ហុងកុង៖  អត្តពលិកលោតកម្ពស់វ័យក្មេង រូបស្រស់ និងជាតារាម៉ូដែលក្រៅម៉ោង កីឡាការិនី Cecilia Yeung Man-wai កាលពីពេលថ្មីៗនេះ បានថ្លែងថា រូបនាងសង្ឃឹមថា មនុស្សម្នាទាំងអស់នឹងផ្តោតអារម្មណ៍មកលើសមត្ថភាពលេងកីឡារបស់នាងឲ្យបានច្រើន ជាជាងរូបរាងខាងក្រៅ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Coverage កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ បានឲ្យដឹងថា រូបសម្រស់របស់នាង អាចជាគុណប្រយោជន៍មួយ នៅពេលដែលធ្វើការផ្សាយពាណិជ្ជកម្មឲ្យម៉ាកផលិតផលកីឡាណាមួយ និងការផ្ញើសារក្នុងន័យវិជ្ជមានណាមួយទៅដល់សហគមន៍។

និស្សិតវ័យ ២៣ឆ្នាំ ក្នុងសាកលវិទ្យាល័យហុងកុង រូបនេះ បាននិយាយថា “ពិតណាស់! ខ្ញុំមិនចង់ឲ្យមហាជនផ្តោតសំខាន់ទៅលើតែរូបរាងរបស់ខ្ញុំទេ។ ខ្ញុំជាអត្តពលិកម្នាក់ ដែលមានការប្តេជ្ញាចិត្តខ្ពស់ ហើយជាមនុស្សដែលតែងតែខិតខំដើម្បីសម្រេចបាននូវលទ្ធផលល្អ”។ 

នាង Cecilia បន្តថា “ខ្ញុំចង់ឲ្យគ្រប់គ្នា យកចិត្តទុកដាក់មកលើកីឡា ហើយនាំយកគោលបំណង និងសុបិនរបស់អ្នកទាំងអស់គ្នា អមជាមួយចំណង់ចំណូលចិត្ត ចេញមកខាងក្រៅ។ ដូចអ្វីដែលខ្ញុំកំពុងធ្វើក្នុងវិស័យកីឡាពេលនេះ ហើយវាគឺជារឿងដ៏ល្អ”។

គូររំឮកថា កាលពី២សប្តាហ៍មុន នាង Cecilia បានបំបែកកំណត់ត្រាចាស់របស់នាងដោយលោតកម្ពស់លើស ៥ស.ម នៃកំណត់ត្រាចាស់ នៅក្នុងកម្មវិធី Asian Grand Prix in Taipei ។  អ្នកគាំទ្រជនជាតិហុងកុងជាច្រើន បានធ្លាក់ក្នុងអន្លង់ស្នេហ៍នៃរូបសម្រស់របស់នាង និងបានហៅនាងថា “ទេពអប្សរកីឡាហុងកុង” ហើយវត្តមានរបស់នាង នៅក្នុងកម្មវិធីជើងឯកប្រចាំឆ្នាំនៅទីក្រុងហុងកុង បានទាក់ទាញចំណាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយជាច្រើន។

ប្រភពបន្តថា សមាគមអ្នកកីឡាស្ម័គ្រចិត្ត ក៏បានធ្វើការអញ្ជើញ អត្តពលិកនៅក្រៅប្រទេស ចំនួន៣នាក់ សម្រាប់ការប្រកួតលោតកម្ពស់ផ្នែកនារី ដោយសង្ឃឹមថា ការប្រកួតប្រជែងមួយនេះនឹងជំរុញឲ្យនាង Cecilia អាចបង្ហាញសមត្ថភាពដ៏អស្ចារ្យរបស់នាង នៅចំពោះមុខទស្សនិកជនដែលជាម្ចាស់ផ្ទះ។

ប៉ុន្តែនៅចុងបញ្ចប់ នាង Cecilia អាចធ្វើបានត្រឹមតែកម្ពស់ ១,៨១ម៉ែត្រប៉ុណ្ណោះ ដែលទាបជាងកំណត់ត្រាចាស់របស់នាង ចំនួន ៧ស.ម ធ្វើឲ្យនាងត្រូវឈរនៅលេខ២ ពីក្រោយ អត្តពលិកសញ្ជាតិអូស្រ្តាលី Hannah Joye លោតបានកម្ពស់ ១,៨៧ម៉ែត្រ។ ខណៈអ្នកលោតកម្ពស់មកពីក្រៅប្រទេសចំនួន២នាក់ទៀត មានថៃ និងអូស្រ្តាលីដែរនោះ ធ្វើបានត្រឹមតែ ១,៧៨ម៉ែត្រប៉ុណ្ណោះ៕ 

ប្រភព៖ The Coverage

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]