អាមេរិក៖   វេបសាយបច្ចេកវិទ្យា PhoneArena បានចុះផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ថា កាលពីសប្តាហ៍មុន ក្រុមអ្នកស្រាវជ្រាវរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Check Point បានរកឃើញមេរោគប្រភេទ Malware ថ្មីមួយ ដែលមានឈ្មោះថា Judy បានឆ្លងចូលឧបករណ៍ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ប្រមាណ ៣៦,៥ លានគ្រឿង។

មេរោគ Judy មួយនេះ ជា Malware ដែលចុចចូលដោយស្វ័យប្រវត្តិ (auto-clicking) វាមានបង្កប់ខ្លួនក្នុងផ្ទាំងពាណិជ្ជកម្មនៃកម្មវិធី (App)  ធ្វើឲ្យ Hacker អាចទទួលបានប្រាក់មួយចំនួននៅពីក្រោយប្រតិបត្តិការនេះ។  គេរកឃើញទៀតថា មេរោគនេះមាននៅក្នុង App ចំនួន ៤១ ផលិតដោយក្រុមហ៊ុនសរសេរកម្មវិធីមួយរបស់កូរ៉េ  ខណៈ App ទាំងនោះមានអ្នកទាញយក (Download) ចន្លោះពី ៤,៥ លាន ដល់ ១៨,៥ លានដង ជុំវិញពិភពលោក។

ប្រភពព័ត៌មានបានឲ្យដឹងថា App ជាច្រើនដែលមាននៅក្នុង Google Play Store ជាយូរមកហើយនោះ បានចេញកំណែអាប់ឌេត (update) ថ្មី កាលពីពេលថ្មីៗនេះ ខណៈ Check Point បានរកឃើញថា App មួយចំនួនទៀត ដែលសរសេរកូដ ដោយក្រុមហ៊ុនផ្សេង ក៏មានផ្ទុកមេរោគប្រភេទ Malware ថ្មីមួយនេះផងដែរ។ ប៉ុន្តែពួកគេមិនបានដឹងច្បាស់ពីទំនាក់ទំនងរវាងក្រុមហ៊ុនសរសេរកូដផ្សេងគ្នាទាំងនោះទេ ហើយក៏មិនច្បាស់ថា មេរោគថ្មីនោះ ត្រូវបានគេដឹងហើយ ឬក៏វារីករាលដាលដោយចៃដន្យនោះទេ។

ចំពោះ App ដែលមានផ្ទុកមេរោគ Judy នោះ ត្រូវបានគេរកឃើញថា ផលិតដោយក្រុមហ៊ុន Kiniwini របស់ប្រទេសកូរ៉េ  ដោយប្រើប្រាស់ឈ្មោះ ENISTUDIO Corp. ដើម្បីចុះបញ្ជីក្នុង Google Play។ ខណៈ Google Play បានលុបចោលកម្មវិធីទាំងអស់របស់ ENISTUDIO Corp. ដែលមាននៅក្នុង Google Play Store ៕

ប្រភព៖ PhoneArena

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]