រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា គិតមកដល់រសៀលថ្ងៃទី១៩ ឧសភា នេះ នារីរងគ្រោះដែលជាបវរកញ្ញាឯកប្រ៊ីដស្តុន ដែលបានធ្លាក់ពីសណ្ឋាគារកម្ពស់១២ជាន់នោះ គឺមិនបានប៉ះពាល់ដល់ជីវិតនាងនោះទេ ។ នេះបើតាមការឱ្យដឹងពីក្រុមវេជ្ជបណ្ឌិតប្រចាំមន្ទីរពេទ្យកាល់ម៉ែត ដោយពេលនេះ នាងកំពុងស្ថិតក្នុងការតាមដានរបស់ក្រុមគ្រូពេទ្យផងដែរ ។ ស្រីស្អាតទី២និងជាបវរកញ្ញាទៀត លោតសម្លាប់ខ្លួននៅសណ្ឋាគារ CA&SA
ប្រភពឱ្យដឹងថា នារីរងគ្រោះខាងលើ ឈ្មោះហាស់ ឌីជូលីន អាយុ១៧ឆ្នាំ ជាកញ្ញាឯកសំបកកង់រថយន្តប្រ៊ីដស្តុន។ បើតាមលោកវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យកាល់ម៉ែតថា នារីរងគ្រោះកំពុងស្ថិតក្នុងការតាមដានសភាពជំងឺពីក្រុមវេជ្ជបណ្ឌិតជំនាញ ក្រោយពីធ្វើការវះកាត់ (បាក់ដៃ) ហើយមានឈាមហូរខាងក្រោមស្រោមខួរក្បាល ដែលបញ្ហានេះត្រូវបានក្រុមវេជ្ជបណ្ឌិតត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ។ ហើយពេលនេះ នារីរងគ្រោះកំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលព្យាបាលប្រព័ន្ធប្រសាទនៃមន្ទីរពេទ្យកាល់ម៉ែត។
គួរបញ្ជាក់ថា នារីរងគ្រោះស្រស់ស្អាតខាងលើ បានធ្លាក់ពីជាន់ទី១២ នៃសណ្ឋាគារ CA&SA ស្ថិតនៅតាមផ្លូវបេតុងក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ តែពេលធ្លាក់ចុះមកចំអាងទឹក បណ្តាលឱ្យរងរបួសធ្ងន់ ហើយត្រូវបានគេបញ្ជួនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើការសង្គ្រោះបន្ទាន់ ។
ករណីដែលបង្កឲ្យមានការភ្ញាក់ផ្អើល កើតឡើងកាលពីរសៀលថ្ងៃទី១៨ ឧសភា មិនទាន់មានការបញ្ជាក់ពីសមត្ថកិច្ចនៅឡើយថា ជារឿងឃាតកម្ម ឬអត្តឃាត ខណៈកម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ។ ជាមួយគ្នានេះ កាលពីពេលថ្មីៗនេះ ក៏មាននារីម្នាក់បានធ្លាក់ពីសណ្ឋាគារដដែលនេះ បណ្តាលឱ្យស្លាប់ផងដែរ ។
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]