(ភ្នំពេញ)៖ គួរឲ្យអាសូរចំពោះតារាកំប្លែង នាយ ហុង ដា ដែលមានទុក្ខជាទម្ងន់ ត្រូវបាត់បង់ភរិយាជាទីស្រឡាញ់ ដោយត្រូវឃាតក ដែលសង្ស័យថា ជាកូនប្រុសរបស់ខ្លួន ជាអ្នកលើកដៃសម្លាប់ យ៉ាងព្រៃផ្សៃ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ ហើយត្រូវបានចាត់ទុកថា ជាសោដនាកម្មដ៏ធំធេងមួយ ក្នុងគ្រួសាររបស់នាង ហុង ដា។ អ្វីដែលកាន់តែហួសចិត្តនោះ គឺកូនប្រុសរបស់នាយ ហុងដា បានជាប់ឈ្មោះថា ជាឃាតកទាំងវ័យក្មេង ហើយនាយ ហុងដា បានបញ្ជាក់ថា លោកសូមប្រគល់កូនប្រុស ដែលហ៊ានលើកដៃសម្លាប់ម្ដាយចុងរបស់ខ្លួនរូបនេះ ឲ្យទៅសមត្ថកិច្ចចាត់ចែង តាមផ្លូវច្បាប់ទៅចុះ។

ក្នុងអំឡុងពេលរៀបចំពិធីបុណ្យសព ភរិយាវ័យក្មេង នាយប់មិញនេះ តារាកំប្លែងដែលធ្លាប់តែបង្កបរិយាកាស ធ្វើឲ្យមហាជនផ្ទុះសំណើច នាយ ហុង ដា បាននិយាយទាំងទឹកភ្នែករលីងរលោង ក្រោយពីយំឱបសពប្រពន្ធ ឲ្យដឹងថា លោកសូមមិននិយាយអ្វីទាំងអស់ ចំពោះករណីស្លាប់ភរិយារបស់ខ្លួន នៅពេលនេះ ព្រោះហាក់បីដូចជា «ហាទៅវាស្លាក់ខ្ជះទៅវាស្លែង» ពោលគឺសុទ្ធតែសាច់ឯងទាំងអស់ ប៉ុន្តែអ្វីដែលលោកត្រូវបំពេញនៅពេលនេះ គឺមានតែប្រគល់ជូនច្បាប់ (សមត្ថកិច្ច) ជាអ្នកចាត់ចែងទៅតាមហ្នឹងចុះ ព្រោះទោសកំហុសនេះ លោកក៏មិនអាចមានសមត្ថភាព ជួយបានឡើយ។

នាយ ហុង ដា និយាយថា « បាទ..បើនិយាយពីកូនប្រុសខ្ញុំ មានតែប្រគល់ ជូនច្បាប់ជាអ្នកចាត់ចែងទៅចុះ ខ្ញុំអស់អីនិយាយ ហើយក៏និយាយមិនកើតដែរ..!» ។ តាមការបញ្ជាក់បន្ថែម តាមរយៈវីដេអូឃ្លីប ដែលលោក ហេង ឡុង ប្ដីរបស់តារាសម្ដែងអ្នកនាង ចន ច័ន្ទលក្ខិណា បង្ហោះក្នុង Facebook របស់ខ្លួន បានបង្ហាញឲ្យដឹងថា បន្ទាប់ពីនាយ ហុង ដា វិលមកដល់ពីខេត្តភ្លាម លោកបានស្រែកយំឱសព ប្រពន្ធ ដោយបានរៀបរាប់ នូវអនុស្សាវរីយជាច្រើន ជាមួយនឹងប្រពន្ធវ័យក្មេង មើលទៅគួរឲ្យសង្វេគ ពេកក្រៃ។

ប៉ុន្តែរហូតមកដល់ពេលនេះ នាយ ហុង ដា បានបញ្ជាក់ជំហរបស់ខ្លួន គឺមានតែប្រគល់កូនប្រុស ដែលជាជនសង្ស័យឃាតកសម្លាប់ ប្រពន្ធរបស់ខ្លួន ឲ្យទៅសមត្ថកិច្ចជាអ្នកចាត់ចែង តាមផ្លូវច្បាប់តែប៉ុណ្ណោះ។

