សព្វថ្ងៃនេះមនុស្សយើងភាគច្រើន មានតែចង់សម្រកទម្ងន់ ប៉ុន្តែជាក់ស្តែង នៅតែមានមនុស្សមួយចំនួនទៀត ដែលមានរាងស្គមៗ កំពុងតែពិបាកបង្កើនទម្ងន់ខ្លួនទៅវិញ។ ជាការពិតណាស់ ស្គមពេកមិនត្រឹមតែមិនសូវស្អាតនោះទេ ថែមទាំងមានសុខភាពមិនរឹងមាំទៀតផង។

ហេតុនេះចង់ដឹងពីគន្លឹះបង្កើនទម្ងន់ ដោយមិនប៉ះពាល់សុខភាពមានអ្វីខ្លះនោះ សូមតាមដានទាំងអស់គ្នាដូចខាងក្រោម៖ 

១. ញ៉ាំរៀងរាល់ ៤ ម៉ោងម្តង

រាងកាយរបស់អ្នកត្រូវការ ថាមពលច្រើន ហេតុនេះ ប្រសិនបើអ្នកដែលចង់បានមានសាច់ មានឈាមនោះ គឺមិនត្រូវអត់អាហារមួយពេលណាឡើយ។ ប៉ុន្តែ ដើម្បីទទួលបានថាមពលគ្រប់គ្រាន់ និងជាលិកាសាច់ដុំកើន អ្នកត្រូវទទួលទានអាហារ រៀងរាល់ចន្លោះ ៣ ទៅ ៥ ម៉ោងម្តង ជាពិសេស ត្រូវតែមានភាពទៀងទាត់ទើបទទួលបានលទ្ធផលល្អ។

២. ញ៉ាំអាហារច្រើនប្រភេទ ក្នុងពេលតែមួយ

យ៉ាងហោចណាស់ ក៏ត្រូវញ៉ាំអាហារបីប្រភេទខុសៗគ្នា ក្នុងពេលតែមួយដែរ។ អ្នកអាចញ៉ាំនំប៉័ង លាយជាមួយចេក ព្រមទាំងថែមទឹកដោះគោ ឬទឹកសណ្តែកជាមួយផង ទើបជាការល្អ ពីព្រោះវាផ្តល់នូវសារធាតុចិញ្ចឹម ដ៏សម្បូរបែបដល់រាងកាយរបស់អ្នក។

៣. ញ៉ាំអាហារដែលផ្តល់អាហារូបត្ថម្ភខ្ពស់

អ្នកអាចជ្រើសរើសអាហារសម្រាប់ទទួលទានបន្ថែម ដូចជា ដំណាប់ឬផ្លែឈើស្ងួតៗ (ដូចជាទំពាំងបាយជូរក្រៀម ជាដើម) និងសូកូឡា ដោយសារតែវាមានផ្ទុកនូវអាហាររូបត្ថម្ភខ្ពស់ រួមមានកាបូអ៊ីដ្រាត ប្រូតេអ៊ីន និងជាតិខ្លាញ់ ល្អសម្រាប់អ្នកចង់ឡើងសាច់ ហើយជាពិសេស មិនចាំបាច់ត្រូវតែទទួលទានក្នុងបរិមាណច្រើនឡើយ។

៤. ទទួលទានភេសជ្ជៈឲ្យច្រើនផង

ថ្វីត្បិតមិនសូវឆ្អែតដូចអាហាររឹង ក៏អ្នកត្រូវការវា ដើម្បីជួយបំពេញអាហាររូបត្ថម្ភបន្ថែមជាច្រើន ជាពិសេសគឺប្រូតេអ៊ីន ដើម្បីឡើងទម្ងន់បានជោគជ័យផងដែរ។ ជម្រើសល្អបំផុតគឺ ឧស្សាហ៍ទទួលទានទឹកក្រូចច្របាច់ស្រស់ៗ ទឹកដោះគោឆៅ ទឹកផ្លែឈើក្រឡុក ឬទឹកសណ្តែកជាដើម។

៥. ញ៉ាំមុនចូលគេង

នៅពេលដែលអ្នកគេង រាងកាយរបស់អ្នក នឹងដំណើរការសរីរាង្គរបស់អ្នកឡើងវិញ ហេតុនេះ ប្រសិនបើអ្នកទទួលទានមុនពេលចូលគេងបន្តិច សារធាតុចិញ្ចឹមរបស់អាហារទាំងនោះ នឹងជ្រាបចូលសាច់ដុំ និងជាលិការាងកាយអ្នកបានយ៉ាងងាយ។ ជឿចុះថា អ្នកនឹងសង្កេតឃើញពីភាពខុសប្លែក យ៉ាងឆាប់រហ័ស ជាពិសេស ត្រូវទទួលទានអាហារដែលល្អសម្រាប់សុខភាពផង ដូចជាបន្លែ សាច់មាន់ សាច់ត្រីជាដើម ទើបជាការល្អ៕ 

ប្រភព៖ Interesting Facts

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]