ថ្ងៃនេះយើងនឹងនាំប្រិយមិត្តអ្នកអានមក តាមដានទីតាំងជាតំបន់ទេសចរណ៍ចំនួន ១០ កន្លែង ដែលត្រូវបានគេចាត់ទុកថា មានភាពទាក់ទាញអស្ចារ្យ ប៉ុន្តែមានគ្រោះថ្នាក់បំផុត។

ចង់ដឹងថា ទីកន្លែងណាខ្លះ បង្កជាគ្រោះថ្នាក់ដូចម្តេចខ្លះ សូមតាមដានទាំងអស់គ្នា ដូចខាងក្រោមនេះ ៖

# ជ្រលង Death Valley ប្រទេស អាមេរិក

ជ្រលងនេះក្តៅដូចជាម៉ាស៊ីនដុតនំយ៉ាងអ៊ីចឹង  និងបានជាប់កំណត់ត្រា សីតុណ្ហភាពខ្ពស់បំផុតលើភពផែនដី ដែលស្មើនឹង ៥៦.៧ អង្សារសេឯណោះ។ មិនថាអ្នករឹងមាំប៉ុណ្ណាទេ កម្តៅព្រះអាទិត្យ និងសីតុណ្ហភាពរបស់ជ្រលងនេះ នឹងធ្វើឲ្យអ្នកស្លាប់ត្រឹមរយៈពេល ១៤ ម៉ោង បើគ្មានទឹកផឹក។

# វាលខ្សាច់ Danakil ប្រទេស Eritrea

វាលខ្សាច់ក្នុងទ្វីបអាហ្រ្វិកមួយនេះ មានសីតុណ្ហភាពប្រមាណជា ៥០ អង្សារសេ និងមានសេសសល់ភ្នំភ្លើងសកម្មជាច្រើន ព្រមទាំងមានទឹកក្តៅផុស ភាយឧស្ម័នពុលថែមទៀត។ មនុស្សភាគច្រើន បានចាត់ទុកទីនោះជា “នរកលើភពផែនដី” (Hell on Earth) ប៉ុន្តែវាក៏នៅតែអាចទាក់ទាញ អ្នកផ្សងព្រេងក្លាហានជាច្រើន ជុំវិញេពិភពលោកដែរ។ 

# ភ្នំ Washington ប្រទេស អាមេរិក

កំពូលភ្នំ Mount Washington នេះបានជាប់កំណត់ត្រាពិភពលោក ជាតំបន់មានខ្យល់បក់ ល្បឿនលឿនបំផុតលើភពផែនដី ដែលល្បឿនខ្យល់អាចឡើងដល់ ៣២៧ គីឡូម៉ែត្រក្នុងមួយម៉ោង។ ជាងនេះទៅទៀត ភ្នំនេះអាចមានសីតុណ្ហភាពធ្លាក់ដល់ -៤០ អង្សារ ព្រមទាំងមានព្រិលធ្លាក់មិនឈប់ឈរ គួរឲ្យគ្រោះថ្នាក់ថែមទៀត។ 

# ភ្នំភ្លើង Sinabung ប្រទេស ឥណ្ឌូនេស៊ី

នេះជាភ្នំភ្លើងសកម្មនៅកោះស៊ូម៉ាត្រា។  វាតែងផ្ទុះជាញឹកញាប់ ដែលលើកចុងក្រោយ កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៦ ជាមួយដុំពពក ឧស្ម័ន ដុំថ្ម និងផេះ កម្ពស់ជាង ២ ៥០០ ម៉ែត្រ។ មនុស្សរាប់ពាន់នាក់ រស់នៅលើកោះនោះគ្មានជម្រក និងពិបាកចិញ្ចឹមជិវិតណាស់ដោយសារតែភ្នំភ្លើងនេះ។ 

# កោះពស់ lha da Queimada Grande ប្រទេស ប្រេស៊ីល

កោះ lha da Queimada Grande ត្រូវបានគេចាត់ទុកថា មានគ្រោះថ្នាក់ណាស់ ដោយសារតែ ទីនោះមានសត្វពស់ពិសកាចសាហាវបំផុតរបស់ពិភពលោក រស់នៅពាសពេញ។ អ្នកស្រាវជ្រាវបានប៉ាន់ស្មានថា ក្នុងមួយម៉ែត្រការ៉េមានពស់ប្រមាណ​ ៥ ក្បាល។   រដ្ឋាភិបាលប្រេស៊ីលបានហាមឃាត់មិនឱ្យភ្ញៀវទេសចរណាម្នាក់ ចូលទៅលេងកោះនោះឡើយ ដើម្បីបង្ការកុំឲ្យមានគ្រោះថ្នាក់កើតឡើង។ 

