រុស្ស៊ី៖ សារព័ត៌មានដេលីម៉ែល បានចុះផ្សាយកាលពីថ្ងៃទី ០៤ មេសា ឆ្នាំ២០១៧ ថា ប្រទេសរុស្ស៊ី បានចាប់ផ្តើមដាក់ដំណើរការកំពូលនាវាមុជទឹកកដ៏ខ្លាំងក្លាបំផុតរបស់ខ្លួន ដែលគេនិយាយថា មានសមត្ថភាពអាចបាញ់ក្បាលគ្រាប់នុយក្លេអ៊ែរ ចំគោលដៅលើដីគោក នៅរយៈចម្ងាយដល់ទៅ ២ ៤០០ គីឡូម៉ែត្រ។

ប្រភពព័ត៌មានបានឲ្យដឹងថា នាវាមុជទឹកនុយក្លេអ៊ែរមួយនេះមានឈ្ម៉ោះថា Kazan ដែលជានាវាមុជទឹកជំនាន់ទីបួនប្រភេទ Project 885 Yassen ដោយបានចាប់ផ្តើមសាងសង់ឡើងតាំងពីឆ្នាំ ២០០៩ និងបានដាក់ដំណើរការជាផ្លូវការ កាលពីថ្ងៃសុក្រទី៣១ មីនា ក្នុងទីក្រុង Severodvinsk ភាគខាងជើងប្រទេសរុស្ស៊ី។

ប្រភពបន្តថា នាវាមុជទឹកដែលមានបច្ចេកវិទ្យាខ្ពស់មួយនេះ ត្រូវគេនិយាយថា វាជានាវាដែលដូចនាវាក្នុងសម័យសូវៀត និងមានសមត្ថភាពអាចវាយលុកដល់ឆ្នេរសមុទ្រ ភាគខាងកើតរបស់អាមេរិក ដោយចេញពីទីតាំងនៅកណ្តាលសមុទ្រអាត្លង់ទិក។

បើយោងតាមទីភ្នាក់ងារសារព័ត៌មាន TASS បានឲ្យដឹងថានាវានេះត្រូវបានដាក់ដំណើរការនៅរោចក្រ Sevmash Shipyard ផ្ទាល់តែម្តង ដែលជាកន្លែងត្រូវបានផលិត។ លោក Mikhail Budnichenko នាយកប្រតិបត្តិរងនៃក្រុមហ៊ុនផលិតនាវានេះ បានបញ្ជាឱ្យមេបញ្ជាការនាវាមុជទឹក លោកវរនាវីឯក Aleksandr Beketov គាស់ដបស្រាសាំប៉ាញដើម្បីអបអរការដាក់ដំណើរការនេះ។

គួរបញ្ជាក់ថា ក្រៅពីកំពូលនាវាមុជទឹកមួយនេះ រុស្ស៊ីក៏កំពុងធ្វើការផលិតនាវាមុជទឹក Kazan ជំនាន់ថ្មីមួយទៀត នៅក្នុងរោងចក្រផលិតនាវា Sevmash shipyards ផងដែរ ដោយនឹងត្រូវប្រគល់ទៅឱ្យកងនាវារុស្ស៊ី ភាគខាងជើង ប្រើប្រាស់ជាផ្លូវការនាឆ្នាំ២០១៨ ខាងមុខនេះ ហើយនៅត្រឹមឆ្នាំ២០២៣ កំពូលនាវាមុជទឹកចំនួន ៧គ្រឿង នឹងត្រូវដាក់ឲ្យប្រើប្រាស់ជាផ្លូវការ៕ 

ប្រភព៖ Dailymail

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ រថយន្តប៉ូលិស Bugatti Veyron ក្នុងក្រុងឌូបៃ ជាប់កំណត់ត្រាពិភពលោក ជារថយន្តប៉ូលិសលឿនបំផុត

