(ភ្នំពេញ)៖ ស្របពេលដែលជំងឺថ្លើម និងជំងឺសន្លាក់ របស់អតីតតារាកំប្លែងលោកតា ហ៊្វុយ​ហ្សូ កាន់តែមានសភាពធ្ងន់ធ្ងរខ្លាំងឡើងៗ រហូតត្រូវបញ្ចូនទៅសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី២៦ ខែមេសា ម្សិលមិញនោះ ដោយក្តីព្រួយបារម្ភ ចំពោះសុវត្ថិភាព និងអាយុជីវិតលោកតា ហ៊្វុយ​ហ្សូ នោះ ក្រុមគ្រួសាររបស់គាត់ បានលើកម្រាមដៃដប់ អំពាវនាវសុំក្តីមេត្តា ពីសប្បុរសជន ទាំងក្នុង និងក្រៅប្រទេស ដើម្បីជួយឧបត្ថម្ភថវិកា បន្តដំណើរចេញទៅវះកាត់នៅប្រទេសថៃ ក្នុងសំណាក់កាលសង្គ្រោះជីវិត។

បើតាមការថ្លែងឲ្យដឹង ពីសំណាក់កូនប្រុស របស់អតីតតារាកំប្លែងជើងចាស់ លោកតា ហ៊្វុយ​ហ្សូ គឺលោក ស៊ូ វណ្ណៈ បាននិយាយថា ឪពុករបស់លោក គឺបានធ្លាក់ខ្លួនឈឺធ្ងន់ ដោយសារជំងឺមហារីកថ្លើម ដែលត្រូវចំណាយលើការវះកាត់ អស់ប្រមាណជាង៥ម៉ឺនដុល្លារឯណោះ ដើម្បីឆ្លងផុត ដំណាក់កាលចុងក្រោយ។

ជាមួយគ្នានោះ លោក ស៊ូ វណ្ណៈ ក៏បានថ្លែងអំពាវនាវ សុំក្តីអាណិតពីសប្បុរសជនថា «ខ្ញុំបាទរួមទាំងក្រុមគ្រួសារ សូមអំពាវនាវដល់សប្បុរសជនទាំងអស់ មេត្តាជួយដល់ក្រុមគ្រួសារខ្ញុំផង ព្រោះលោកឪពុករបស់ខ្ញុំ ត្រូវការវះកាត់ សម្រាប់ឆ្លងផុតដំណាក់កាលចុងក្រោយនេះ ដែលការចំណាយ អាចលើសពី៥ម៉ឺនដុល្លារ ដើម្បីធ្វើដំណើរតាមយន្តហោះ ទៅកាន់ទីក្រុងបាងកកប្រទេសថៃ សម្រាប់វះកាត់ជំងឺមហារីកថ្លើម!»

សូមបញ្ជាក់ថា លោកតា ហ៊្វុយ​ហ្សូ កាលពីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០១៧ម្សិលមិញ ដោយសារតែជំងឺមហារីកថ្លើម បានចាប់ផ្តើមធ្វើទុក្ខ រហូតមានឈាម ហូរចេញពីថ្លើមផងនោះ ទើបក្រុមគ្រួសារបានសម្រេចបញ្ចូន ទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ។ ក្នុងគ្រាដែលលោកតា ហ៊្វុយហ្សូ ត្រូវចូលសង្គ្រោះបន្ទាន់ នៅក្នុងមន្ទីរពេទ្យនោះដែរ គេសង្កេតឃើញមានវត្តមាន លោកអភិបាលខណ្ឌមានជ័យ ពេជ្រ កែវមុនី អតីតារាកំប្លែង នាយ ឃ្លោក និងលោក អ៊ឹម ជីវ៉ា បានចំណាយពេលចុះទៅសួរសុខទុក្ខ ព្រមទាំងឧបត្ថម្ភថវិកាខ្លះ ដល់គាត់ផងដែរ។

ដូច្នេះប្រសិនសប្បុរសជន មានបំណងជួយដល់លោកតា ហ៊្វុយ ហ្សូ អាចទំនាក់ទំនងតាមលេខទូរស័ព្ទ ០១៦ ៦២២ ២០០និង០១១ ៦២២ ២១១៕

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]