រាជធានីភ្នំពេញ ៖ តារាចម្រៀងតូចច្រឡឹងពេជ្រ សូលីកា បានបដិសេធថា នាងមិនបានចាកចេញពីផលិតកម្ម M ដូចពាក្យដែលលេចឮនោះឡើយ ។ ការអះអាងបែបនេះរបស់ ពេជ្រ សូលីកា ក្រោយពេលមានព័ត៌មានថា នាងត្រៀមចាកចេញជាមួយតារាចម្រៀងនីកូ ពីផលិតកម្ម M ដែលពួកគេជ្រកកោនជាច្រើនឆ្នាំមកហើយ ។

កន្លងមក បើទោះបីជាក្រុមហ៊ុន ក៏ដូចជាប្រភពដែលកៀកកិតពេជ្រ សូលីកា ផ្ទាល់បានចេញមុខច្រានចោលរួចទៅហើយក្តី ក៏ព័ត៌មានលេចឮថា នាងនឹងដឹកដៃតារាចម្រៀងនីកូ ដើរចេញពីផលិតកម្ម M នៅតែមិនអាចជឿជាក់បាន ។ ទស្សនិកជនមួយចំនួននៅតែសង្ស័យថា តារាចម្រៀងទាំងពីរនេះនឹងទៅផលិតកម្មហង្សមាស ខណៈពេលសុខ សីឡាលីន និងសឹុម ថៃណា ទើបតែចាកចោល M ដែរនោះ ។

ការលើកឡើងនេះ ប្រហែលជាត្រូវបញ្ចប់ក្នុងពេលតារាចម្រៀងដែលទើបតែល្បី ថា មានឧត្តមសេនីយ៍ចាំជួយទំនុបបម្រុងរូបនេះ ចេញមុខអះអាងដោយផ្ទាល់មាត់ថា នាងកំពុងជ្រកក្នុងផលិតកម្ម M ដដែលនោះ ។ពេជ្រ សូលីកា បញ្ជាក់តាមរយៈកម្មវិធី«សមាគមជុំមិត្ត»របស់ទូរ ទស្សន៍បាយ័នកាលពីថ្ងៃទី៤ តុលា ថាក្រៅពីមិនមានគំនិតដើរចេញពី M នោះ នាងកំពុងតែត្រៀមចេញវីសីុឌីបទ«សង្សារមហាខូច» ដែលនាងបានសម្តែងយ៉ាងក្រមិចក្រមើមបំផុត ដើម្បីវាយលុកទីផ្សារចម្រៀងរបស់ខ្លួនថែមទៀតផង ។ នាងរំពឹងថា បទនោះនឹងមានការគាំទ្រច្រើនក្រោយពេលចេញលក់ ។

ពេជ្រ សូលីកា អះអាងថា នាងមិនត្រឹមតែមិនដើរចេញពីផលិតកម្ម M ប៉ុណ្ណោះទេ ពោលគឺកំពុងតែបង្កើនសមត្ថភាព ដើម្បីចេញសម្តែងរឿងមួយដែលគ្រោងថតដោយផលិតកម្មនេះនា ពេលដ៏ខ្លីខាងមុខទៀតផង ដើម្បីបញ្ចប់ការលើកឡើងមិនជ្រះស្រឡះថា នាងបានចាកចេញពី M ទៅជ្រកក្នុងផលិតកម្មផ្សេង ។ សូលីកា បញ្ជាក់ថា សម្រាប់ទៅថ្ងៃមុខនាងនឹងពង្រឹងខ្លួនឯងបន្ថែមទៀតនៅ ក្នុងផលិតកម្ម M ឱ្យកាន់តែលេចធ្លោដោយគ្រោងសម្តែងរួមគ្នាជាមួយលោក នីកូ ក្នុងបទក្រោយៗ ដើម្បីឱ្យកាន់តែច្បាស់ថា នាងនៅតែមានឈ្មោះជាតារាចម្រៀងរបស់ M ដដែល ។

តាមរយៈបទចម្រៀងរបស់នាងដែលត្រៀមចេញ នេះអាចនឹងធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ពេជ្រ សូលីកា ហក់ឡើងមួយកម្រិតវិញ បន្ទាប់ពីនាងស្ងាត់ចេញបទចម្រៀងរយៈពេលវែងចុងក្រោយ នេះ ក្រោយពេលនាងបានទទួលប្រជាប្រិយភាពមួយប្រាវតាមរយៈបទ «បង្ខំចិត្តបែក» និងបទ«ឬគិតថាអូនមិនចេះយំ?» ។មុនពេលក្លាយជាតារាចម្រៀងប្រចាំផលិតកម្ម M ពេជ្រ សូលីកា ធ្លាប់ឆ្លងកាត់ផលិតកម្មចំនួនពីររួចមកហើយ គឺផលិតកម្មរ៉ុក និងហង្សមាស តែផលិតកម្មទាំងពីរនេះនាងមិនបានចេញបទចម្រៀងឡើយ ។ បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈ សូលីកា ក៏លេចមុខជាថ្មីនៅផលិតកម្ម M រហូតមកដល់សព្វថ្ងៃនេះ ។

ក្នុងពេលថ្មីៗនេះ ពេជ្រ សូលីកា ត្រូវគេមើលឃើញថា មានរថយន្តស៊េរីទំនើបពីរគ្រឿង ដែលមានតម្លៃរាប់សិបម៉ឺនដុល្លារ សម្រាប់ជិះទៅចូលរួមកម្មវិធីផ្សេងៗមិនឱ្យចាញ់ប្រៀប តារាចម្រៀងឯទៀតឡើយ ។ ក្រៅពីរថយន្តដ៏ទំនើបមានប្រភពព័ត៌មានអះអាងថា នាងក៏មានផ្ទះវីឡាដ៏ស្កឹមស្កៃមួយផងដែរ ។

ភាពហ៊ឺហាទាំងនេះ កើងឡើងក្រោយពេលសូលីកា ត្រូវគេសង្ស័យថា មានការទំនុកបម្រុង និងមានទំនាក់ទំនងល្អជាមួយឧត្តមសេនីយ៍ម្នាក់ ហើយបុរសនោះមិនចង់ឱ្យនាងចេញទៅណាឆ្ងាយដូចជាទៅ សម្តែងតាមបណ្តាខេត្ត ឬចូលរួមកម្មវិធីប្រគំតន្ត្រីជាដើម ។អ្នកសិល្បៈម្នាក់ស្និទ្ធនឹង ពេជ្រ សូលីកា អះអាងថា រថយន្តដែលនាងជិះរាល់ថ្ងៃនេះ គឺជារបស់ឪពុកនាង មិនមែនបានមកពីការឧបត្ថម្ភពីបុរសណាម្នាក់ឡើយ ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