចូលរួម រួមមានដូចខាងក្រោម៖

១- លោក សៀន សុភក្រ្ដ គ្រូបង្វឹក និងជាប្រតិភូដឹកនាំ

២- លោក ឃីម សាមាន កីឡាករ ប្រកួតវិញ្ញាសា បុរសឯកត្តជនដាវធំ

៣- លោក ឈុន លីម៉េង កីឡាករ ប្រកួតវិញ្ញាសា បុរសឯកត្តជនដាវកាប

៤- លោក មេត្តា ជ័ដ កីឡាករ ប្រកួតវិញ្ញាសា បុរសឯកត្តជនដាវតូច

៥- កញ្ញា រ៉ូប៊ី ជ័ដ កីឡាការិនី ប្រកួតវិញ្ញាសា បុរសឯកត្តជនដាវកាប

លោកអគ្គលេខាធិការរូបនេះបានប្រាប់ថា៖ យើងសម្រេចឱ្យកីឡាករ-កីឡាការិនីខាងលើចូលរួមការប្រកួតដោយមូលហេតុចម្បង២គឺ៖

• តេស្ដកម្រិតគុណផល (Performance) របស់ពួកគាត់ក្នុងកម្រិតអន្ដរជាតិ ៖ កីឡាករ-កីឡាការិនីចំនួន៣រូបសុទ្ធតែជាកីឡាករ-កីឡាការិនីថ្នាល ប៉ុន្តែពួកគាត់ពុំសូវមានឱកាសក្នុងការចូលរួមប្រកួតដើម្បីធ្វើតេស្ដ និងទទួលបទពិសោធន៍ក្នុងពីការប្រកួតឡើយ ជាពិសេសការប្រកួតជាលក្ខណៈអន្ដរជាតិ។

• ស្វែងរកចំណាត់ថ្នាក់ (Ranking) ជូនពួកគាត់ដើម្បីត្រៀមការប្រកួតផ្លូវការរបស់សហព័ន្ធកីឡាគុនដាវអន្ដរជាតិ៖ ការចូលរួមនេះ គឺផ្ដល់ឱកាសឱ្យពួកគាត់ទទួលបានចំណាត់ថ្នាក់មួយក្នុងការប្រកួតអន្ដរជាតិ ដើម្បីធ្វើការសន្សំពិន្ទុ និងត្រៀមចូលរួមការប្រកួតអន្ដរជាតិនានាដែលស្ថិតក្រោមអភិបាលរបស់សហព័ន្ធអាស៊ី និងសហព័ន្ធកីឡាគុនដាវអន្ដរជាតិ។

សូមបញ្ជាក់ថា ការប្រកួតនេះធ្វើឡើងជារៀងរាល់ឆ្នាំ ដែលរៀបចំដោយសហព័ន្ធកីឡាគុនដាវថៃ និងក្លឹបគុនដាវទាហានជើងទឹក ហើយការចូលរួមត្រូវបានបើកទូលាយសម្រាប់បណ្ដាលប្រទេសនានាលើពិភពលោកមកចូលរួម។

ក្នុងនោះមានប្រទេសមានចំនួន១៤ទូទាំងពិភពលោកបានចូលរួម ដូចជា ប្រទេសអូស្រ្ដាលី កម្ពុជា ចិន ហុងកុង ឥណ្ឌា អ៊ីរ៉ង់ អ៊ីតាលី ម៉ាឡេស៊ី ញូហ្សេឡេង ហ្វីលីពីន សិង្ហបុរី ថៃ អង់គ្លេស និងអាមេរិក។

លោក សុខ អាងបានបន្ដថា៖ ការចូលរួមខាងលើត្រូវបានអនុញ្ញាតដោយក្រសួងអប់រំ យុវជន និងកីឡា។ ចំពោះការស្នាក់នៅ ហូបចុក និងការធ្វើដំណើរ សហព័ន្ធសាម៉ីជាអ្នកទទួលខុសត្រូវ៕

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]