រាជធានីភ្នំពេញ ៖ រថយន្តមែរសឺដេស ពណ៌ខ្មៅ បើកក្នុងល្បឿនលឿនបួងចង្កូតមិនទាន់ជ្រុលទៅ បុកដើមត្របែកព្រៃបាក់ជាពីរកំណាត់ រួចជ្រុល ទៅបុកគូទរថយន្តឡិចស៊ីស RX300 ចតនៅមុខផ្សារទំនើប BS ហើយបើករត់ គេចទាំងរថយន្តបែកកង់មុខខាងស្តាំ តែសន្តិសុខ ដេញឃាត់បាន កាលពីវេលាម៉ោង១០និង៣០ នាទីយប់ថ្ងៃទី៣ តុលា ២០១២ ចំណុចទល់មុខផ្សារទំនើប BS តាមមហាវិថីព្រះ មុនីវង្ស ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា ។

ប្រភពព័ត៌មានពីសន្តិសុខយាមនៅមុខធនាគារភ្នំពេញ ពាណិជ្ជជិតកន្លែងកើតហេតុបានឱ្យដឹងថារថយន្តបង្ក បើកតាមមហាវិថីកម្ពុជាក្រោម ពីលិចទៅកើតបត់ស្តាំឆ្ពោះទៅមហាវិថីព្រះមុនីវង្ស ក្នុងល្បឿនលឿនពេកបួងចង្កូតមិនទាន់ជ្រុលទៅបុកដើម ត្របែកព្រៃនៅមុខផ្សារទំនើប BS បាក់ជាពីរកំណាត់រលំសង្កត់លើរថយន្តឡិចស៊ីស RX300 ពណ៌ស្ករ ចតនៅមុខផ្សារទំនើបនោះហើយត្រូវរថយន្តបង្កជ្រុលទៅបុកគូទចំហៀងខាងស្តាំក្រពឹតទៀត ធ្វើឱ្យវេរទទឹងទៅជាប់នឹងធនាគារភ្នំពេញពាណិជ្ជ ។

ពេលឃាត់រថយន្តបានម្ចាស់រថយន្តប្រកែកថារូបគាត់មិនបានបុកទេ មានគេជិះរថយន្តដេញតាមបុកគាត់ តែសន្តិសុខបានប្រាប់ថារូបគេឃើញផ្ទាល់ភ្នែក ហើយសូម្បីតែកាមេរ៉ាសុវត្ថិភាពរបស់ធនាគារក៏មានរូបភាពបុកនោះមិនអាចប្រកែកបានឡើយ ។ រថយន្តបង្ក និងរថយន្តឡិចស៊ីសដែលរងការខូចខាតត្រូវសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅសាលារាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយតាមនីតិវិធី ។

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]