សូមបញ្ជាក់ថា ស្រ្តីជាប្រពន្ធទី២ របស់តារាកំប្លែងជើងចាស់នាយ ហុង ដា ត្រូវបានឃាតករឹតកសម្លាប់ចោល នៅក្នុងបន្ទប់ជាន់ទី៥ នៃអគារខុនដូ កំពុងស្ថាបនា ក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ពោលនៅក្រោយផ្សារ សារឿនយ៉ានី។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលមានការភ្ញាក់ផ្អើលនេះ មានស្ត្រីម្នាក់ឈ្មោះ អឿន ចិន្តា ត្រូវជាប្អូនស្រីបង្កើតរបស់លោក ហុង ដា បានដើរលេងតាមបន្ទប់ខុនដូ ក្នុងជាន់ទី៥ ហើយពេលដើរដល់បន្ទប់ របស់ស្រ្តីរងគ្រោះ ស្រាប់តែប្រទះឃើញជនរងគ្រោះ មានភួយរុំក្បាលនឹងមុខ មើលមិនស្គាល់ទេ ហើយគាត់ក៏មានការភ័យស្លន់ស្លោរ បានទូរស័ព្ទរាយការណ៍ ទៅសមត្ថកិច្ចភ្លាមៗ ដើម្បីសុំការអន្តរាគមន៍។

ក្រោយទទួលបានដំណឹងនេះភ្លាម កម្លាំងនគរបាលខណ្ឌដង្កោ ដឹកនាំដោយលោក ជឹម ស៊ីថា អធិការនគរបាលខណ្ឌ បានចុះមកពិនិត្យជាក់ស្តែង ដល់ចំណុចខុនដូនេះ ហើយបានឲ្យឈ្មោះ អឿន ចិន្តា ត្រូវជាប្អូនលោក ហុង ដា ចូលទៅមើលមុខសាកសពស្ត្រី ដែលត្រូវគេសម្លាប់ ទើបដឹងថា ស្ត្រីដែលត្រូវជនមិនស្គាល់មុខសម្លាប់នោះ គឺមានឈ្មោះ ស៊ឹម ចន្ធី ហៅស្រីមុំ អាយុ១៩ឆ្នាំ គឺជាប្រពន្ធក្រោយរបស់លោក ហុង ដា ដែលមកស្នាក់នៅក្នុងខុនដូនេះ ជាងកន្លះឆ្នាំមកហើយ។

ក្រោយការសួរនាំសាក្សី និងធ្វើកោសល្យវិច្ច័យ នៅកន្លែងកើតហេតុរួចមក អធិការនគរបាលខណ្ឌដង្កោ លោក ជឹម ស៊ីថា បានប្រាប់ភ្នាក់ងារ Khmertalking ថា ជនសង្ស័យ ដែលបានសម្លាប់ស្រ្តីប្រពន្ធចុង របស់តារាកំប្លែង នាយ ហុង ដា គឺជាកូនប្រុសរបស់នាយ ហុង ដា តែម្តង។ នៅពេលនេះកម្លាំងនគរបាល កំពុងតាមចាន់ខ្លួន ខណៈជនសង្ស័យកំពុងរត់គេច បន្ទាប់ពីសម្លាប់ស្រ្តីរងគ្រោះហើយ។

លោក ជឹម ស៊ីថា បានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ អឿន សុខខេង អាយុជិត២០ឆ្នាំ។ ជនសង្ស័យបានយកខ្សែឆ្នាំងអ៊ុត ទៅរឹតកសម្លាប់ ស្រ្តីរងគ្រោះ។ យ៉ាងណាក៏ដោយ លោកអធិការមិនទាន់បានបញ្ជាក់ថា ការសម្លាប់ស្រ្តីរងគ្រោះនេះ ជាករណីរំលោភ ហើយសម្លាប់ ឬយ៉ាងណានោះទេ តែក្រោយកើតហេតុ ស្រ្តីរងគ្រោះបានបាត់គ្រឿងអលង្ការ អស់ពីខ្លួន ផងដែរ៕

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]