(ភ្នំពេញ)៖ បន្ទាប់ពីមានកិច្ចប្រជុំយ៉ាងក្ដៅគគុកមួយ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ នៅក្នុងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីដាក់ពិន័យ និងធ្វើការព្រមាន លើតារាសម្ដែង កញ្ញា ដេននី ក្វាន់ ដែលជាតារាចូលចិត្តបញ្ចេញភាពសិចស៊ីហួសហេតុ ខូចតម្លៃអ្នកសិល្បៈ និងតម្លៃវប្បធម៌ប្រពៃណីខ្មែរ ក្រោមវត្តមានមន្ត្រីក្រសួងវប្បធម៌ និងប្រធានសមាគមសិល្បៈទាំងពីរួចមក នៅល្ងានថ្ងៃដដែលនេះ តារាសម្ដែង នាង ដេននី ក្វាន់ បានទទួលយកនូវការដាក់ពិន័យ និងយល់ព្រមតាមក្រសួង ដែលបានចាត់វិធានការណ៍មកលើខ្លួន ដោយមិនបានប្រតិកម្ម ឬប្រកែកអ្វីឡើយ។

តារាសម្តែងសិចស៊ី មានដើមកំណើតពីទឹកដីខេត្ត ព្រះវិហារ កញ្ញា ដេននី ក្វាន់ បានថ្លែងប្រាប់ Khmertalking តាមរយៈសារអេឡិចត្រូវនិចថា « ខ្ញុំគិតថា បើក្រសួងមានចំណាត់ការយ៉ាងម៉េច ខ្ញុំទទួលយកគ្រប់យ៉ាង ហើយបន្តទៅទៀត នាងខ្ញុំនៅតែបន្តការងារ មនុស្សធម៌ និងប្រកបមុខរបរនាងខ្ញុំធម្មតា..!»

ដេននី ក្វាន់ បន្តទៀតថា «ម្យ៉ាងទៀត ក៏សូមអរគុណដល់ក្រសួងវប្បធម៌ ក៏ដូចជាបណ្តាសមាគមទាំងអស់ ដែលបានអនុញ្ញាតឲ្យស្នាដៃខ្ញុំ សម្តែងកន្លងមក បានចរាចរណ៍ដាក់បញ្ចាំងលើទីផ្សារ។ ខ្ញុំមិនមានការខឹង ឬអន់ចិត្តអ្វីឡើយ ចំពោះចំណាត់ការរបស់ក្រសួង និងមានតែការទទួលយក ដោយពេញចិត្ត ហើយព្យាយាមកែប្រែ និងអនុវត្តន៍តាមគោលការពិន័យ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ..!»

ជាការពិត បើតាមលទ្ធផល នៃកិច្ចក្រជុំកាលពីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានសម្រេច ដាក់ពិន័យតារាសម្តែងរូបស្រស់ កញ្ញា ដេនី ក្វាន់ មិនឲ្យមានវត្តមាន នៅក្នុងវិស័យសិល្បៈគ្រប់រូបភាពទាំងអស់ ដូចជា ការសម្តែង ថតខ្សែភាពយន្ត ច្រៀង នៅតាមកញ្ចក់ទូរទស្សន៍ ជាដើម។

សូមបញ្ជាក់ថា ការសម្រេចដាក់ពិន័យតារាសម្តែងកញ្ញា ដេនី ក្វាន់ មិនឲ្យមានវត្តមាន នៅក្នុងវិស័យសិល្បៈគ្រប់រូបភាពខាងលើនេះ បានធ្វើឡើងនៅចំពោះមុខ លោក សុះ ម៉ាចប្រធានសមាគមសិល្បករខ្មែរ និង លោក ហេង ឡុង តំណាងសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ដែលមានលោក ចំរើន វ៉ាន់ថា ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអនុប្រធានលេខាធិការដ្ឋាន ជំនួយការក្រុមប្រឹក្សាពិន័យ និងលើកសរសើរ ប្រកាសស្តីពីក្រមសីលធម៌នៃអ្នកសិល្បៈ ជាអ្នកធ្វើសេចក្ដីសម្រេច នៅក្នុងកិច្ចប្រជុំគណៈកម្មការវិន័យ ព្រមជាមួយមន្រ្តីជាក់ព័ន្ធជាច្រើនរូបទៀត៕

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់