អេស្ប៉ាញ៖ ការប្រកួតរវាងជើងខ្លាំង Real Madrid និង Bayern Munich ក្នុងពានរង្វាន់បាល់ទាត់ UEFA Champions League ជើងទី២ វគ្គ៨ក្រុមចុងក្រោយ កាលពីយប់មិញនេះ បានបញ្ចប់ទៅ ក្នុងស្ថានភាពចម្រូងចម្រាស់ជាច្រើន ហើយអ្នកគាំទ្រមួយចំនួនក៏បានសម្តែងនូវក្តីមិនពេញចិត្តចំពោះការប្រកួតនេះផងដែរ ជាពិសេសទាក់ទងនឹងការសម្រេចចិត្តរបស់អាជ្ញាកណ្តាល។

បើយោងតាមប្រភពសារព័ត៌មាន រឿងរ៉ាវចម្រូងចម្រាស់ទាំងនោះមានដូចជា៖

#បាល់ Offside

នៅក្នុងការប្រកួតពីយប់មិញនេះ Ronaldo បានស៊ុតចូល៣គ្រាប់ម្នាក់ឯង ដោយក្នុងនោះ ២គ្រាប់របស់កីឡាកររូបនេះ ត្រូវបានគេសន្មតថា ជាបាល់ Offside មិនតែប៉ុណ្ណោះរូបភាព២សន្លឹក ស្តីពីបាល់ Offside នេះ ក៏ត្រូវបានគេចែកចាយពេញបណ្តាញសង្គមផងដែរ។ 

#ពិន័យកាតក្រហម

ការប្រកួតរវាង Real Madrid និង Bayern Munich យប់មិញនេះ មានការសម្រុកគ្នា និងស៊ុតគ្នាទៅវិញទៅមកជាច្រើនដង ដោយក្នុងនោះ គេសង្កេតឃើញថាខ្សែបម្រើរបស់ Real គឺកីឡាករ Casemiro បានបង្ករកំហុសជាច្រើនលើកច្រើនសា តែអាជ្ញាកណ្តាលបានត្រឹមពិន័យកាតលឿងតែមួយលើកប៉ុណ្ណោះ ប៉ុន្តែចំពោះខ្សែបម្រើរបស់ Bayern កីឡាករ Vidal វិញបានបង្ករកំហុសមួយលើកក្នុងតង់ទី២ ក៏ត្រូវអាជ្ញាកណ្តាលពិន័យកាតក្រហម បណ្តេញចេញពីការប្រកួតតែម្តង។ 

#Pique សម្តែងក្តីមិនពេញចិត្ត

ខ្សែការពារអន្តរជាតិរបស់ជម្រើសជាតិអេស្ប៉ាញ និងលេងឲ្យក្លិប Barcelona កីឡាករ Gerard Pique ហាក់បីដូចជាសម្តែងនូវក្តីមិនពេញចិត្តនៅក្នុងបណ្តាញសង្គម Twitter របស់ខ្លួន ទាក់ទងនឹងការប្រកួតមួយនេះ ជាពិសេសចំពោះការសម្រេចចិត្តរបស់អាជ្ញាកណ្តាលតែម្តង។

ក្នុងនោះ Pique មិនបានសរសេររៀបរាប់អ្វីទាំងអស់ ដោយបានត្រឹមតែប្រើសញ្ញា «…» ដែលនេះហើយ ធ្វើឲ្យអ្នកគាំទ្រជាច្រើនសន្មតថា ខ្សែការពាររូបនេះមិនពេញចិត្តចំពោះកាត់សេចក្តីរបស់មន្ត្រីអាជ្ញាកណ្តាលទៅលើការប្រកួតនេះ។

#អ្នកគាំទ្រ Bayern បង្ករហិង្សា

ក្រុមអ្នកគាំទ្ររបស់ក្លិប Bayern Munich បានបង្ករជម្លោះ កកើតជាអំពើហិង្សានៅក្នុងកីឡដ្ឋាន Santiago Bernabeu នៅពេលការប្រកួតរវាងក្រុមទាំងពីរបានបញ្ចប់នៅក្នុងតង់ទីមួយ។ 

បើទោះជាយ៉ាងណាក៏ដោយ ការប្រកួតក៏បានបញ្ចប់ទៅហើយ ដោយក្លិបអធិរាជស Real Madrid បានឡើងទៅលេងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត ក្រោយពីបំបាក់ Bayern Munich ៤-២ ក្នុងវគ្គម៉ោងបន្ថែម និងសរុបលទ្ធផលទាំង២ជើង Real ឈ្នះ ៦-៣ ៕

ចុះចំពោះប្រិយមិត្តវិញ យល់យ៉ាងណាដែរចំពោះការប្រកួតនេះ? 

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]