ខេត្តកំពត ៖ ក្មេងស្ទាវ២នាក់ត្រូវនគរបាលប៉ុស្តិ៍ឃុំថ្មី ស្រុកទឹកឈូ ឃាត់ខ្លួនបញ្ជូនទៅកាន់ការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាលខេត្ត កាលពីយប់ថ្ងៃទី១ តុលា ខណៈពួកគេមានគ្នា៤នាក់ ជិះម៉ូតូសង់កូរ៉េ ពណ៌ក្រហម១គ្រឿង ឌុបគ្នាលើផ្លូវជាតិលេខ៣ ត្រង់ចំណុចជិតវត្តពោធិ៍ ហើយទម្លាក់ចន្ទល់ម៉ូតូអូសឆ្កូតតាមផ្លូវធ្វើឱ្យបែកផ្កាភ្លើង ។ យុវជនដែលត្រូវឃាត់ខ្លួនឈ្មោះ មេក លីដា ហៅសៅ អាយុ២០ឆ្នាំ រស់នៅក្នុងភូមិវត្តពោធិ៍ ឃុំស្ទឹងកែវ និងយុវជនម្នាក់ទៀតឈ្មោះ លឿង តន អាយុ២៣ឆ្នាំ រស់នៅភូមិកំពង់ចិន ឃុំស្ទឹងកែវ ។

លោក មាស នាន នាយរងនគរបាលប៉ុស្តិ៍ឃុំថ្មី បាននិយាយថា ក្រុមក្មេងស្ទាវនេះមានគ្នា៤នាក់ បានជិះម៉ូតូឌុបគ្នានៅលើដងផ្លូវជាតិលេខ៣ មុខវត្តពោធិ៍ ក្នុងចំណោមពួកគេទាំង៤នាក់មានម្នាក់បានយកជើងម្ខាងធាក់ចន្ទល់ម៉ូតូឱ្យឆ្កូតនៅលើថ្នល់ធ្វើឱ្យបែកផ្លាភ្លើងព្រាតផ្អើលអ្នកដំណើរតាមដងផ្លូវ ទើបនគរបាលជិះម៉ូតូដេញតាមរហូតឃាត់បាន២នាក់ និង២នាក់ទៀតបានរត់រួច ។

លោកវរសេនីយ៍ឯក អុិន ជីវ៉ា ស្នងការរងនគរបាលខេត្ត និងជាប្រធានការិយាល័យកណ្តាលនគរបាលយុត្តិធម៌បានមានប្រសាសន៍ថា ក្មេងស្ទាវ២នាក់ដែលនគរបាលឃាត់ខ្លួនត្រូវបានធ្វើការអប់រំ រួចឱ្យឪពុកម្តាយរបស់ពួកគេមកធានាចំពោះមុខច្បាប់បើសិនជាមានករណីបែបនេះនៅលើកក្រោយទៀត គឺមិនអាចលើកលែងទោសបានទេ ហើយអនុញ្ញាតឱ្យពួកគេត្រឡប់ទៅផ្ទះវិញ ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]