សិង្ហបុរី៖ កីឡាករចំនូលថ្មីរបស់ក្រុមណាហ្គាវើល គួច ដានី មានសង្ឃឹមឈ្នះគូប្រកួតដល់ទៅ ៨០% ស្របពេលដែលអតីតប្រធានក្រុមជម្រើសជាតិកម្ពុជា និងជាប្រធានក្រុមណាហ្គាវើល កីឡាករ គួច សុកុម្ភៈ បានប្រាប់ចំណុចមួយចំនួនដែលធើ្វឲ្យក្រុមខ្លួនពិបាកក្នុងការប្រកួតយប់នេះ។

ក្រុមកម្ពុជា ណាហ្គាវើល នឹងត្រូវជួបក្រុមសិង្ហបុរី Balestier Khalsa នៅវេលាម៉ោង ៧:៣០ នាទីយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ នេះនៅទីលាន Toa Payoh Stadium ក្នុងពានរង្វាន់ RHB Singapore Cup ខណៈបឹងកេត បានយកឈ្នះក្រុម Warrior ដោយលទ្ធផល ៤-១ ឡើងទៅជុំបន្ទាប់ហើយ ក្នុងពានរង្វាន់ដូចគ្នានេះ។  

បើយោងតាមវីដេអូរបស់ទំព័រហ្វេសប៊ុកផ្លូវការរបស់ណាហ្គាវើលបង្ហោះមុននេះថា គួច សុកុម្ភៈ គិតទៅលើចំណុចពីរដែលធ្វើឲ្យក្លឹបរបស់គេអាចមានបញ្ហាពិបាកយកឈ្នះដៃគូល្ងាចនេះគឺ បញ្ហាការរស់នៅខុសគ្នា (អាហារ និងអាកាសធាតុ) និងការលេងនៅទឹកដីរបស់ Balestier Khalsa។

កីឡាករ គួច សុកម្ភៈ

ដោយឡែកសម្រាប់អតីតកីឡាកររបស់ភ្នំពេញក្រោន ដែលចូលរួមជាមួយណាហ្គា ក្នុងការប្រកួតលីកជុំទី២ គួច ដានី វិញបាននិយាយថា រូបគេមានជំនឿចិត្តអាចយកឈ្នះដៃគូមួយនេះរហូតដល់ទៅ៨០ % ពីព្រោះកីឡាករក្នុងក្រុមមិនមានបញ្ហារបួស ហើយរូបគេក៏បានបន្ថែមថា ការហ្វឹកហាត់ និងការរៀបចំក្រុមរបស់គ្រូបង្វឹកមានភាពល្អប្រសើរ ទើបធ្វើរូបគេមានជំនឿចិត្តខ្ពស់បែបនេះ៕

កីឡាករ គួច ដានី

ចាំមើលថាតើក្រុមណាហ្គាវើល អាចយកឈ្នះដូចបឹងកេត ទៅលើក្រុមម្ចាស់ផ្ទះ Balestier Khalsa បានដែរទេ ក្នុងយប់នេះ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]