ខេត្តកំពង់ស្ពឺ ៖ យុវជនម្នាក់ឈ្មោះហាន ង៉ោល អាយុ២១ឆ្នាំ បានត្រូវរន្ទះភ្លើងបាញ់ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៤ កញ្ញា នៅខាងលិចភូមិអូរស្នួល ឃុំទ័ពមាន ស្រុកថ្ពងចម្ងាយប្រមាណ១.៥០០ម៉ែត្រពីភូមិ ហើយអ្នកភូមិអះអាងថា ស្លាប់ទើបដឹកមកផ្ទះ ផ្ទុយទៅវិញគេនៅមានជីវិតរស់ ក្រោយពីម្តាយជាស្ត្រីមេម៉ាយ និងបងប្អូនអ្នកភូមិត្រៀមមីក្រូធ្វើបុណ្យទៅហើយនោះ ។

អ្នកភូមិនិងម្តាយយុវជនរងគ្រោះរៀបរាប់ថា កូនប្រុសគាត់បានចេញពីផ្ទះដេញ គោទៅឃ្វាលម៉ោង១១ព្រឹក លុះមេឃងងឹតភ្លៀងខ្លាំងក៏ដេញគោមកផ្ទះវិញ រួមជាមួយក្មេងៗក្នុងភូមិ៦ទៅ៧នាក់ទៀត ។ ពេលនោះស្រាប់តែមានរន្ទះភ្លើងបែកផ្កា ភ្លើងព្រាកងាកមើលទៅកូនគាត់ឃើញដួលលើដីទៅ ហើយនៅក្រោមតំណក់ទឹកភ្លៀងស្ទើររហែកមេឃនោះ ។ ភ្លាមៗគេពុំហ៊ានទៅជិតជនរងគ្រោះទេ រហូតនៅត្រឹមតែរលឹមទើបបងប្អូននិងម្តាយទៅមើល និងអស់សង្ឃឹមហើយបងស្រីបង្កើតឈ្មោះហាន អីុម បានលើកប្អូនអៀវដើរតិចៗរហូតដល់ ផ្ទះក៏ដាក់លើគ្រែគ្របក្រណាត់ ។

ប្រភពដដែលបន្តទៀតថា រហូតដល់ម៉ោងប្រមាណ៩ទៅ១០ព្រឹកថ្ងៃទី២៥ កញ្ញា ជនរងគ្រោះដែលគ្របក្រណាត់នោះបាន កម្រើកជើងដៃទើបធ្វើឱ្យមានការភ្ញាក់ផ្អើល ។ ខណៈនោះម្តាយស្ទុះទៅបើកក្រណាត់ គ្របចេញឃើញកូនគាត់បើកភ្នែកព្រឹមៗឡើងវិញ ដោយនិយាយខ្សាវៗស្ទើរមិនចេញសុំផឹកទឹក និងទារបាយហូប ។ ដោយក្តីត្រេកអរដែលកូននៅមានជីវិត ពួកគាត់ក៏ដាំបបរយកមកបញ្ចុកកូនបន្តិចម្តងៗ ហើយអ្នកភូមិនិងបងប្អូនបាននាំគ្នាមកមើលជុំជិត ។ ហេតុការណ៍នេះស្ទើរតែមិនគួរឱ្យជឿដែលយុវជនហាន ង៉ោល បានរស់ឡើងវិញ និងអាចកម្រើកផ្អៀងខ្លួនបានតិចៗទើបគេឃើញនៅខ្នង និងគូទមានស្នាមរលាកដោយភ្លើងរន្ទះដូចគេស្រោចទឹកក្តៅ ឯសក់ក្បាលឆេះដោយអន្លើ និងទ្រូងជាំខ្មៅផង ។ ដោយសារតែបានដឹងខ្លួនវិញហើយអាចហុតទឹកបបរបាន ក្រុមគ្រួសារនិងអ្នកភូមិក៏ឱ្យយោបល់ដោយសុំឱ្យពេទ្យជួយព្យួរសេរ៉ូមផងដែរ ។ មកដល់ពេលនេះ ជនរងគ្រោះពុំអាចដើរបានទេ តែអាចងើបអង្គុយបានដោយបងប្អូនឬម្តាយជួយទប់ និងអាចហូបបបរបានខ្លះៗហើយ ។

ស្ត្រីជាម្តាយឈ្មោះហាន ផេង អាយុ៦៤ឆ្នាំ ចិញ្ចឹមកូន១១នាក់ ក្នុងបន្ទុកសព្វថ្ងៃ ប៉ុន្តែក៏មានកូនប្រុសស្រីចំនួន៣នាក់ផងដែរ បានចូលធ្វើការរោងចក្រកាត់ដេរគ្រាន់ជួយជីវភាពទាំងអស់គ្នា។ ចំពោះយុវជនហាន ង៉ោល ជាកូនទី៧ នៅលីវ ជាអ្នកជួយភ្ជួររាស់ និងឃ្វាលគោក្នុងគ្រួសារ។ ការរស់ឡើងវិញនេះត្រូវបានអ្នកសារព័ត៌មានយើងចុះថតរូបភាពផ្ទាល់ថា ជនរងគ្រោះស្ថិតនៅលើកន្ទេលព្យួរសេរ៉ូម និងនិយាយនៅរវើរវាយនៅឡើយ ។

ក្តីកង្វល់របស់អ្នកភូមិនិយាយថា បើការព្យាបាលពុំបានដិតដល់នឹងពុំអាចសង្គ្រោះយុវជនរងគ្រោះឱ្យឆាប់ជាសះស្បើយបានទេ តែពិតជាលំបាកដោយសារក្រុមគ្រួសារនេះក្រីក្រដែលគ្មានលទ្ធភាពព្យាបាលឱ្យបានត្រឹមត្រូវឡើយ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]