(ភ្នំពេញ)៖ បន្ទាប់ពីបង្ហាញមហិច្ឆតាចង់ធ្វើម្ចាស់ផ្ទះការប្រកួតកីឡាទាញព្រ័ត្រជើងឯកអាស៊ីអាគ្នេយ៍ និងចូលរួមប្រកួតកីឡាជាតិ ឆ្នាំ២០១៨ នាពេលខាងមុខ ឥឡូវនេះលោក មាស សារិន ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានបង្ហាញនូវយុទ្ធសាស្ដ្រថ្មីៗចំនួន ៥ចំណុចទៀត ដើម្បីជំរុញកីឡាបែបប្រពៃណីមួយនេះឲ្យកាន់តែរីកចម្រើន និងដំណើរឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣។

ថ្លែងក្នុងពិធីបិទការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិ កាលពីម្សិលមិញលោក មាស សារិន បានលើកឡើងថា យុទ្ធសាស្ដ្រសហព័ន្ធបានកំណត់រួមមានទី១៖ សហព័ន្ធនឹងបណ្តុះបណ្តាលថ្នាល និងបរិមាណកីឡាករ-កីឡាការិនី។ ទី២៖ បង្កើនសមត្ថភាពអាជ្ញាកណ្ដាល ចៅក្រម ឲ្យកាន់តែមានភាពល្អប្រសើរទាំងបរិមាណ និងគុណភាព តាមរយៈការបើកវគ្គសិស្សាជំនាញយ៉ាងតិច ១ឆ្នាំម្ដង។ ទី៣៖ គឺការជំរុញឱ្យមានការរៀបចំការប្រកួតឱ្យបានច្រើន និងការហ្វឹកហាត់ឱ្យបានជាប្រចាំនៅតាមសមាគម និងក្លឹប ទី៤៖ ពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងក្នុងសហព័ន្ធ សមាគម និងក្លឹបទូទាំងប្រទេស និងទី៥ គឺស្វែងរកដៃគូអភិវឌ្ឍន៍ ដើម្បីលើកស្ទួយវិស័យកីឡាទាញព្រ័ត្រឆ្ពោះទៅលើឆាកអន្ដរជាតិ។

ដោយឡែក ចំពោះលទ្ធផលការប្រកួតកីឡាទាញព្រ័ត្រជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៧នេះវិញ រួមមានវិញ្ញាសាក្រោមអាយុ ២៣ឆ្នាំបុរស លេខ១ បានទៅក្រុមវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា, លេខ២ បានទៅខេត្តកំពត និងលេខ៣ បានទៅក្រុមមន្ទីរអប់រំយុវជន និងកីឡា ខេត្តសៀមរាប ខណៈផ្នែកនារី លេខ១ បានទៅក្រុមមន្ទីរអប់រំយុវជន និងកីឡា ខេត្តស្វាយរៀង និងលេខ២ បានទៅក្រុមខេត្ដស្វាយរៀង និងលេខ៣ បានទៅក្រុមវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។

រីឯវិញ្ញាសាលើអាយុ ២៣ឆ្នាំបុរស លេខ១ បានទៅក្រុមក្រសួងការពារជាតិ, លេខ២ បានទៅក្រុមវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា រួមទាំងលេខ៣ បានទៅក្រុមមន្ទីរអប់រំយុវជន និងកីឡា ខេត្តព្រៃវែង ខណៈផ្នែកនារី លេខ១ បានទៅក្រុមមកពីក្រសួងការពារជាតិដដែល ខណៈក្រុមអង្គការមិត្តសម្លាញ់ ដណ្ដើមបានចំណាត់ថ្នាក់លេខ២ និងលេខ៣ បានទៅក្រុមវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។ ចំណែកលទ្ធផលវិញ្ញាសាចម្រុះបុរស-នារីវិញ លេខ១ បានទៅក្រុមរាជសីហ៍មានរិទ្ធិ, លេខ២ ក្រុមវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា និងលេខ៣ ក្រុមម្ចាស់ផ្ទះខេត្តកណ្ដាល៕

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]