ភ្នំពេញ៖ ក្លិបបាល់ទាត់ភ្នំពេញក្រោន បានបង្ហាញនូវឈុតក្រៅដីយ៉ាងស្រស់ស្អាត សម្រាប់បើកឆាកការប្រកួតជុំទី២ នៃពានរង្វាន់លីកកំពូលកម្ពុជា ដែលពួកគេនឹងត្រូវជួបក្រុមគូប្រជែង បឹងកេត នាថៃ្ងព្រហស្បតិ៍នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង៦ល្ងាច។

ឯកសណ្ឋានក្រៅដីថ្មីនេះ គឺជាផលិតផលរបស់ក្រុមហ៊ុនផលិតសំភារៈកីឡា FBT របស់ប្រទេសថៃ ដែលមានពណ៌បៃតង និងខ្សែឆ្នូតពណ៌លឿង ជាពិសេសនៅផ្នែកខាងមុខអាវមានការរចនាដោយបង្ហាញនូវអត្តសញ្ញាណនៃរាជធានីភ្នំពេញ ដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជាថែមទៀតផង ក្នុងនោះរួមមាននូវទីតាំង៣សំខាន់ៗគឺ ព្រះបរមរាជវាំង វិមានឯករាជ្យ និង វត្តភ្នំដូនពេញ ដែលជាតំបន់ទេសចរណ៍ដ៏សំខាន់ក្នុងរាជធានីភ្នំពេញ។

ក្លិបភ្នំពេញក្រោន ក៏សង្ឃឹមថាបងប្អូនដែលស្នេហាវិស័យបាល់ទាត់ ជាពិសេសគឺអ្នកគាំទ្ររបស់ក្លិប នឹងពេញចិត្ដនៅឯកសណ្ឋានក្រៅដីថ្មីនេះផងដែរ។

គួរបញ្ជាក់ផងដែរថាក្លិបម្ចាស់ពានលីកកំពូលកម្ពុជា៦សម័យ ភ្នំពេញក្រោន បានបញ្ចប់ជុំទី១នៃការប្រកួត Metfone Cambodian League ក្នុងចំណាត់ថ្នាក់ទី៥ ក្រោយប្រកួតឈ្នះ៥ដង ស្មើ៣ដង និងចាញ់៣ដង មាន១៨ពិន្ទុ។

ការប្រកួតលីកកំពូលកម្ពុជា Metfone Cambodia League ជុំទី២ នឹងចាប់ផ្ដើមនៅថៃ្ងព្រហស្បតិ៍សប្ដាហ៍នេះ ដោយជំនួបដំបូងនោះគឺការប្រកួតដ៏ធំរវាងក្រុមបឹងកេត ត្រូវស្វាគមន៍ក្រុមភ្នំពេញក្រោន នៅពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង៦ល្ងាច ហើយក៏មានការផ្សាយផ្ទាល់ផងដែរតាមរយៈកញ្ចក់ទូរទស្សន៍ BTV៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]