# ឧទ្យានជាតិ Madidi ប្រទេស បូលីវី

គ្រាន់តែក្រលេកមើល យើងអាចនិយាយបានថាទេសភាពទីនោះស្អាតណាស់ ប៉ុន្តែការពិតវាជាកន្លែងគ្រោះថ្នាក់បំផុត។ ទីនោះជាតំបន់ដែលសំបូរ សត្វសាហាវ និងសត្វមានពិសជាច្រើនសន្ធឹកសន្ធាប់ ព្រមទាំងមានដើមរុក្ខជាតិ ដែលអាចធ្វើឲ្យកើតកន្ទួល រមាស់ និងវិលមុខបានថែមទៀត។ ជាពិសេស បើហ៊ានតែមានរបួស ឬដាច់រហែកស្បែកបន្តិចបន្តូច នោះអ្នកនឹងឆ្លងមេរោគប៉ារ៉ាស៊ីតតំបន់ត្រូពិកជាក់ជាមិនខាន។ 

# ជ្រលង Valley of Death តំបន់ Kamchatka ប្រទេស រុស្ស៊ី

តំបន់ដែលស្ថិតនៅលើទឹកដីរុស្ស៊ីខាងកើតនេះ ជាជ្រលងមរណៈ ដែលមានកំហាប់ឧស្ម័នពុលខ្ពស់។ អ្នកដែលរងការគំរាមកំហែង ពីឧស្ម័នពុលទាំងនេះខ្លាំងបំផុតគឺ រុក្ខជាតិ និងសត្វ រហូតបណ្តាលឲ្យងាប់ និងស្លាប់ភ្លាមៗមួយរំពេច។ រីឯមនុស្សវិញអាច មានអារម្មណ៍មិនស្រួលខ្លួន ក្តៅក្បាល វិលមុខ និងញាក់។ 

# តំបន់ Bikini Atoll កោះ Marshall Islands

ថ្វីត្បិតតែ វាហាក់ដូចជាមានទេសភាពសមុទ្រដ៏ស្រស់ស្អាតពិតមែន ក៏វាជាកន្លែងដែលត្រូវបានទុកសម្រាប់ ធ្វើតេស្តកម្មវិធីនុយក្លេអ៊ែរជាច្រើន និងអាចបង្កជាជំងឺមហារីក ដល់មនុស្សយ៉ាងគួរឲ្យខ្លាច។ សព្វថ្ងៃវាជាកោះដីទំនេរចោល ពោរពេញដោយសារធាតុវិទ្យុសកម្ម។ 

# Elephant Kingdom ខេត្ត Chonburi ប្រទេស ថៃ

នៅក្នុង Elephant Kingdom មានកសិដ្ឋានចិញ្ចឹមក្រពើមួយ ដែលម្ចាស់កសិដ្ឋាននោះ ដាក់ជួលក្បូនតូចមួយ សម្រាប់ភ្ញៀវទេសចរធ្វើដំណើរទស្សនកិច្ច និងឲ្យចំណីសត្វក្រពើ។ គេប្រើ ត្រី សាច់គោ ឬសាច់ផ្សេងៗទៀត សម្រាប់ប្រើជាចំណីក្រពើ។ 

# តំបន់ Afar Depression ប្រទេស អេត្យូពី

ភ្នំភ្លើង Erta Ale ក្នុងតំបន់ Afar ប្រទេស អេត្យូពី ជាភ្នំភ្លើងមួយ ក្នុងចំណោមភ្នំភ្លើង ដ៏គ្រោះថ្នាក់របស់ពិភពលោក។ នៅទីនោះ ឧស្សាហ៍មាន បញ្ហារញ្ជួយដីជាប់ជាញឹកញាប់ រហូតបង្កជាក្រហូង និងស្នាមប្រេះជ្រៅជាច្រើនរាប់មិនអស់។ 

# បឹងទឹកប្រៃ Natron ប្រទេស តង់ហ្សានី

បើនិយាយពីទេសភាពគឺ ពិតជាប្លែកភ្នែក ប៉ុន្តែអំបិលអាល់កាលី ដែលកកជាប់នៅតាមមាត់បឹង ពិតជាមានគ្រោះថ្នាក់ណាស់ ដោយគ្រាន់តែប៉ះ ក៏វាអាចសម្លាប់សត្វមានជីវិតបានភ្លាម។ គេបានហាមឃាត់មិនឲ្យ មានមនុស្សចុះហែលទឹកទីនោះទេ ជាពិសេស មនុស្សយើងមិនអាចនៅទ្រាំនឹងចំហាយអ៊ីដ្រូសែនពីបឹង បានរយៈយូរឡើយ៕ 

ប្រភព៖ Bright Side

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]