សារព័ត៌មាន CNN បានចុះផ្សាយថា រថយន្តប៉ូលិសម៉ាក Bugatti Veyron នៅក្នុងក្រុងឌូបៃ ត្រូវបានប្រកាសថាជា រថយន្តប៉ូលិសលឿនជាងគេបំផុតលើពិភពលោកជាផ្លូវការ ចុះក្នុងសៀវភៅកំណត់ត្រា Guinness World Records ដែលអាចបង្កើនល្បឿនអតិបរិមារហូតដល់ ៤០៧ គីឡូម៉ែត្រក្នុងមួយម៉ោង។

ប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តប៉ូលិសម៉ាក Bugatti Veyron នេះត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ ២០១៦ ដោយចំណាយប្រាក់អស់ ១.៦លានដុល្លារ ប៉ុន្តែវាមិនមែនជារថយន្តស្ព័រ ល្បឿនលឿនរបស់កងកម្លាំងប៉ូលិសទីក្រុងឌូបៃទីមួយនោះទេ ដោយសារពួកគេមានរថយន្តស្ព័រចំនួន ១៤ គ្រឿងរួចទៅហើយ ដូចជារថយន្តម៉ាក Ferrari FF រថយន្ត Lamborghini Aventador និង Aston Martin One-77 ដែលផលិតតែ ៧៧គ្រឿងក្នុងលោក ជាដើម និងប្រភេទរថយន្តទំនើបៗមួយចំនួនទៀត។

គួររំឮកថា អ្នកកាន់កាប់កំណត់ត្រាដំបូង ជាកម្មសិទ្ធិរបស់កងកម្លាំងប៉ូលិសអ៊ីតាលី ដែលបានប្រើប្រាស់រថយន្តស្ព័រ ប្រភេទ Lamborghini Gallardo LP560-4 ដែលអាចបង្កើនល្បឿនអតិបរិមា ៣៧០ គីឡូម៉ែត្រក្នុងមួយម៉ោង។

ប្រភពបានបន្តថាក្រុមរថយន្តទំនើបរបស់ប៉ូលិសឌូបៃ ត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ ២០១៣ ដើម្បីជួយលើកកម្ពស់មុខមាត់សាធារណៈរបស់កងកម្លាំងប៉ូលិស។ ប៉ុន្តែរថយន្តទំនើបទាំងនេះមិនមែនប្រើសម្រាប់បើកប្រដេញបទល្មើសនោះទេ គឺវាត្រូវបានប្រើប្រាស់ដើម្បី បើកបរត្រូតពិនិត្យនៅជុំវិញតំបន់ទេសចរណ៍ និងសម្រាប់ជាការទាក់ទាញចំណាប់អារម្មណ៍។

ទន្ទឹមនឹងការប្រើប្រាសរថយន្តឆើតឆាយ ប៉ូលិសក្រុងឌូបៃ ក៏ចង់បង្ហាញពីសមភាពយេនឌ័រ របស់ខ្លួនផងដែរ ដោយការបង្ហាញពីការពិតដែលថាភាគច្រើននៃអ្នកបើកបររថយន្តប៉ូលិសទាំងនោះ គឺជាស្ត្រី និងមានភាពរួសរាយរាក់ទាក់ខ្លាំងមែនទែន។ ភាពរួសរាយរាក់ទាក់ គឺពិតជាសំខាន់មែនទែន ព្រោះថាមនុស្សម្នាតែងតែមកនិយាយលេងសើច ដោយសុំឲ្យប៉ូលិសចាប់ខ្លួនពួកគេ ដូច្នេះពួកគេអាចចូលជិះក្នុងរថយន្ទទំនើបទាំងនោះហើយ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រុមមន្ត្រីប៉ូលិសឌូបៃ ចង់ពង្រឹងដល់ការរក្សាបរិស្ថាន និងមានគម្រោងប្រើប្រាស់រថយន្តហាយប្រ៊ីដ និង អគ្គីសនី ក្នុងចំនួន ២៥ភាគរយ នៃបណ្តុំរថយន្តរដ្ឋាភិបាលនៅត្រឹមឆ្នាំ ២០៣០៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]